អភិបាលខេត្តព្រះសីហនុស្នើឧកញ៉ាម្នាក់បញ្ឈប់ចាក់ដីលុបឆ្នេរសមុទ្រ

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រជុំការងារពីការរៀបចំសណ្ដាប់ធ្នាប់ មុនឆ្នាំ២០១៩មកដល់។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុស្នើទៅឧកញ៉ាម្នាក់ឲ្យបញ្ឈប់សកម្មភាពចាក់ដីបំពេញតាមដងព្រែកកោះខ្យងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ជាបន្ទាន់ ដោយថា ការចាក់ដីនោះ ធ្វើឲ្យខូចទីជម្រាល ប៉ះពាល់ជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ឆ្នេរ។

ក្នុងលិខិតចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានប្រាប់ទៅ ​ ឧកញ៉ាម្នាក់ដែលជាប្រធានក្រុមហ៊ុន អេច.ធី.ធី.អេច អាយលែនអ៊ិនវិសមេន ឯ.ក ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុននេះ បានស្នើសុំសាងសង់កំពង់​ចម្លង​មួយ​ជា​លក្ខណៈ​បណ្ដោះ​អាសន្ន ហើយរដ្ឋបាលខេត្តក៏​យល់​ព្រម ​ដោយឲ្យក្រុមហ៊ុនជីក​យក​ដី​​សាងសង់​​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហមដែលមានទីតាំងស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់។

លិខិតដដែលថា ដើម្បី​ចៀសវាង​នូវ​ផល​ប៉ះពាល់អវិជ្ជមានផ្សេង​ៗជាយ​ថា​ហេតុ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ក៏​បាន​ណែនាំ​ទៅ​ម្ចាស់​ក្រុមហ៊ុន​បំពេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួនមុននឹងសាងសង់ ប៉ុន្តែក្រុមហ៊ុនពុំ​បាន​អនុវត្ដ​ស្រប​តាម​​ឡើយ។

លិខិតថា៖ «​ស្រប​ជាមួយ​នឹង​សកម្ម​ភាព​ករណី​ការ​ជីក​យក​អាចម៍​ដីទៅ​ចាក់​ធ្វើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​របស់​ក្រុម​ហ៊ុន​លោក​ឧកញ៉ា ក្រសួង​បរិស្ថាន​ពិនិត្យ​ឃើញ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ ជា​ពិសេសធ្វើ​ឲ្យ​ខូច​ទី​ជម្រាលប៉ះពាល់​ជីវ​ចម្រុះនិង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ឆ្នេរ​»

នៅពេលអ្នកសារព័ត៌មានសួរថា តើមានក្រុមហ៊ុនប៉ុន្មានដែលបានចាក់ដីលុបសមុទ្រ? តើក្រុមហ៊ុនឈ្មោះអ្វីខ្លះ? អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឱ សារឿន ថា លោកមិនទាន់មានរបាយការណ៍ទាំងអស់នេះ ប៉ុន្តែអាជ្ញាធរបានឲ្យក្រុមហ៊ុនចំនួន៤កាយដីចេញពីសមុទ្រវិញ ដោយលោកមិនបានប្រាប់ឈ្មោះក្រុមហ៊ុនដែលអាជ្ញាធរឲ្យកាយដីចេញនោះទេ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជាប្រចាំខេត្តព្រះសីហនុ (CNRO) ​លោក សុខ សុខុម  សម្ដែងការសោកស្ដាយ ដោយថា អាជ្ញាធរគួរតែចាត់វិធានការចំពោះក្រុមហ៊ុនដែលបានរំលោភច្បាប់នោះ ។

លោកថា៖ «អញ្ចឹងបានជាអ្នកមានលុយមានឥទ្ធិពល គាត់ចេះតែចាក់លុបសមុទ្រអត់មានទោសអីផង គាត់ចាក់ទៅបើសិនជាមិនឃាត់គាត់បានសម្រេចបានជោគជ័យទៅ គាត់បានដីទៅ។ ហើយបើគេដឹងទៅ គេចុះទៅហាមឃាត់ធ្វើកំណត់ហេតុទៅ ហើយថ្ងៃក្រោយសម្រួលផ្លូវច្បាប់ទៀតទៅ»

លោក សុខ សុខុម បន្តថា ការចាក់ដីលុបសមុទ្រក៏កំពុងកើតឡើងនៅក្នុងខេត្តព្រះសីហនុ គឺមាននៅពយកំពេញ  ឆ្នេរសែនសុខ  ឆ្នេរព្រែកត្រែង និងឆ្នេរសមុទ្រមួយកន្លែងទៀតស្ថិតឃុំទំនប់រលកស្រុកស្ទឹងហាវ​ ។

លោកបន្តថា ការចាក់ដីលុបចូលក្នុងសមុទ្រចេះតែកើតឡើងជាបន្តបន្ទាប់នេះ ដោយសារ អាជ្ញាធរមិនបានចាត់វិធានការផ្លូវច្បាប់ទៅលើម្ចាស់ក្រុមហ៊ុនទាំងអស់នោះ ។

កាលពីថ្ងៃទី១៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជាបន្ទាន់មួយឲ្យក្រសួងរៀបចំ​ដែនដីចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែងស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ​​ខេត្ត​ព្រះសីហនុ​ ចេញ​វិញ បន្ទាប់រកឃើញថា ឆ្នេរ​សមុទ្រ​មួយ​នេះ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយឡែកកាលពីថ្ងៃទី១៥ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យអភិបាលខេត្តព្រះសីហនុស្តារមុខមាត់ខេត្តនេះឡើងវិញ និងទប់ស្កាត់កុំឲ្យមានសកម្មភាពចាក់ដីលុបសមុទ្របន្តទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ