បទយកការណ៍៖ ជនជាតិដើមភាគតិចកាន់​តែច្រើន​នៅភាគឦសាន​កម្ពុជា ​ងាកមកដាំបន្លែ​ផ្លែឈើបែបសរីរាង្គ

ចម្ការក្រូចវល្លិ៍ឬ ផាហ្សិន នៅក្រុងសែនមនោរម្យ និងនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី របស់ជនជាតិដើមភាគតិច ថត កាលពីខែវិច្ឆិកា ២០១៨។ រូបភាព៖​ សូត សុខប្រាថ្នា

​ជាតំបន់ប្រភេទដីក្រហម អមដោយភ្នំតូចធំ ព្រៃព្រឹក្សា ដំណាំ និងបន្លែបង្ការដេសដាសនៅតាមដងផ្លូវ ស្ថិតនៅភូមិភាគឦសាន្តនៃប្រទេស ដំណាំ​កសិ-ឧស្សាហកម្ម​ ដូចជា​ដំណាំ​កៅស៊ូ​ជាដើម បាន​រីក​ដុះ​ដាលលើ​ដី​ចម្ការ​ធំៗ​នៅ​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

ប៉ុន្តែ​ ក្រុម​ជនជាតិដើមភាគតិចមួយចំនួន​នៅខេត្តទាំងពីរនេះ បាននាំគ្នាងាកមកដាំបន្លែបង្ការបែបសរីរាង្គ សម្រាប់បរិភោគជំនួសការប្រើប្រាស់បន្លែនៅលើទីផ្សារ និងងាកចេញពីការធ្វើកសិកម្មបែបចម្ការវិលជុំផងដែរ។

សម្បុរសណ្តែកបាយ ​ និយាយមួយៗ ជនជាតិដើមភាគតិចកាចក់ មកពីស្រុកអណ្តូងមាស ខេត្តរតនៈគិរី លោក សា រ៉ាផាំ រៀបរាប់ថា កាលពីដើមឡើយ បន្លែបង្ការផ្សេងៗ ជនជាតិដើមភាគតិចតែងដាំដុះនៅក្នុងដីសហគមន៍ ជាប្រភេទចម្ការវិលជុំទាំងស្រុង។

ចម្ការក្រូចវល្លិ៍ឬ ផាហ្សិន នៅក្រុងសែនមនោរម្យ និងនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី របស់ជនជាតិដើមភាគតិច ថត កាលពីខែវិច្ឆិកា ២០១៨។ រូបភាព៖​ សូត សុខប្រាថ្នា

លោកបន្តថា ការដាំដុះរបៀបនេះ មិនគ្រប់គ្រាន់សម្រាប់បរិភោគក្នុងមួយឆ្នាំៗឡើយ ប៉ុន្តែ បច្ចុប្បន្ន លោកថា ជនជាតិដើមភាគតិចកាន់​តតែ​ច្រើន ងាក​មកដាំបន្លែ និងផ្លែឈើបែបសរីរាង្គលើដីចម្ការផ្ទាល់ខ្លួនសម្រាប់បរិភោគក្នុងគ្រួសារជំនួស​​វិញ។  

បុរសវ័យចំណាស់ដដែលនេះ និយាយថាការដាំបន្លែបែបសរីរាង្គជាលក្ខណៈគ្រួសារសម្រាប់បរិភោគ គឺធានាសុវត្ថិភាពជាង បន្លែនៅលើទីផ្សារ ពិសេសបន្លែដែលនាំចូលពីក្រៅប្រទេស។

លោកបន្ថែមថា៖ «យើងកាត់បន្ថយដូចថា យើងទិញដំណាំពីស្រុកគេ ដូចថាគេលក់ហ្នឹង វាមានជាតិគីមីអីចឹងណា។ ខាងសេដាកហ្នឹង គេមកបង្រៀន តាមភូមិតាម តាមឃុំគេមក ឱ្យយើងរៀន ធ្វើជីធម្មជាតិ។ យើងដាំដោយមិនប្រើជីគីមីទេ»។

មិនខុសគ្នានេះ ពលរដ្ឋជនជាតិដើមភាគតិចគ្រឹង  លោក យ៉ាន់ សារុំ និយាយថា នៅក្នុងភូមិរបស់លោក ចាប់ផ្តើមមានជនជាតិដើមភាគតិចកាន់តែច្រើន ចាប់ផ្តើមងាកមកដាំបន្លែ​ផ្លែឈើបែបសរីរាង្គ​សម្រាប់បរិភោគក្នុងគ្រួសារ។ លោកបន្តថា បន្លែទាំងនោះ មានដូចជា សណ្តែកកួ ស្ពៃ ទ្រប់ ត្រឡាច ននោង ត្រកួន ជាដើម ដោយថាជំនួស ឱ្យការដាំដុះបែបចម្ការវិលជុំ ឬ របរបែបប្រពៃណី និងជំនួសការទិញបន្លែ ផ្លែឈើនៅលើទីផ្សារតែម្តង។

លោក យ៉ាន់ សារុំ មានប្រសាសន៍ថា៖ «ខុសត្រង់ថា យើងដាំខ្លួនឯង វាងាយស្រួល មិនពិបាកទិញគេ។ ទីមួយ វាសុវត្ថិភាព ព្រោះសរីរាង្គ យើងអត់ប្រើគីមី។ ពីមុន យើងដាំអាបន្លែលាយជាមួយស្រូវហ្នឹង ដល់ពេលអស់ទៅ យើងមិនទិញតាមម៉ូតូ។ បាទ! អាហ្នឹងរបស់គីមីសុទ្ធហ្មង។ តាំងពីអង្គការមកបង្រៀនមក ដល់ពេលវាស្រួលត្រង់ថា វាអស់បន្លែ យើងដាំចម្រុះហ្នឹង យើងដាំបន្តទៀត។ យើងហូបបន្លែហ្នឹងបន្តទៀត ហើយចប់បន្លែមួយហ្នឹងហើយ យើងដឹងទៀតអីចឹងទៅ»។

ចំណែកពលរដ្ឋជនជាតិដើមភាគតិចមួយចំនួននៅខេត្តមណ្ឌលគិរីវិញ ក៏បានងាកមកដាំដុះបន្លែ​ផ្លែឈើ​បែបសរីរាង្គនេះច្រើនដែរ ដោយមានការណែនាំពីមន្ត្រីជំនាញរបស់អង្គការសេដាក និងការយល់ដឹងពីសុខភាពផងដែរ។

និយាយបណ្តើរៗ ភ្នែកមើលទៅចម្ការក្រូចវល្លិ៍ ឬចម្ការផាសិន និងបន្លែនៅជុំវិញផ្ទះរបស់ខ្លួនផងនោះ ជនជាតិដើមភាគតិចពូនង លោក លី ឡាំ រៀបរាប់ថា ការដាំបន្លែផ្លែឈើជាលក្ខណៈគ្រួសារ និងដាំបែបសរីរាង្គផង គឺមាន​ប្រយោជន៍ដល់គ្រួសារច្រើន។

ចម្ការក្រូចវល្លិ៍ឬ ផាហ្សិន នៅក្រុងសែនមនោរម្យ និងនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី របស់ជនជាតិដើមភាគតិច ថត កាលពីខែវិច្ឆិកា ២០១៨។ រូបភាព៖​ សូត សុខប្រាថ្នា

លោក លី ឡា ប្រាប់​ថា ផលប្រយោជន៍ទាំងនោះ ដូចជាជួយឱ្យគ្រួសារមាន​​បន្លែ​ផ្លែឈើដែលគ្មានជាតិគីមីសម្រាប់បរិភោគគ្រប់គ្រាន់ ​​ និងអាចរកចំណូលបានខ្លះផង ម្យ៉ាង ដើម្បីជៀសវាងការពឹងផ្អែកលើកសិកម្មបែបប្រពៃណីបន្តទៀត។  ​

លោកបន្ថែមថា៖ «យើងសំណូមពរថាយើងគាំទ្រផលិតផលខ្មែរ យើងមិនឱ្យពលរដ្ឋហូបរបស់វៀតណាម ខ្លាចរបស់វៀតណាមវាប៉ះពាល់សុខភាពទៅ មកបន្ទោសផលិតខ្មែរ។ អីចឹងសំណូមពរ កុំសូវដឹករបស់វៀតណាមចូល»។

កសិករ​មួយរូបទៀត លោក រ៉យ ទើប ដែលកំពុងដាំដំណាំបែបសរីរាង្គនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឱ្យដឹងថា លោកបានដាំបន្លែ​ផ្លែឈើ​មួយចំនួននៅក្នុងចម្ការកាហ្វេរបស់ខ្លួន​តាមបែបសរីរាង្គ ដោយមិនប្រើថ្នាំឬជីគីមីទេ។ លោកគ្រោងនឹងពង្រីកការដាំដំណាំហូបផ្លែ ដូចជាផ្លែប័រ និងបន្លែឱ្យបានច្រើនបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីបំពេញតម្រូវការក្នុងគ្រួសារ។

លោក រ៉យ ទើប ៖ «បាទ! ដាំខ្លួនឯង ដូចថា ធានាគុណភាពអីចឹងដែរណា»។

អង្គការសមាគមខ្មែរលើ ដែល​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​កម្ពុជា បាន​ឱ្យដឹងថា នៅខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី មានជនជាតិដើមភាគតិច ដូចជា ជនជាតិពូនង(ព្នង) ទំពួន ចារ៉ាយ​ គ្រឹង កាវ៉ែត លន់ កាចក់ កួយ និង​ជនជាតិព្រៅ ​ដែលមានចំនួនប្រមាណជាង ១០ម៉ឺននាក់ ។ ​ ​

របាយកាណ៍មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ឆ្នាំ២០១៧ ឱ្យដឹងថា ផ្ទៃដីប្រមូលផលបន្លែគ្រប់មុខ មានចំនួន ៤៧៩ហិកតា ដោយទិន្នផលក្នុងមួយហិកតាទទួលផលបានជាង ២​តោន។

ចម្ការក្រូចវល្លិ៍ឬ ផាហ្សិន នៅក្រុងសែនមនោរម្យ និងនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី របស់ជនជាតិដើមភាគតិច ថត កាលពីខែវិច្ឆិកា ២០១៨។ រូបភាព៖​ សូត សុខប្រាថ្នា

អនុប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោក សេង សៅ មើលឃើញថាទំហំនៃការដាំដុះបន្លែបង្ការជាលក្ខណៈគ្រួសារ និងបែបសរីរាង្គ គឺមានការកើនឡើង ប៉ុន្តែ ការដាំដុះទាំងនោះ គឺបានតែនៅរដូវវស្សាប៉ុណ្ណោះ ដោយរដូវប្រាំងជួបបញ្ហាកង្វះទឹកស្រោចស្រព។

ប្រភពដដែលនេះនិយាយថា ខាងលោកមិនទាន់មានទិន្នន័យអំពីផ្ទៃដី និងចំនួនគ្រួសារដែលដាំបន្លែ​ផ្លែឈើសម្រាប់បរិភោគច្បាស់​លាស់នោះទេ ប៉ុន្តែ លោកថា ការដាំបន្លែ អាចក្នុងមួយភូមិមានប្រមាណ ៣០គ្រួសារ ចំណែកដំណាំហូបផ្លែ ជនជាតិដើមភាគតិចដាំស្ទើរទាំងអស់។

លោក សេង សៅ និយាយថា៖ «សម្រាប់ខ្ញុំផ្ទាល់ ក៏ដូចជាមន្ទីរហ្នឹង គិតថា វាជាការប្រសើរ ដោយថា កាត់បន្ថយចំណាយ និងបង្កើន​ចំណូល។ មួយទៀត ទាក់ទងនឹងសុខភាពផ្ទាល់ និងក្រុមគ្រួសារ។ យើងចុះមូលដ្ឋានផ្ទាល់សម្រាប់អ្នកដាំដុះ ហើយនឹងដៃគូសហការយើង។ តាមរយៈ NGO និងក្រុមហ៊ុនហ្នឹង យើងនឹងផ្តល់ពូជ ផ្តល់វគ្គបណ្តុះបណ្តាល ការតាមដានអីដល់គាត់»។

អនុប្រធានការិយាល័យដដែលនេះ អះអាងថា ខាងលោកនឹង​ចុះស្រង់ទិន្នន័យនៃការដាំដុះនេះឱ្យបានច្បាស់លាស់ ហើយនឹងឱ្យមន្ត្រីជំនាញចុះជួយណែនាំដល់ពលរដ្ឋអំពីការដាំដុះនេះបន្ថែមទៀតផងដែរ។

របាយការណ៍នានារួមទាំងអង្គការសមាគមខ្មែរលើ បានឱ្យដឹងថា ​រយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ភាគច្រើន​នៃ​ជនជាតិដើមភាគតិច​នៅខេត្តទាំងពីរនេះ បានបោះបង់មុខរបរបែបប្រពៃណីដូចជាចម្ការវិលជុំ និងការ​ពឹងផ្អែកអាស្រ័យលើអនុផលព្រៃឈើឬ ធនធានធម្មជាតិ ​ ដោយងាកមកធ្វើកសិកម្មតាមបច្ចេកទេស ឬបែបសរីរាង្គ ជាដើម​។​

ទីប្រឹក្សាអង្គការសេដាក លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា បច្ចុប្បន្ន ជនជាតិដើមភាគតិចនៅភូមិភាគឦសាន ត្រូវសម្របខ្លួនក្នុងការរស់នៅទៅ​តាម​ស្ថានភាពមួយថ្មីខុសពីមុន។

លោកថា ពីមុន ជនជាតិភាគតិច អាចរស់ពឹងអាស្រ័យលើ​ផលអនុផលព្រៃឈើ ធនធានធម្មជាតិ និងរបរប្រពៃណីរបស់ខ្លួនបាន ប៉ុន្តែ បច្ចុប្បន្ន ពួកគេត្រូវកែប្រែមកធ្វើកសិកម្មបែបទីផ្សារ និង​បែបសរីរាង្គ ដោយថា ដើម្បីបរិភោគផ្ទាល់ខ្លួន និងប្រកួតប្រជែងនៅលើទីផ្សារផងដែរ។

លោក យ៉ង សាំងកុមារ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ សូត សុខប្រាថ្នា

លោក យ៉ង សាំងកុមារ មាន​ប្រាប់​ថា៖ «ឥលូវ វាដល់សេដ្ឋកិច្ចទីផ្សារលុយ អីក៏ត្រូវប្រើលុយ ចាយលុយ។ សេវាទូរស័ព្ទបង់លុយ អីក៏បង់លុយ។ អីចឹង គាត់ត្រូវផលិតលក់ដើម្បីបានលុយ។ អីចឹង បើគាត់អាចបន្ស៊ាំខ្លួនទៅបាន វាអាចជាវិជ្ជមានសម្រាប់គាត់ ប៉ុន្តែ បើមិនអាចបន្ស៊ាំខ្លួនបាន មានន័យថា គាត់មិនអាចចូលរួមក្នុងទីផ្សារបាន​ វាអាចធ្វើឱ្យគាត់ចាញ់គេចាញ់ឯង ចាញ់ក្នុងការប្រកួតប្រជែងអីចឹង។ អាហ្នឹង ជារឿងត្រូវគិតគូរ ហើយអ្នកខ្លះគាត់អាចរត់រួចទៅ អ្នកខ្លះត្រូវចាប់មុខរបរអីផ្សេងទៅ»។

របាយការណ៍របស់អង្គការទិន្នន័យកម្ពុជា ហៅ​កាត់​ថា ODC ឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ជនជាតិដើមភាគតិចមានប្រមាណ ២០​ម៉ឺននាក់ ឬជាង ១ភាគរយ( ១,២%) នៃប្រជាជនសរុប ១៦លាននាក់ ហើយសព្វថ្ងៃនេះ ជនជាតិដើមភាគតិចមានចំនួន ២៤ក្រុម នៅទូទាំងខេត្តចំនួន ១៥ ​ហើយពួកគេបានបង្កើតជាសហគមន៍ចំនួន ៥០៣ និងមានការចូលរួម​ចំនួនប្រមាណ​ ៤៥ ០០០គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ