កម្មករោងចក្រ ប្រេស្ទិច ហ្គាមិន ក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អះអាងថា ពួកគេទទួលការគំរាមពីភាគីរោងចក្រថា នឹងបញ្ឈប់ការងារ ប្រសិនបើពួកគេមិនព្រមចូលធ្វើការ ហើយនៅតែតវ៉ាទាមទារឲ្យទទួលយកតំណាងរបស់ពួកគេចូលធ្វើការវិញ ។
កម្មករផ្នែកដេរ អ្នកស្រី អ៊ុន សារ៉ាន់ ដែលបានចូលរួមតវ៉ាកន្លងមក ប្រាប់ VOD ថា ភាគីរោងចក្រ បានគំរាមក្រុមកម្មករថា បើពួកគេនៅតែបន្តតវ៉ា ប្រៀបដូចជាពួកគេបោះបង់ការងាររបស់ខ្លួនដែរ។
អ្នកស្រី អ៊ុន សារ៉ាន់ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «គេចេះតែគំរាមយើងរហូតអញ្ចឹងទៅណា៎! គេថាទុកឲ្យយើងពេលពីរថ្ងៃទៀត បើយើងអត់ចូលធ្វើការ គេថាយើងបោះបង់ការងារចោល ហើយលុយដែលយើងធ្វើការតាំងពីខែមុនហ្នឹងគេអត់បើកឲ្យយើងទេ។ ខ្ញុំសំណូមពរថា សូមឲ្យតំណាងកម្មករចូលធ្វើការវិញ ហើយនិងលុយដែលខ្ញុំឈប់ធ្វើការមួយថ្ងៃកាត់មួយថ្ងៃ គឺអត់ឲ្យកាត់ដល់មួយអាទិត្យទេ។ ហើយឲ្យមានបណ្ណ ប.ស.ស ប្រើប្រាស់វិញ ពីព្រោះរោងចក្រហ្នឹងអត់មានឲ្យយើងប្រើបណ្ណ ប.ស.ស ទេណាបង»។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ដែលត្រូវបញ្ឈប់ពីការងារ លោក ហួន សុវិត ប្រាប់ VOD ថា លោករួមជាមួយកម្មករប្រហែល១០០នាក់នៅព្រឹកនេះ បានប្រមូលផ្តុំមុខរោងចក្រនេះ រង់ចាំដំណោះស្រាយពីថៅកែ។ លោក បានលើកឡើងស្រដៀងគ្នានឹងអ្នកស្រី អ៊ុន សារ៉ាន់ ថាខាងភាគីរោងចក្របានគំរាមដល់ក្រុមកម្មករថា នឹងបញ្ឈប់ពួកគេ ប្រសិនបើមិនព្រមចូលធ្វើការវិញនោះទេ។

លោក ហួន សុវិត ឲ្យដឹងថា៖ «នាំគ្នានៅមុខរោងចក្រហ្នឹង! អង្គុយមុខរោងចក្រហាលក្តៅ បងមើល៍! កម្មករនៅហាលក្តៅពេញវាលពេញកាលហ្នឹង! រដ្ឋបាលមានតែចេញមកឈរ ពូសន្តិសុខសើច។ វាមកគំរាមកំហែងកម្មករថា ប្រាំថ្ងៃទៀតហ្នឹង រយៈពេលថ្ងៃទីប្រាំ បើមិនចូលធ្វើការគេនឹងបញ្ឈប់ចោល លុយប្រាក់ខែក៏គេអត់បើកឲ្យ លុយកុងត្រាក៏គេអត់បើកឲ្យដែរបង!»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ប្រាប់ VOD បន្ថែមថា មកដល់ពេលនេះមិនទាន់មានដំណោះស្រាយឲ្យប្រាកដទេ និងថាការដោះស្រាយឲ្យតែរួចពីដៃ។
លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា៖ «ចំណុចមួយដែលមិនត្រូវបានគេដោះស្រាយនោះគឺចំណុចដែលទាមទារឲ្យយកតំណាងសហជីពចូលធ្វើការវិញ ដែលជាចំណុចធំបំផុតដែលគេបដិសេធនឹងដោះ។ អញ្ចឹង វាជាគោលការ ថាតើប្រសិនបើតំណាងសហជីពមិនត្រូវបានគេយកចូលធ្វើការវិញ ថាតើលក្ខខណ្ឌដែលថៅកែព្រម សួរថាតើអ្នកណាជាអ្នកតាមដានការអនុវត្ត? អញ្ចឹងហើយ នេះជាយុទ្ធសាស្ត្រដោះឲ្យតែរួចពីដៃ ដោយមិនខ្វល់ពីការអនុវត្តនៅថ្ងៃបន្តបន្ទាប់ទៀត។ អញ្ចឹងហើយ ជាចំណុចដែលខ្ញុំមើលឃើញថា ហេតុអីបានយើងជាអ្នកអនុវត្តច្បាប់ឃើញបុគ្គលដែលបំពានច្បាប់ហើយ យើងមិនចាត់វិធានការណ៍? ហើយបែរជាបណ្តែតបណ្តោយឲ្យបុគ្គលហ្នឹងចេះតែនៅបំពានច្បាប់តទៀត រីឯអ្នកដែលរងគ្រោះគឺកម្មករខ្មែរយើង!»។
VOD មិនអាចទាក់ទងសុំការបំភ្លឺករណីនេះ ពីភាគីរោងចក្រ ប្រេស្ទិច ហ្គាមិន បានទេនៅថ្ងៃនេះ។ ទោះយ៉ាងណាក៏ដោយ ប្រធានរដ្ឋបាលរោងចក្រ ប្រេស្ទិច ហ្គាមិន លោក សៅ សុគន្ធា ធ្លាប់លើកឡើងថា ការបញ្ឈប់បុគ្គលិកឈ្មោះ ហួន សុវិត នោះ ដោយសារតែដល់ពេលកំណត់កិច្ចសន្យា។
អ្នកនាំពាក្យក្រសួងការងារ VOD មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
វិវាទការងារដែលនាំឲ្យមានការតវ៉ានេះបានអូសបន្លាយរយៈពេល១០ថ្ងៃមកហើយ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ កាលពីម្សិលមិញ ក្រុមកម្មករបាននាំគា្នទៅតវ៉ាដល់ក្រសួងការងារ ប៉ុន្តែមិនទាន់បានដំណោះស្រាយដែលពួកគេចង់បាន ទើបបន្តប្រមូលផ្តុំគ្នានៅមុខរោងចក្របន្តទៀត។
បើតាមកម្មករធ្លាប់ប្រាប់ VOD ថា ប្រេស្ទិច ហ្គាមិន ជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានកម្មករប្រមាណ ៥០០នាក់កំពុងបម្រើការងារ និងមានថៅកែជាជនជាតិចិន ហើយថា រោងចក្រនេះបានបង្ខំឲ្យកម្មករធ្វើការងារតាមខ្លួនកំណត់ ពុំទានមានប័ណ្ណ ប.ស.ស កាត់លុយដោយគ្មានមូលហេតុច្បាស់លាស់ ពុំមានពេទ្យក្នុងរោងចក្រ និងមានការរើសអើងសហជីពជាដើម៕









