ចិន​ ចេញមុខ​ជំទាស់​យ៉ាង​ខ្លាំងនូវគោលនយោបាយ​​ការពារជាតិថ្មីរបស់ជប៉ុន

អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោកស្រី​ Hua Chunying បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាល​ពីថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ក្រសួងការពារប្រទេសចិន

ប្រទេសចិន​ បាន​សម្តែងការមិន​​ពេញចិត្ត​ជា​ខ្លាំង​ចំពោះ​ករណីដែល​ជប៉ុន​បង្កើនថវិកាការពារ​ជាតិ ដោយថា ​ទង្វើរបស់​ជប៉ុនបែបនេះ​នឹងមិនធ្វើឲ្យទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ​ល្អប្រសើ​រ​នោះទេ។

​ការជំទាស់​របស់​ចិ​ន​បែបនេះ ធ្វើឡើងបន្ទាប់​ពីរដ្ឋាភិបាល​ជប៉ុនបានប្រកាស​ពីផែនការ​​បង្កើន​ថវិកាការពារ​ជាតិ​១០ភាគរយ​ថែម​ទៀតក្នុងរយៈពេល​៥ឆ្នាំខាងមុខ។

អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោកស្រី​ Hua Chunying បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាល​ពីថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៨ ថា សកម្មភាព​របស់​ជប៉ុន​ពេលនេះមិន​បាន​បង្កើត​បរិយា​កាសដែល​​ជួយធ្វើឲ្យទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន ក៏ដូច​ជា​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​ប្រសើ​រ​ឡើយ។ លោកស្រី​បន្តថា ​ចិន​មិន​ពេញចិត្ត​ និង​ជំទាស់ជាខ្លាំង​ចំពោះសេចក្តី​សម្រេច​​របស់​ជប៉ុនបែបនេះ។

អ្នកនាំពាក្យក្រសួងការបរទេស​ចិនរូបនេះ បន្ថែមថា ​តាមអ្វី​ដែល​ធ្លាប់​កើតឡើងក្នុង​​​ប្រវត្តិសាស្រ្ត​ រាល់ការ​វិវត្តក្នុងវិស័យ​​យោ​ធា​របស់​ជប៉ុន ប្រទេសជិតខាងក្នុង​តំបន់​អាស៊ី​និង​សហគមន៍អន្តរជាតិ​តែងតែតាមដាន​ដោយ​យ​កចិត្តទុកដាក់។ លោកស្រី​ Hua Chunyin ក៏បានជម្រុញទៅភាគី​ជប៉ុន​ផងដែរ​ថា​ ត្រូវតែ​រក្សានៅ​ការប្តេជ្ញាចិត្តរបស់​ខ្លួន​ដែល​ថាការ​បង្កើន​ថវិកា​ការពារ​ជាតិនេះ​ជាយុទ្ធសាស្ត្រការពារខ្លួន​សុទ្ធសាធ។

លោកស្រី​ Hua Chunyin ក៏បានច្រាន​ចោល​ផងដែ​រចំពោះការលើកឡើងរបស់​ភាគីជប៉ុន​ដែលថា ​ចិនកំពុងគំរាម​​កំហែងខ្លួន​ ដោយថា ​ការចោទប្រកាន់នោះគ្មានមូលដ្ឋាន​ច្បាស់លាស់​ព្រោះថា​ សកម្មភាព​និងការកសាង​មូលដ្ឋាន​យោធាកន្លងមក​របស់ចិន ​គឺធ្វើ​ឡើង​ជា​ធម្មតា​តែប៉ុណ្ណោះ។

​គណៈរដ្ឋមន្រ្តី​របស់​ លោក ស៊ិនហ្សូ ​អាបេ កាលពីថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨  បាន​សម្រេចបង្កើន​ថវិកាចំណាយលើវិស័យការពារជាតិ ​រហូតដល់​២៤០ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​៥ឆ្នាំ ​គិតចាប់​ពីឆ្នាំ​២០១៩ ដល់​ឆ្នាំ២០២៤។ ការសើរើ​ផែនការការពារជាតិ​របស់​ជប៉ុន​នេះ ធ្វើឡើងតាម​សំណើររបស់​​លោក ស៊ិនហ្សូ ​អាបេ ក្រោយ​ពីមានការបាញ់បង្ហោះ​​មីស៊ីល​របស់​កូរ៉េ​ខាងជើង​កាលពីឆ្នាំមុន​។ មូល​ហេតុមួយ​ផ្សេង​ទៀតដែល​ត្រូវបានរដ្ឋាភិបាល​​ជប៉ុន​លើកយក​មក​ការពារ​ផែន​ការថ្មី​របស់​ខ្លួននោះ ​គឺការបារម្ភពី​ឥទ្ធិពល​យោធារបស់​ចិន​នៅក្នុងតំបន់។

​ផែនការ​ការពារជាតិថ្មីនេះនឹង​ជួយបង្កើនសមត្ថភាព​ការពារ​ជាតិ​របស់ជប៉ុនមូយកម្រិតទៀត។ តាមរយៈផែនការការពារជាតិ​ថ្មីនេះ ជប៉ុននឹងមាន​នាវាផ្ទុកយន្តហោះជាលើកដំបូង​តាំង​ពី​ប្រទេស​នេះចាញ់​សង្រ្គាម​លោក​លើកទី​២​ កាលពីឆ្នាំ១៩៤៥។ ក្រៅ​ពីនេះជប៉ុន ក៏នឹង​ដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។ ទោះបី​មាន​ការរិះគន់​យ៉ាងណាក្តី​ រដ្ឋាភិបាលលោក ​អាបេ ថា​គោលនយោបាយ​​ការពារជាតិ​ថ្មីនេះមិន​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញជប៉ុននោះទេ ព្រោះ​វា​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ការពារ​ជប៉ុន​​​ពី​ការគំរាម​កំហែងពីសត្រូវ​ខាងក្រៅ​តែប៉ុណ្ណោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ