គ្រូបង្រៀន២រូបនៅកំពង់ធំ ចោទមន្ទីរអប់រំ ថារឹតត្បិតពួកគាត់ដោយសារគាំទ្រ CNRP

រូបភាព គ្រូបង្រៀន នៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ ម្នាក់ឈ្មោះ លោក គ្រូ ថៃ ធីម យកលិខិតអន្តរាគមន៍ នៅមន្ទីរ ដើម្បីឱ្យបំភ្លឺករណី ដកលោកពីគ្រូបង្រៀននៅវិទ្យាល័យនេះ ប្តូរទៅ ឱ្យបំពេញការងារនៅការិយាល័យអប់រំក្រុងស្ទឹងសែនវិញ។ រូបភាព៖ ផ្ដល់ឲ្យ / នៅរសៀលថ្ងៃទី ១៩ ធ្នូ ២០១៨

គ្រូបង្រៀន២រូបនៅខេត្តកំពង់ធំចោទមន្ទីរអប់រំថា រើសអើងហើយផ្លាស់ប្តូរពួកគាត់​ចេញពីកន្លែងបង្រៀនចាស់ទៅកន្លែងការងារថ្មីថា ជារឿងអយុត្តិធម៌និងជាការព្យាយាមធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ​។

គ្រូ​នៅវិទ្យាល័យកំពង់ធំ បង្រៀនផ្នែកបារាំង-ខ្មែរ និងជាអតីតសមាជិកគណៈកម្មាធិការប្រតិបត្តិខេត្តគណបក្សសង្រ្គោះជាតិ លោក ថៃ ធីម មានប្រសាសន៍ថា ការផ្លាស់ប្តូរកន្លែងការងាររបស់លោកពេលនេះ ដោយ​ថាធ្វើឡើងទាំងបង្ខំនិងជារឿងនយោបាយតែម្តង។

លោកបន្ថែមថា ក្នុងការបង្រៀនជាង២០ឆ្នាំ លោកមិនដែលធ្លាប់រងការស្តីបន្ទោសឬព្រមានដោយផ្ទាល់មាត់ ឬ លាយលក្ខណ៍អក្សរទេ ប៉ុន្តែបែរជាមន្ទីរអប់រំខេត្តសម្រេចដកលោកចេញពីការបង្រៀននៅវិទ្យាល័យកំពង់ធំ ឱ្យទៅធ្វើជាមន្ត្រីនៅការិយាល័យអប់រំក្រុងស្ទឹងសែនទៅវិញ។

លោកមានប្រសាសន៍ថា៖ «បាទ! ដូច្នេះការដកនេះ គឺជាការធ្វើតាមបញ្ជារបស់អ្នកនយោបាយដែលអ្នកនយោបាយគេចង់បានឱ្យខាងមន្ទីរអប់រំហ្នឹង គេយកខ្ញុំចេញពីវិទ្យាល័យកំពង់ធំព្រោះវិទ្យាល័យកំពង់ធំជាវិទ្យាល័យដែលសំបូរទៅដោយគ្រូច្រើននិងសិស្សច្រើន។សិស្ស២ពាន់​៧រយជាងនាក់។ ដូច្នេះ គេខ្លាចខ្ញុំ ញុះញង់ឬក៏ធ្វើនយោបាយបង្រៀននយោបាយដល់លោកគ្រូអ្នកគ្រូនៅទីហ្នឹង»។

កាលពីថ្ងៃទី៥ និងទី៩ ខែធ្នូ មន្ទីរអប់រំ យុវជន និងកីឡា បានចេញលិខិតបង្គាប់ពីរដាច់ដោយឡែកពីគ្នា ដោយលិខិតមួយចាត់ឱ្យលោក ថៃ ធីម ជាគ្រូកម្រិតមូលដ្ឋានឯកទេស បារាំង-ខ្មែរនៅវិទ្យាល័យកំពង់ធំ ត្រូវទៅបំពេញការងារនៅការិយាល័យអប់រំក្រុងស្ទឹងសែនជំនួសវិញ។

ចំណែកលិខិតមួយទៀត មន្ទីរអប់រំសម្រេចផ្លាស់ប្តូរគ្រូបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរ និងសីលធម៌ពលរដ្ឋវិជ្ជា នៅសាលាអនុវិទ្យាល័យឧទុម្ពរ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ម្នាក់ គឺ លោក ស៊ុន ធន់ ទៅកាន់សាលាអនុវិទ្យាល័យ ហ៊ុន សែន ទួលដំណាក់ ដោយ លោក ស៊ុន ធន់ ថាស្ថិតនៅឆ្ងាយពីផ្ទះជាង១០គីឡូម៉ែត្រ​។

លិខិតបង្គាប់ការទាំងពីរនេះ បញ្ជាក់ថា ការផ្លាស់ប្តូរនេះ ធ្វើឡើងគឺយោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការវាយតម្លៃការងារបុគ្គលិកនៃមន្ទីរអប់រំខេត្តនេះកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

គ្រូបង្រៀននៅអនុវិទ្យាល័យឧទុម្ពរ និងអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំគណបក្សសង្រ្គោះជាតិ លោក ស៊ុន ធន់ យល់ថាការសម្រេចផ្លាស់ប្តូរនេះ គឺជាការព្យាយាមធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកមើលពួកគាត់ដែលជាអតីតមន្ត្រីគណបក្សប្រឆាំង ហើយមិនបានចុះចូលជាមួយបក្សកាន់អំណាចតែម្តង។

លោកមានប្រសាសន៍ថា៖ «នៅជិតផ្ទះជិតសាលា ជាឱកាសយើងប្រកបមុខរបរចិញ្ចឹមជីវិតផ្សំ នឹងប្រាក់ខែក៏កម្សត់ហ្នឹង។ អីចឹងហើយ គេឱ្យយើងទៅឆ្ងាយ គេឱ្យយើងលំបាក ធ្វើម៉េចគេ។ និយាយឱ្យអស់ទៅ ដោយសារតែយើងមិនចុះចូលគណបក្សប្រជាជន ហ្នឹងយុទ្ធសាស្ត្ររបស់គេ​»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក ជូ វុនធី មានប្រសាសន៍យ៉ាងខ្លីថា ករណីប្តូរគ្រូបង្រៀននេះ ជាការចាំបាច់ក្នុងការផ្លាស់ប្តូរ​មន្ត្រីរាជការស៊ីវិល។

លោកបន្តថា៖«វាជាការចាំបាច់របស់មន្ត្រីរាជការស៊ីវិល គេត្រូវការផ្លាស់ប្តូរ តាមចិត្ត»។

យ៉ាងនេះក្តី គ្រូបង្រៀនទាំងពីររូប បានដាក់លិខិតទៅមន្ទីរអប់រំខេត្តឱ្យបំភ្លឺជុំវិញបញ្ហានេះ ហើយគ្រោងនឹងដាក់លិខិតសុំកិច្ចអន្តរាគមន៍ទៅក្រសួងអប់រំ ព្រមទាំងទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាដើម។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ករណីផ្លាស់ប្តូរកន្លែងបង្រៀនរបស់លោកគ្រូ​ទាំងពីរនាក់នោះ ដោយថា ខាងមន្ទីរអប់រំមិនបានអនុវត្តតាមនីតិវិធីឡើយ ប៉ុន្តែមានចេតនានយោបាយច្រើនជាងទៅវិញ។ អ្នកស្រីយល់ថា ការបំពេញការងារបែបនេះ ​ គឺបណ្តាលប៉ះពាល់ដល់វិស័យអប់រំ​។

អ្នកស្រីបន្ថែមថា៖ «ចំពោះលោកគ្រូអ្នកគ្រូយើងកន្លងមក កន្លងមកដែលត្រូវបានគេលុបឈ្មោះ ដោយគេត្រូវពង្រាយ។ ទោះបីជាគ្រូហ្នឹងល្អប៉ុណ្ណា ក៏ពួកគាត់ត្រូវយកធ្វើយ៉ាងណាឱ្យពួកគាត់ខ្ចាត់ខ្ចាយ ដើម្បីបំបាក់ស្មារតីលោកគ្រូអ្នកគ្រូដទៃទៀត លែងឱ្យហ៊ានចេញមុខតវ៉ា ទាមទារអ្វីមួយ ដែលពួកគាត់ចង់បាន»។

​ខេត្តកំពង់ធំ មានគ្រូបង្រៀនសរុបជាង៥ពាន់នាក់ និងមាន​សាលារៀនតាំងពីបឋមសិក្សា រហូតដល់វិទ្យាល័យមានចំនួនសរុបជាង៧រយ ​(៧៧០)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ