ក្រុមកម្មកររបស់ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី ដែលបោសសំអាតនៅតាមតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបអំពាវនាវទៅប្រមុខរដ្ឋាភិបាល និងថៅកែក្រុមហ៊ុន ជួយតម្លើងប្រាក់ឈ្នួលសមរម្យដល់ពួកគេ។
ក្នុងវីដេអូឃ្លីបមួយចេញផ្សាយតាមបណ្តាញសង្គមនៅថ្ងៃនេះ ក្រុមកម្មករអ្នកដែលបោសសំអាតនៅតាមតំបន់ប្រាសាទអង្គវត្ត និងប្រាសាទផ្សេងៗទៀត បានប្រមូលផ្តុំគ្នាអំពាវនាវសុំតម្លើងប្រាក់ឈ្នួលពី៨០ដុល្លារ ទៅ១៧០ដុល្លារក្នុងមួយខែ ដោយពួកគេអះអាងថា ប្រាក់ឈ្នួលដែលទទួលបានសព្វថ្ងៃមិនអាចផ្គត់ផ្គងជីវភាពបានគ្រប់គ្រាន់ឡើយ។
កម្មករម្នាក់ក្នុងចំណោមកម្មករជាច្រើនទៀត គឺអ្នកស្រី សឿម ណែង និយាយថា គ្រួសារគាត់កំពុងជួបការលំបាកក្នុងជីវភាពជាខ្លាំង ដូចជាការចំណាយប្រចាំថ្ងៃ គ្មានលុយឲ្យកូនរៀន និងការចំណាយផ្សេងៗទៀតជាដើម។
អ្នកស្រីនិយាយថា៖ «ប្រាក់ខែពួកខ្ញុំបានត្រឹម៨០ដុល្លារទេ ចំណែកអង្ករ១បេ ៩ទៅ១០ម៉ឺន ខ្ញុំរកលុយទិញអង្ករមិនចង់បានហូបផង ហើយណាមួយមានកូនតូច មានកូនរៀន។ ហើយពេលខ្ញុំមកធ្វើការ ខ្ញុំត្រូវក្រពេកកូនមកជាមួយត្រឡាប់ត្រលួសជាមួយការងារដោយសារខ្ញុំក្រ។ សូមលោកជំទាវ និងសម្តេច ហ៊ុន សែន ជួយពួកខ្ញុំផង ពួកខ្ញុំជួបផលលំបាករឿងប្រាក់ខែខ្លាំងណាស់ បញ្ហានេះមិនតែខ្ញុំម្នាក់ឯងទេ បុគ្គលិកក្នុងក្រុមហ៊ុន វីហ្គ្រីន ទាំងអស់។ អញ្ចឹងសុំឲ្យលោកជំទាវ និងសម្តេច ហ៊ុន សែន ជួយពួកខ្ញុំឲ្យបានប្រាក់ខែសមរម្យដូចគេដែរផង»។
វិអូឌី មិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី ជុំវិញការទាមទាររបស់ក្រុមកម្មករនេះ។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា ប្រាក់ឈ្នួលត្រឹម៨០ដុល្លារ មិនជួយឲ្យកម្មករក្នុងខេត្តទេសចរណ៍មួយនេះមានជីវភាពល្អប្រសើរឡើយ។
លោកបន្ថែមថា៖ «បច្ចុប្បន្ននេះ រោងចក្រកាត់ដេរគេឡើង១៨០ដុល្លារជាងហើយ។ ប៉ុន្តែ នៅក្នុងវិស័យទេសចរណ៍ហ្នឹង រដ្ឋាភិបាលមិនទាន់បានកំណត់ទេ ប៉ុន្តែ នៅក្នុងច្បាប់ការងារគេបាននិយាយច្បាស់ណាស់ថា ការផ្តល់ប្រាក់ខែត្រូវធានាការរស់នៅបានសមរម្យ ថ្លៃថ្នូរដោយបូកអ្នកនៅក្នុងបន្ទុកផង។ ប៉ុន្តែ សម្រាប់ពួកគេមិនទទួលបានដូចអ្វីដែលច្បាប់បានកំណត់ហ្នឹងទេ។ បើចង់ឲ្យពួកគាត់រស់នៅបានធូរធារបន្តិច ក្រុមហ៊ុនត្រូវតែតម្លើងប្រាក់ខែឲ្យគាត់ ពី១៧០ ទៅ១៨០ដុល្លារហ្នឹងសមរម្យហើយ។ ហើយយើងមើលចំណូលពីប្រាសាទអង្គវត្ត គឺកើតរយលានមែនទែន ប៉ុន្តែ មើលយកលុយមកចែកឲ្យកម្មករ ដែលបម្រើក្នុងតំបន់ប្រាសាទអង្គរវត្តវាអត់ស៊ីគ្នាសោះ។ វាអត់ស៊ីទៅហ្នឹងអ្វីលុយចេញហ្នឹងសោះ។ អញ្ចឹង ខ្ញុំគិតថាអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា និងលោកនាយករដ្ឋមន្ត្រីត្រូវពិចារណាគិតរឿងហ្នឹងឡើងវិញ»។
សហជីពឲ្យដឹងថា ម្ចាស់ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី ត្រូវជាបងប្អូនជីដូនមួយរបស់លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា កូនប្រុសបង្កើតលោក សុខ អាន ហើយថា ក្រុមហ៊ុននេះមានកម្មករជាង៥០០នាក់កំពុងបម្រើការងារ ហើយ៨០ភាគរយជាស្រ្តី៕










