ពលរដ្ឋឃុំបឹងខ្យាង ថាសមត្ថកិច្ចខេត្តកណ្តាលប្រើហិង្សាលើអ្នកភូមិម្នាក់ ខណៈតវ៉ារឿងដីធ្លី

ក្រុម​អ្នកភូមិបន្តតវ៉ាទាមទារសំណងជុំ​វិញ​ជម្លោះដីធ្លីនៅឃុំបឹងខ្យាង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ សារុន តន

ពលរដ្ឋម្នាក់នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ​អះអាងថា អាជ្ញាធរខេត្តកណ្តាលបានប្រើ​ហិង្សា​លើស្រ្តីម្នាក់​​ ខណៈស្រី្តរូបនោះ​បាន​ចូលរួមជាមួយក្រុម​អ្នកភូមិ ដើម្បីបន្តតវ៉ាទាមទារសំណងជុំ​វិញ​ជម្លោះដីធ្លីនៅថ្ងៃនេះ។

កាលពីម្សិល​មិញ ពលរដ្ឋជាង១ពាន់នាក់នៅឃុំបឹងខ្យាង បានផ្ទុះការតវ៉ាទាមទារសំណង និងប្រឆាំងការរំលោភកិច្ចព្រៀងរបស់អាជ្ញាធរខេត្តចំពោះយន្តការដោះស្រាយ​វិវាទដីធ្លីដែលបានសន្យាកន្លងមក។

ពលរដ្ឋនៅឃុំបឹងខ្យាងម្នាក់ លោក ស៊ុន ខេមរា ឲ្យដឹងថា ការតវ៉ានៅថ្ងៃនេះ សមត្ថកិច្ចប្រើហិង្សាទៅលើស្រ្តីជាអ្នកភូមិម្នាក់ឲ្យរងរបួសស្រាល ខណៈស្រ្តីរូបនោះឈរតវ៉ាជាមួយក្រុមអ្នកភូមិផ្សេងទៀត។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋរាប់ពាន់នាក់ គាត់មិនបានបិទផ្លូវទេ គាត់ឈរនៅតាមចិញ្ចើមថ្នល់មុខផ្សារបឹងខ្យា ប៉ុន្តែខាងកងកម្លាំងនគរបាល ប៉ូលីស ប៉េអឹមហ្នឹងរាប់រយនាក់ មានទាំងឡានបាញ់ទឹក ឡានសារ៉ែន គាត់ដាក់ការពារក្រែងលោមានការបិទផ្លូវទៅ គាត់នឹងប្រើហិង្សា ហើយឥលូវនេះ គាត់បានប្រើហិង្សាទៅប្រជាពលរដ្ឋយើងខ្ញុំជាស្ត្រីភេទនៅកន្លែងផ្សារបឹងខ្យាងមិញហ្នឹង។ អំពើហិង្សារនេះ គឺគាត់វាយ៥ទៅ៦ដៃទៅលើមុខ ទៅលើខ្លួនគាត់ ប៉ុន្តែដោយសារមានពលរដ្ឋផ្សេងៗចូលមកជួយក៏ឈប់ទៅ ឥលូវនេះក្រុមការងារយើងទៅមើលឃើញថា គាត់របួសធ្ងន់ដែរ ដោយសារកំដាប់ដៃប៉ូលីស»

ឡានទឹកដែលបញ្ជូនទៅតំបន់ ដែលក្រុម​អ្នកភូមិបន្តតវ៉ាទាមទារសំណងជុំ​វិញ​ជម្លោះដីធ្លីនៅឃុំបឹងខ្យាង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ សារុន តន

អធិការនគរបាលស្រុកកណ្តាលស្ទឹង លោក ឆេង ស៊ុន ប្រាប់ វី.អូ.ឌី ថា កម្លាំងសមត្ថកិច្ចរបស់លោកមិនបានប្រើហិង្សាលើពលរដ្ឋនោះទេ គ្រាន់តែណែនាំ និងរុញកុំឲ្យពលរដ្ឋទាំងនោះបិទផ្លូវសាធារណៈតែប៉ុណ្ណោះ ហើយក៏មានការគំរាមកំហែងទៅលើពលរដ្ឋដែរ។

សមត្ថកិច្ចចុះអន្តរាគមន៍ នៅពេលក្រុម​អ្នកភូមិបន្តតវ៉ាទាមទារសំណងជុំ​វិញ​ជម្លោះដីធ្លីនៅឃុំបឹងខ្យាង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ សារុន តន

លោកបន្ថែមថា៖ «គ្មានការប្រើហិង្សាអីទេ តែគាត់បិទផ្លូវ ដល់ពួកគាត់បិទផ្លូវសាធារណៈអញ្ចឹង គេចាប់គាត់ចេញ​កុំឲ្យបិទផ្លូវ។ ធម្មតា តែយើងបិទផ្លូវសារណៈវាខុសច្បាប់ហើយ។ ហើយកាលណាតែបិទផ្លូវវាបង្កការកកស្ទះឡាន ធ្វើឲ្យជនរងគ្រោះ ឬអ្នកជំងឺទៅ ពេទ្យមិនទាន់ហើយ»

អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរផ្ដល់សំណងជាគោលនយោបាយឲ្យពលរដ្ឋម្នាក់បានត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ មិនអាចលើសពីនេះបានទេ ហើយលោកថា សំណងជាគោលនយោបាយពលរដ្ឋមិនអាចទាមទារតាមអំពើចិត្តបានទេ។

លោកបន្ថែមថា៖ «គាត់គ្មានដីទេ តែគាត់សុំលុយគេ ខ្ញុំមិនមែនដោះស្រាយមិនបានទេ គឺម្ចាស់គេមិនឲ្យ ព្រោះពួកគាត់[ក្រុមពលរដ្ឋ]គ្មានដីផង គាត់សុំលុយគេហ្នឹង ដល់តែខ្ញុំ ខ្ញុំចេះតែសម្របសម្រួល ឥលូវពួកគាត់អត់ទទួលយក»

ក្នុងបណ្តឹងតវ៉ារបស់អ្នកភូមិ ឃុំបឹងខ្យាងមានពលរដ្ឋ១៨៤៩គ្រួសារ និងមានប្រជាជន​៧៦៥៣នាក់ ហើយ ដីរួមសហគមន៍មាន​ទំហំ២៤៥ហិកតា ដែលក្រុមពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នាធ្វើឯកសារក្លែងបន្លំលួចទៅលក់ឲ្យក្រុមហ៊ុន «ហេងអភិវឌ្ឍន៍»

តំណាងពលរដ្ឋអះអាងថា ចាប់តាំងពីមានការតវ៉ារឿងដីធ្លីនៅឃុំបឹងខ្យាងមក ពួកគាត់តែងតែរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ដោយគំរាមចាប់ដាក់គុក និងរូបភាពផ្សេងៗទៀត ហើយថា ការតវ៉ានោះគឺ ពលរដ្ឋ​មួយធំទាមទារសំណងម្នាក់២៥០ដុល្លារ ប៉ុន្តែអាជ្ញាធរដោះស្រាយឲ្យបានត្រឹមតែ១០០ដុល្លារ ដែលពលរដ្ឋទាំងនោះមិនព្រមទទួលយកឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ