រដ្ឋាភិបាលកម្ពុជា ប្រកាសព្យួរពន្ធលើប្រាក់ចំណេញចំពោះសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្មរយៈពេល៥ឆ្នាំជាប់ៗគ្នា ដើម្បីជំរុញការនាំចេញ។
ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី២៩ ខែមករា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន បានសម្រេចឈប់យកពន្ធលើប្រាក់ចំណេញចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គងក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មដែលមានដូចជា ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។
ការសម្រេចនេះ គឺត្រូវបានអនុគ្រោះទៅលើប្រាក់បង់ពន្ធប្រចាំខែ ដែលនឹងចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩នេះតទៅ។
ប្រធានសមាគមកៅស៊ូ លោក ម៉ុង ឬទ្ធី គាំទ្រចំពោះការសម្រេចនេះដោយថា វាជាផ្នែកមួយនៃការជួយដល់អ្នកវិនិយោគ បន្ទាប់ពីកៅស៊ូលើទីផ្សារអន្តរជាតិហាក់គ្មានសន្ទុះកើនថ្លៃនោះ។
លោកថា៖ « វាគឺជាការជួយសម្រាលបន្ទុកមួយដែរសម្រាប់ឈ្មួញកណ្ដាល អ្នកនាំចេញ និងទិញបន្តអីហ្នឹង គឺជាការជួយសម្រាលការលំបាកជាបន្តបន្ទាប់។ រឿងហ្នឹង ប្រសិនជាយកពន្ធលើអ្នកទិញអាហ្នឹង អ្នកទិញក៏ទៅទិញពីកសិករក្នុងតម្លៃថោកដែរ » ។
អគ្គនាយកនៃក្រុមហ៊ុននាំចេញអង្ករ Amru Rice និងជាប្រធានសហព័ន្ធអ្នកនាំចេញម្រេចនៅកម្ពុជា លោក សុង សារ៉ន មានប្រសាសន៍ថា វិធានការនេះ គឺជំហានវិជ្ជមានដល់ការផលិត និងនាំចេញផលិតផលកសិកម្ម ហើយក៏ជំរុញឲ្យមានការប្រកួតប្រជែងលើវិស័យនេះកាន់តែខ្លាំងផងដែរ។
លោកថា៖ « អង្ករ!ចង់មិនចង់ គឺយើងបានសម្រួលច្រើនហើយ រឿងបញ្ហាអង្ករ។ អញ្ចឹង គឺកាន់តែជំរុញឲ្យរោងម៉ាស៊ីនតូចៗដែលគាត់កិន នាំចេញបានហ្នឹង ក៏គាត់មានលទ្ធភាពធ្វើបានដែរ។ អញ្ចឹងវា Cover(គ្រប់ដណ្ដប់) បានទាំងអស់អ្នកដែលចង់កិនជាស្រូវអង្ករហ្នឹង។ ឥឡូវនេះ វាជាសញ្ញាវិជ្ជមានដល់រោងម៉ាស៊ីនផ្សេងៗដែលគាត់អាចនាំអង្ករចេញបានដោយអត់ជាប់ពន្ធ(ប្រចាំខែ) » ។
យោងតាមច្បាប់ស្តីពីសារពើពន្ធ សហគ្រាសដែលជាប់ពន្ធមានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែតាមអត្រា១ភាគរយ លើចំណូលប្រចាំខែដែលសហគ្រាសទទួលបាន និងពន្ធអាករលើតម្លៃបន្ថែម១០ភាគរយ ដែលប្រមូលបានពីអ្នកទិញបង់ជូនរដ្ឋ។
ទីប្រឹក្សាអង្គការកសិកម្មសេដាក លោក សម វិទូ គាំទ្រចំពោះការឈប់យកពន្ធ១ភាគរយលើប្រាក់ចំណេញនេះ តែលោកថា រដ្ឋាភិបាលគួរមានវិធានបន្ថែមទៀតដើម្បីជំរុញឲ្យការផលិតនិងនាំចេញបានកាន់តែច្រើន ខណៈពេលដែលរដ្ឋសំរេចចិត្តបែបនេះ។
លោកថា៖ « ឧទាហរណ៍ ដូចជា ការជំរុញឲ្យមានទុនកម្ចីទៅដល់សហគមន៍កសិកម្ម ក៏ដូចជាទុនកម្ចីទៅដល់សហគ្រាសដែលកែច្នៃផលិតផលកសិកម្ម មានន័យថា ទុនកម្ចីហ្នឹងគឺមានការប្រាក់ទាបនៅក្នុងតម្លៃសមស្របណាមួយ ដែលអាចឲ្យពួកគាត់រកស៊ីចំណេញព្រោះថា បច្ចុប្បន្ននេះ កសិករដែលគាត់ចង់វិនិយោគលើវិស័យកសិកម្ម ដូចជា កម្ចីផ្សេងៗពីធនាគារ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអីហ្នឹង គឺគាត់ទទួលបានការប្រាក់ខ្ពស់បើធៀបនឹងប្រទេសជិតខាង » ។
វិធានការមិនយកពន្ធលើប្រាក់ចំណេញរយៈពេល៥ឆ្នាំនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសពីវិធានការពង្រឹងឯករាជ្យរបស់កម្ពុជា កាលពីដើមខែមករា ដែលមានជាបន្តបន្ទាប់ចាប់ពីការដកកាំកុងត្រូលចេញពីព្រំដែន ការលុបចោលស្ថាប័ននាវាចរកាំសាប និងការិយាល័យក្រសួងនៅថ្នាក់ស្រុកមួយចំនួន។
ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជានាំចេញអង្ករជាង៦២ម៉ឺនតោន និងកៅស៊ូជាង២២ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ៕









