ក្រសួងសុខាភិបាលស្នើពលរដ្ឋឈប់ប្រើប្រាស់ជាបន្ទាន់នូវផលិតផលឱសថ និងគ្រឿងសម្អាងដែលគ្មានការអនុញ្ញាតពីក្រសួង និងជំរុញដល់ពលរដ្ឋរាយការណ៍ពីផលិតផលដែលគ្មានការអនុញ្ញាតទាំងនោះដើម្បីមានវិធានការផងដែរ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ មករា ក្រសួងសុខាភិបាលបានហាមឃាត់ផលិតផលជាង២០មុខរាប់ចាប់ពីថ្នាំជំនួយសុខភាព គ្រឿងសម្អាង ថ្នាំធ្វើឲ្យស្បែកស និងថ្នាំពង្រីកដើមទ្រូងជាដើម ដែលគ្មានការចុះបញ្ជិកា ប្រតិវេទន៍ គ្មានការពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល កំពុងចែកចាយដោយគណនីហ្វេសបុកឈ្មោះ Family Doctor Cambodia។
ក្រសួងសុខាភិបាលក៏ស្នើដល់ពលរដ្ឋឲ្យរាយការណ៍ពីការចរាចរណ៍ផលិតផលទាំងនោះមកកាន់ក្រសួងដើម្បីមានវិធានការណ៍ផងដែរ។
នេះមិនមែនជាលើកទី១មួយដែលក្រសួងបានហាមប្រាមបែបនេះជាក់ស្ដែងគិតពីខែតុលារហូតដល់ខែធ្នូឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងចំនួន៦ ហាមឃាត់គ្រឿងសម្អាង ថ្នាំសម្រករាង ថ្នាំប៉ូវកម្លាំង និងជំនួយសុខភាពផ្លូវភេទបុរស មិនតិចជាង៥០មុខទេដែលត្រូវបានក្រសួងហាមឃាត់នោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងសុខាភិបាលបានត្រួតពិនិត្យ និងតម្រូវឲ្យឱសថស្ថានទាំងអស់មកចុះបញ្ជី និងសុំលិខិតអនុញ្ញាតពីក្រសួងអស់ហើយ តែអ្វីដែលជាបញ្ហាថ្មីនៅពេលនេះគឺមាននិន្នាការនៃការលក់តាមអនឡាញដែលពិបាកស្វែងរកទីតាំង ជាហេតុធ្វើឲ្យបញ្ហាថ្មាំខូចគុណភាព និងគ្មានការត្រួតពិនិត្យនៅតែមាននៅកម្ពុជា។
លោកស្នើឲ្យពលរដ្ឋចូលរួមរាយការណ៍នៅពេលឃើញមានអ្នកចែកចាយផលិតផលដែលគ្មានច្បាប់អនុញ្ញាតទាំងនេះទៅកាន់អាជ្ញាធរពាក់ព័ន្ធដើម្បីបង្ក្រាប។
លោកថា៖ « ឱសថឬមួយថ្នាំប៉ូវដែលមិនស្របច្បាប់មានន័យថាគាត់មិនបានចុះបញ្ជីនៅក្រសួងសុខាភិបាលមិនបានយកឱសថ ឬថ្នាំប៉ូវទាំងនោះមកធ្វើតេសពិសោធន៍នៅមន្ទីរពិសោធន៍ ហើយមិនបានបើកនូវលិខិតពាណិជ្ជកម្មដើម្បីធ្វើជំនួញនានានោះ។ […] ដូច្នេះដើម្បីជៀសវាងខូចសុខភាព ក៏ដូចជាជៀសវាងការចំណាយថវិកាដែលអាចបាត់បង់នូវផលប្រយោជន៍របស់បងប្អូនសូមបងប្អូនកុំទិញឬប្រើប្រាស់ឱសថឬផលិតផលទាំងឡាយដែលប្រកាសដោយក្រសួងសុខាភិបាល ហើយដើម្បីឲ្យបងប្អូនជួយផ្សព្វផ្សាយអំពីទីតាំងឬកន្លែងណាដែលមានការលក់ដូរដែលមិនស្របច្បាប់ទាំងនេះ » ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យ៉ង់ គឹមអេង មានប្រសាសន៍ថាមូលហេតុដែលធ្វើឲ្យឱសថគ្មានច្បាប់អនុញ្ញាតនៅតែចរាចរណ៍បាននៅកម្ពុជានោះ បណ្ដាលពីភាពធូររលុងរបស់មន្ត្រីព្រំដែន អំពើពុករលួយ និងខ្វះការត្រួតពិនិត្យពីមន្ត្រីខាងក្នុងប្រទេសផងដែរ ដែលនេះជាភារកិច្ចទទួលខុសត្រូវរបស់រដ្ឋាភិបាលទាំងស្រុង។
លោកថា៖ « ករណីផ្សេងៗខ្ញុំឃើញថាអាជ្ញាធររបស់យើងគាត់ចាត់វិធានការទាន់ពេលវេលា គាត់រកមុខសញ្ញាហ្នឹងបានលឿនបំផុត។ បើសិនជាមានអនឡាញយើងឆែកមើលទៅ អាជ្ញាធរអាចទិញយកមកមើលទៅថាវារបស់ដែលមានគុណភាពពិតប្រាកដ ឬក៏ខូចគុណភាពឬក្លែងក្លាយ។ មានវិធីច្រើនណាស់ឬក៏គាត់អាចទាក់ទងជាមួយអ្នកទិញដើម្បីពិនិត្យគុណភាពក៏បាន » ។
លោកឲ្យជាយោបល់ថាដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរមានវិធានការរឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែន ព្រមទាំងមានវិធានការធ្ងន់ធ្ងរ និងជាក់លាក់ចំពោះអ្នកដែលនាំផលិតផលទាំងនោះចូល។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃបានចុះបង្ក្រាបក្រុមហ៊ុនចែកចាយថ្នាំពេទ្យធំមួយនៅរាជធានីភ្នំពេញដែលបានចែកចាយជាង៧ឆ្នាំហើយ ដោយបានដកហូតជាបណ្ដោះអាសន្ននូវផលិតផលឱសថខុសច្បាប់ និងអន់គុណភាពបានចំនួន ៤០តោន៕









