ក្រសួង​បរិស្ថាន​ផ្ដល់​ថវិកា​២​ម៉ឺន​ដុល្លារ​ដល់​លោក បេន ដើម្បី​ថែ​រក្សា​ធនធាន​ធម្មជាតិ​នៅ​ព្រះវិហារ

លោក បេន ដេវីស (BEN DEVIS) (រូបទី៣ រាប់ពីស្តាំ) និង មន្ត្រីបរិស្ថានពាក់ព័ន្ធ (រូបថត៖ ក្រសួងបរិស្ថាន)

ក្រសួងបរិស្ថានបានសម្រេចផ្តល់ថវិការ​ចំនួន ២​ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់​លោក បេន ដេវីស ដែលកំពុងបំពេញការងារការពារព្រៃឈើ និងសត្វព្រៃ ​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃនេះ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីបៃតង​ក្រោមប្រធានបទ «គ្មានព្រៃ គ្មានជីវិត» នៅស្រុកសង្គមថ្មី ក្រសួងបរិស្ថានបានផ្តល់ថវិកាចំនួន ២ម៉ឺន​ដុល្លារ​ដល់​លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។

ប្រភពដដែល បញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាន និងសង្គម ជួយគាំទ្រដល់ការងាររបស់លោក បេន ដេវីស នូវ​ថវិកា ២​ម៉ឺនដុល្លារ​នៅឆ្នាំ២០១៩នេះ ហើយក្រសួងបរិស្ថានមានគម្រោងជួយគាំទ្រសកម្មភាពលោក បេន បន្តរយៈពេល ៥ឆ្នាំទៅមុខទៀត។

ក្រសួងមួយនេះ អះអាងថា ការផ្តល់ថវិកាដល់​លោក បេន ដេវីស ​ដើម្បីជាការលើកទឹកចិត្តដល់សហគមន៍​មូលដ្ឋាន ជាពិសេស​លោក បេន ដែលបានលះបង់ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ ព្រមទាំងសត្វព្រៃនៅខេត្តព្រះវិហារ។ ​

​ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតឡើងកាលពីថ្ងៃទី​៣១ សីហា ឆ្នាំ២០១៧  ​មានទំហំជាង ៤ម៉ឺនហិកតា(៤២ ០៩៧) ស្ថិតនៅភូមិសាស្ត្រ ស្រុកសង្គមថ្មី និងស្រុកគូលែន និងជាប់ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ។

វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលបានរៀបចំឡើងក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មានប្រសាសន៍ណែនាំឱ្យក្រសួងបរិស្ថាន មានកាតព្វកិច្ចជួយអ្នកអភិរក្សធនធានធម្មជាតិ ឬសហការជាមួយអង្គការពាក់ព័ន្ធនានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ