លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយលោកថា ព័ត៌មានទាំងនោះកំពុងបំពុលបរិយាកាសសង្គម។
តាមសាលិខិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្ដីពីការប្រយុទ្ធប្រឆាំងសារព័ត៌មានក្លែងក្លាយនៅថ្ងៃទី២១ ខែធ្នូ ២០១៨ មេដឹកនាំរូបនេះ រំលឹកទៅកាន់ក្លឹបអ្នកកាសែតទប់ស្តាត់ព័ត៌មានក្លែងក្លាយ ដោយថា ព័ត៌មានទាំងអស់កំពុងបំពុលបរិយាកាសសង្គម ដោយមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកអំពាវនាវទៅអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកម្មលើកវិស័យសារព័ត៌មាននៅកម្ពុជាត្រូវអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ ជៀសវាងនូវការផ្សាយព័ត៌មានមិនពិត ឬ ព័ត៌មានមានតែមួយជ្រុងនោះ។
លោកថា៖
«ដោយសារតែគំនុំដោយពុំគិតពីក្បួនខ្នាតក្រឹត្យក្រមនៃសារព័ត៌មានហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ញុះញង់ឲ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសជាតិឲ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខឬបង្កឲ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឲ្យអន្តរាយដល់ប្រទេសជាតិដែលជាអំពើខុសច្បាប់មិនអាចអត់អោនឲ្យជាដាច់ខាត»។
ក្លឹបអ្នកកាសែតកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយអំពាវនាវទៅអ្នកសារព័ត៌មានអាជីពត្រូវធ្វើសកម្មភាពឲ្យកាន់តែសកម្ម និងគ្រប់រូបភាពដែលអាចធ្វើបាន ដូចជា ការប្រើប្រាស់បណ្ដាញសង្គម និងអង្គភាពសារព័ត៌មានរបស់ខ្លួនផ្ទាល់ ដើម្បីទប់ស្កាត់ និងបន្សាយព័ត៌មានក្លែងក្លាយ។ ក្រៅពីនោះ ក្លឹបអ្នកកាសែត ក៏បានអំពាវនាវទៅអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់បញ្ឈប់នូវផលិត ការផ្សព្វផ្សាយ , Like Comment និង Share ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់នៅលើបណ្ដាញសង្គមរបស់ខ្លួនតទៅទៀត។
កាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០១៨ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងមហាផ្ទៃបានចុះហត្ថលេខារួមគ្នាលើប្រកាសមួយ ចាត់តាំងអង្គភាពជំនាញរៀងៗខ្លួនគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញសង្គមដែលផ្សព្វផ្សាយ ឬចែកចាយខ្លឹមសារព័ត៌មានទាំងឡាយណាដែលបង្កចលាចលដល់វិស័យការពារសន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណី ហើយអ្នកផ្សព្វផ្សាយទាំងនោះអាចប្រឈមនឹងផ្លូវច្បាប់ផងដែរ៕









