កម្ពុជាបញ្ចប់ការសាងសង់ពហុកីឡាដ្ឋានជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ប្រមាណ៤០%ហើយ ក្នុងរយៈពេល១៦ខែ ដោយប្រើកម្លាំងកម្មករជំនាញជនចិន៥៨០នាក់។

យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលបានបង្ហាញក្នុងពិធីតម្លើងបង្គុំកៅអីអង្គុយ ដែលជានិមិត្តរូបនៃការចេញជារូបរាងពហុកីឡាដ្ឋាន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ការងារសាងសង់ទាំងមូលបានសម្រេចប្រមាណ ៤០% ហើយការងារគ្រោងបង្គុំបានរួចរាល់ប្រមាណ៨០% ដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ដើមខែមករា ឆ្នាំ២០១៩នេះ ។
ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងការដ្ឋានមានកម្មករជំនាញជនជាតិចិន ៥៨០នាក់ កម្មករក្នុងស្រុក ២៤០ នាក់ ហើយបានបណ្ដុះបណ្ដាលកម្មករក្នុងស្រុក នូវជំនាញមួយចំនួនដូចជា ការតំឡើងគ្រឿងបង្គុំដែក ការងារតំឡើងពុម្ពចាក់បេតុង ការរៀបជញ្ជាំង និងបច្ចេកទេសកាត់ផ្សារដែកជាដើម ។

នៅក្នុងពិធីនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ១៦០លានដុល្លារសម្រាប់ការសាងសង់ពហុកីឡាដ្ឋាននេះ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
កាលពីខែមេសា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជាបានត្រៀមថវិកាជាង៤០លានដុល្លារសម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ២០២៣។
