កម្មករបោសសំអាតតាមប្រាសាទក្នុង​ខេត្តសៀមរាបឈប់តវ៉ា ក្រោយថៅកែសន្យាតម្លើងប្រាក់ឈ្នួល

ក្រុមកម្មកររបស់ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី ដែលបោសសំអាតនៅតាមតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបអំពាវនាវទៅប្រមុខរដ្ឋាភិបាល និងថៅកែក្រុមហ៊ុន ជួយតម្លើងប្រាក់ឈ្មួលសមរម្យដល់ពួកគេ។ រូបភាព៖ ផ្ដល់ឲ្យ

ក្រុមកម្មកររបស់ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី ដែលបោសសំអាតនៅតាមតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបបានសន្យាឈប់នាំគ្នាតវ៉ា ក្រោយពីភាគីក្រុមហ៊ុនសន្យាតម្លើងប្រាក់ឈ្នួលឲ្យពួកគេ។

កាលពីថ្ងៃទី៤ ខែមករា ក្រុមកម្មករបោសសំអាតនៅតាមតំបន់ប្រាសាទអង្គវត្ត និងប្រាសាទផ្សេងៗទៀតបានប្រមូលផ្តុំគ្នាអំពាវនាវតាមបណ្តាញសង្គមទៅប្រមុខរដ្ឋាភិបាល និង ថៅកែក្រុមហ៊ុនជួយតម្លើងប្រាក់ឈ្នួលជូនពួកគេ ពី៨០ដុល្លារ ទៅ១៧០ដុល្លារក្នុងមួយខែ។

ក្រុមកម្មកររបស់ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី ដែលបោសសំអាតនៅតាមតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបអំពាវនាវទៅប្រមុខរដ្ឋាភិបាល និងថៅកែក្រុមហ៊ុន ជួយតម្លើងប្រាក់ឈ្មួលសមរម្យដល់ពួកគេ។ រូបភាព៖ ផ្ដល់ឲ្យ

ក្នុងកិច្ចសន្យាមួយរវាងតំណាងកម្មករ និងភាគីក្រុមហ៊ុន ចុះថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៩ ភាគីទាំងពីរបានយល់ព្រមដោយឯកភាពគ្នាចំនួន១០ចំនុន ដើម្បីឈានទៅរកការបញ្ចប់ការតវ៉ាតទៅទៀត ដោយក្នុងនោះ ភាគីក្រុមហ៊ុនសន្យាតម្លើងប្រាក់ឈ្នួល១៥ដុល្លារ បន្ថែមទៀតដល់កម្មករម្នាក់សម្រាប់ឆ្នាំ២០១៩។

ភាគីក្រុមហ៊ុនបន្តទៀតថា ក្រុមហ៊ុននឹងតម្លើងប្រាក់ឈ្នួលដល់កម្មករម្នាក់១២០ដុល្លារសម្រាប់ឆ្នាំ២០២០ ខណៈឆ្នាំ២០២១ ដល់ឆ្នាំ២០២២ តម្លើង២០ដុល្លារទៀត ក្នុងករណីក្រុមហ៊ុនមួយនេះ នៅតែទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាបន្តកិច្ចសន្យាឲ្យធ្វើការងារបោសសំអាតតាមតំបន់ប្រសាទតទៅទៀត និងលក្ខខណ្ឌផ្សេងៗទៀត។

ក្នុងកិច្ចសន្យាដដែលនេះ ភាគីកម្មករ ត្រូវឈប់តវ៉ាទាមទារប្រាក់ឈ្នួលចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ តាមកិច្ចព្រមព្រៀង និងត្រូវដកពាក្យបណ្តឹងផ្សេងៗចេញ រួមទាំងអនុវត្តកិច្ចសន្យាផ្សេងៗទៀត។

ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា ការសម្រេចតម្លើងប្រាក់ឈ្នួលជូនកម្មករតាមដំណាក់កាលខាងលើនោះ មិនអាចជួយឲ្យកម្មករក្នុងខេត្តទេសចរណ៍មួយនេះមានជីវភាពល្អប្រសើរឡើយ។ ប៉ុន្តែលោក ថា ដោយសារចង់ជួយសម្រួលដល់ក្រុមហ៊ុនទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាឲ្យបន្តធ្វើការងារបោសសំអាតតាមតំបន់ប្រសាទតទៅទៀតក្រុមកម្មករត្រូវបង្ខំចិត្តទទួលយកលក្ខខណ្ឌទាំងនោះ។

លោកបន្ថែមថា៖ «យើងមើលឃើញថា កាលៈទេសៈនេះ បើសិនជាយើងរុញក្រុមហ៊ុនឲ្យដល់កម្រិត​មួយដែលយើងចង់បាន ខ្ញុំគិតថា វាអាចប្រឈមនឹងរឿងផ្សេងៗ ដោយសារតែវាមានពាក់ព័ន្ធនឹងកុងត្រាចាស់របស់ក្រុមហ៊ុននឹងអាជ្ញាធរជាតិអប្សរា។ អញ្ចឹង អ្វីដែលគាត់កុងត្រាហ្នឹង លុយវាមានកំរិត មិនអាចផ្តល់ឲ្យដូចដែលយើងចង់បានហ្នឹង។ អញ្ចឹង បានជាយើងទទួលយកឆ្នាំហ្នឹងសិន ១៥ដុល្លារម្នាក់ ឆ្នាំក្រោយ២៥ដុល្លារ និងឆ្នាំក្រោយៗ២០ដុល្លារៗ ហើយឆ្នាំនេះហ្នឹង ក្រុមហ៊ុនត្រូវកិច្ចសន្យាកុងត្រាថ្មីជាមួយ អាជ្ញាធរជាតិអប្សរារយៈពេល៣ឆ្នាំ ហើយភាគីក្រុមហ៊ុននិយាយថា ការកុងត្រានោះបានដោយមានការដេញថ្លៃជាមួយក្រុមហ៊ុនផ្សេងៗទៀតមិនមែនបានមកដោយស្រួសៗទេ»

ប្រធានសហព័ន្ធបន្តថា ចំណូលបានមកពីភ្ញៀវទេសចរណ៍ដែលមកទស្សនាក្នុងខេត្តសៀមរាប ក្នុង១ឆ្នាំៗរាប់លានដុល្លារ ដែលអាជ្ញាធរពាក់ព័ន្ធគួរតែបែងចែកដោយផ្តល់ប្រាក់ឈ្នួលដល់កម្មករបោសសំអាតតំបន់ទេសចរណ៍មួយនេះឲ្យបានសមរម្យ។

ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកំសាន្តនៅប្រាសាទអង្គរវត្ត កំឡុងដើមខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

បើតាមសហជីព ម្ចាស់ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី បច្ចុប្បន្នត្រូវជាបងប្អូនជីដូនមួយរបស់លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា កូនប្រុសបង្កើតលោក សុខ អាន ហើយថា ក្រុមហ៊ុននេះ មានកម្មករជាង៥០០នាក់កំពុងបម្រើការងារ ហើយ​៨០ភាគរយជាស្រ្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ