ចិនចាប់ផ្តើមពង្រឹងនយោបាយក្តោបក្តាប់តៃវ៉ាន់

Image of China and Taiwan

មេដឹកនាំចិន លោក ស៊ី ជីនពីង នឹងថ្លែងសុន្ទរកថាមួយនៅវិមានរដ្ឋាភិបាល នៅថ្ងៃពុធស្អែកនេះ ស្តីពីប្រវត្តិនៃការឈឺចាប់ដោយសារសង្គ្រាម និងការបែងចែកចិនដីគោកនិងតៃវ៉ាន់កាលពីឆ្នាំ១៩៤៩។​

ក្នុងឱកាសខួប៧០ឆ្នាំនៃការបែងចែកទឹកដីនេះ លោក ស៊ី ក៏នឹងលើកឡើងពីយុទ្ធសាស្ត្រសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងមេដឹកនាំនៅតៃវ៉ាន់។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួរបានចុះផ្សាយកាលពីថ្ងៃចន្ទម្សិលមិញថា លោក ស៊ី ជីនពីង នឹងថ្លែងពីគោលនយោបាយគ្រឹះសំខាន់ៗក្នុងការលុបបំបាត់ភាពប្រឈម និងរំកិលខ្លួនឲ្យកាន់តែជិតទៅជាមួយតៃវ៉ាន់។​

​​រដ្ឋាភិបាលចិនតែងតែប្រកាសជាញឹកញាប់ថា តៃវ៉ាន់ជាដែនដីមួយរបស់ខ្លួនត្រូវបានផ្តាច់ចេញក្នុងសម័យសង្គ្រាមផ្ទៃក្នុង ហើយរង់ចាំតែថ្ងៃសម្របសម្រួលគ្នាវិញតែប៉ុណ្ណោះ។​

ចិនក៏បានបញ្ជាក់ទៀតថា បើតៃវ៉ាន់ហ៊ានប្រកាសជារដ្ឋឯករាជ្យភ្លាមនោះ ចិននឹងប្រើប្រាស់កម្លាំង ទ័ពវាយចូលកាន់កាប់ភ្លាមៗ។​

កាលពីខែមីនា ឆ្នាំ២០១៨ លោក ស៊ី ជីនពីង ធ្លាប់បានថ្លែងថា តៃវ៉ាន់នឹងទទួលរងទណ្ឌកម្មជាប្រវត្តិសាស្ត្រ បើសិនជាហ៊ានប្រកាសផ្តាច់ខ្លួនចេញពីចិន។​

ចាប់តាំងពីមានការបែងចែកទឹកដីទាំងពីរឆ្នាំ១៩៤៩មក ទំនាក់ទំនងរវាងដែនដីទាំងពីមាន​ការប្រែប្រួលពីការប្រឈមខ្លាំងមកធម្មតា ឬ ការត្រូវរ៉ូវគ្នាក្នុងវិស័យពាណិជ្ជកម្មជាដើម។​

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ ចិនបាន​ប្រកាសបញ្ចប់ដាក់តាំងកាំភ្លើងធំ ​និងការបាញ់បោះ ដាក់គ្នាជាមួយតៃវ៉ា់ន់ ហើយភាគីទាំងពីរចាប់ផ្តើមចរចាលើចំណុចដែលមិនឯកភាពគ្នា។​

ប៉ុន្តែនៅខែមេសាឆ្នាំដដែល ប្រធានាធិបតីតៃវ៉ាន់ លោក ចាង ចីង (Chiang Ching) បានលុប ចោលការចរចានោះ ហើយដាក់ចេញគោលនយោបាយ មិនបីគឺ មិនទំនាក់ទំនង មិនសម្រុះសម្រួល និងមិនចរចាជាមួយចិន។

ការប្រែប្រួលតឹងធូរ​តឹងធូររហូតដល់ពេលបច្ចុប្បន្ននេះ នយោបាយរវាងចិនដីគោកនិងចិនតៃវ៉ាន់បានប្រែទៅជាតានតឹងជាថ្មីទៀត។

ការទំនាក់ទំនងរវាងរដ្ឋអំណាចទីក្រុងប៉េកាំង និងតៃវ៉ាន់កាន់តែតានតឹងខ្លាំងក្រោយពេល លោកស្រី សៃ អ៊ឹងវេន ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់កាលពីឆ្នាំ២០១៦ ដោយសារ លោកស្រី មិនទទួលស្គាល់គោលនយោបាយចិនតែមួយ។ បញ្ហានេះ ចិនបារម្ភថា លោកស្រីសៃ កំពុងតែត្រៀមខ្លួនប្រកាសឯករាជ្យ ប៉ុន្តែ លោកស្រី សៃ ថ្លែងថា ជំហរនយោបាយរបស់លោកស្រី គឺគ្រាន់តែចង់រក្សាស្ថានភាពបច្ចុប្បន្នតែប៉ុណ្ណោះ។​​

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នយោបាយខិតទៅជិតដើម្បីគ្រប់គ្រងតៃវ៉ាន់វិញ កាន់តែបង្ហាញរូបរាងខ្លាំងឡើងខ្លាំងឡើង។ ចិនក៏បានធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយធំនៅដែនសមុទ្រក្បែរដែនដីតៃវ៉ាន់បន្តបន្ទាប់។​

ចិនក្រៅពីបង្ហាញកម្លាំងទ័ពដាក់តៃវ៉ាន់ ក៏កំពុងតែធ្វើនយោបាយកាត់ផ្តាច់សម្ព័ន្ធមិត្តរបស់តៃវ៉ាន់ មួយចំនួនឲ្យដកខ្លួនចេញ។ កាលពីខែឧសភា ឆ្នាំ២០១៨ សាធារណរដ្ឋដូមីនីខេន ប្រកាសផ្តាច់ ទំនាក់ទំនងជាមួយតៃវ៉ាន់ទៅចាប់ដៃជាមួយចិនដោយសារតែសេដ្ឋកិច្ច។

នៅខែសីហារាជាណាចក្រអឺស្វាទិនី ក៏ប្រកាសផ្តាច់ខ្លួនចេញពីតៃវ៉ាន់ ហើយបង្កើតការទំនាក់ទំនងជាមួយចិនដែរ។​

បច្ចុប្បន្នប្រទេសតូចៗដែលកំពុងមានទំនាក់ទំនងជាមួយតៃវ៉ាន់មានតែ១៧ប្រទេស ហើយចិន កំពុងតែព្យាយាមបំបែកបន្ត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ