បទ​យកការណ៍​៖ កម្មវិធីអក្ខរកម្ម​ជំរុញ​ស្ត្រី​ចំណាស់​ម្នាក់​​រួច​ផុត​ពី​អនក្ខរកម្ម​ក្លាយ​​ជា​គំរូ​ដល់​សមាជិក​សហគមន៍​

​ស្ត្រី​មេម៉ាយ​វ័យ ៧០​ឆ្នាំ​ម្នាក់​ឈ្មោះ ធីង ធៀង ដែល​ត្រូហៅ​ថា លោក​យាយ ថានី ​ដែលរស់​នៅ​ក្នុង​សហគមន៍​អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

«ពេល​យើង​ចេះ​អក្សរ​ទៅ​ ភ្នែក​យើង​កាន់​តែ​ភ្លឺ កាន់​តែ​ច្បាស់ ហើយ​ណា​មួយ​ រឿង​រៀន​សូត្រ​ហ្នឹង ចាស់​ក៏​ដោយ​ ខំ​រៀន​ឲ្យ​ក្មេង​យក​តម្រាប់​តាម កុំ​ឲ្យ​វា​ទៅ​ជក់​ម៉ា កុំ​ឲ្យ​វា​ទៅ​ដើរ​លេង កុំ​ឲ្យ​ប៉ោឡែ បាន​កូន​ចៅ​ឃើញ​ថា អូ! យាយ​អញ​រៀន​សូត្រ​បាន​ កូន​ចៅ​ខំ​រៀន​ដែរ! »។

នេះ​គឺ​ជា​សំឡេង​រៀបរាប់​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​​ការ​អប់រំពី​សំណាក់​ស្ត្រី​មេម៉ាយ​វ័យ ៧០​ឆ្នាំ​ម្នាក់​ឈ្មោះ ធីម ធៀង ដែល​ត្រូវ​បាន​សមាជិក​ក្នុង​សហគមន៍​របស់​គាត់ ​តែង​តែ​ហៅ​ថា លោក​យាយ ថានី។

លោក​យាយ ថានី​ ត្រូវ​បាន​សមាជិក​ក្នុង​ភូមិ​ដ្ឋាន​​របស់​គាត់​គោរព​ និង​កោតសរសើរ​ បន្ទាប់​ពី​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ បាន​ពុះពារ​ស្វែង​រក​ចំណេះ​ដឹង​ផ្នែក​អក្ខរកម្ម ការ​ថតរូប និង​ជំនាញ​វិជ្ជា​ជីវៈ​កាត់​សក់​ជាដើម។

នៅ​មុខ​ផ្ទះ​ទំហំ​ប្រមាណ​ ៥ គុណ​៥​ម៉ែត្រ​ ក្នុង​ភូមិ​របស់​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​ ដែល​ស្ថិត​លើ​អតីត​ភ្នំ​សំរាម​​ស្ទឹង​មាន​ជ័យ​ លោក​យាយ​ ថានី បាន​ឲ្យ​ដឹង​ថា លោក​យាយ​មិន​មែន​ជា​អ្នក​មាន​កំណើត​កើត​ជា​ធំ​ដឹង​ក្ដី​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យាយ​​មក​ពី​ភូមិ​បាទី ស្ថិត​ក្នុង​ស្រុក​ស៊ីធរកណ្ដាល ឯ​ខេត្ត​ព្រៃវែង​ ឯណោះ។

បើ​ជជែក​ដល់​ការ​អប់រំ​រៀន​សូត្រ លោក​យាយ​បាន​ឲ្យ​ដឹង​ថា បាន​ទទួល​ការ​សិក្សា​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​កាល​ពី​នៅ​វ័យ​កុមារ ដោយសារ​​តែ​របាំង​​ផ្នត់​គំនិត​របស់​ឪពុក​ម្ដាយ​ និង​ជីវភាព​គ្រួសារ​។

​ស្ត្រី​មេម៉ាយ​វ័យ ៧០​ឆ្នាំ​ម្នាក់​ឈ្មោះ ធីម ធៀង ដែល​ត្រូហៅ​ថា លោក​យាយ ថានី ​ដែលរស់​នៅ​ក្នុង​សហគមន៍​អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

លោក​យាយ​ ថានី​៖ «ម៉ែៗ​គាត់​ថា ​រៀន​ធ្វើ​អី​ទេ​កូន​អើយ ​ឲ្យ​តែ​ចេះ​អក្សរ​មាន​ស្នេហា សរសេរ​សំបុត្រ​អី​ ខ្ញុំ​ក៏​ឈប់​រៀន​ទៅ! ហើយ​ណា​មួយ​ ខ្ញុំ​ក៏​នៅ​មើល​ប្អូន​ទៅ រកស៊ី​អី​ស៊ី​ឈ្នួល​ទៅ​ យក​មក​មើល​ប្អូន ហើយ​ម្ដាយ​ខ្ញុំ​គាត់​ក្រ ចំណែក​ឪពុក​ខ្ញុំ​គាត់​ទៅ​រក​ត្រី​ទាំង​យប់​ទាំង​ថ្ងៃ​ធ្វើ​យ៉ាង​ណា​យក​មក​ចិញ្ចឹម​កូន»។

ស្ត្រី​រូប​នេះបាន​បន្ទោស​ទៅ​លើ​កត្តា​កង្វះ​ការ​អប់រំ​នេះ​ថា ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​រូប​គាត់​ជួប​បញ្ហា​លំបាក​នៅ​ក្នុង​ជីវភាព​ជា​បន្ត​បន្ទាប់ ជាពិសេស​ក្រោយ​ពី​ស្វាមី​របស់​គាត់​បាន​បាត់​បង់​ជីវិត​អំឡុង​ឆ្នាំ​១៩៩០ ហើយ​​បញ្ហានេះ​ក៏​បន្ត​កើត​ឡើង​ចំពោះ​កូន​ស្រី​ទាំង ២​នាក់​របស់​គាត់​ផង​ដែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

តែយ៉ាងណា ស្ត្រី​មេ​ម៉ាយ​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​ការ​គិត​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក ក្រោយ​ពី​គាត់​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​សហគមន៍​អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា ដែល​មាន​លោក Scott Neeson ជា​ស្ថាបនិក និង​ជា​អ្នក​ជួយ​ដល់​សហគមន៍​ក្រី​ក្រ​នៅ​លើ​អតីត​គំនរ​សំរាម​ស្ទឹងមានជ័យ។

លោក​យាយ​ ថានី រៀបរាប់​ថា៖ «ខ្ញុំ​ខំ​រៀន​ដើម្បី​ឲ្យ​ចៅ​ៗ​ខ្ញុំ​ខំ​រៀន​តាម​យាយ​ឲ្យ​ចេះ​ដឹង​ កុំ​ឲ្យ​ភ្លើត​ភ្លើន កុំ​គេច​សាលា​អី។ អ្ហែង​មើល​អញ​ខំ​រៀន​បើ​ទោះ​បី​​ចាស់​ហើយ​ អ្ហែង​នៅ​តូច​ទេ​ ខំ​រៀន​ឲ្យ​ចេះ អត់​ពី​យាយ​ទៅ ​ចៅ​ឯង​បាន​រៀន​ យាយ​គ្មាន​អី​ឲ្យ​ចៅ​ឯង​ទេ! មាន​តែ​តម្រិះ​វិជ្ជា​​ហ្នឹង​ ឲ្យ​ចៅ​រៀន​សូត្រ​ទៅ​ កុំ​ឲ្យ​ពិបាក​ស៊ី​ឈ្នួល​ដូច​យាយ​ទៀត»។

ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​ស្ត្រី​រូប​នេះ បាន​ជំរុញ​ឲ្យ​គាត់​សម្រេច​បញ្ចប់​ការ​សិក្សា​ថ្នាក់​អក្ខរកម្ម​កម្រិត ៣ បន្ទាប់​ពី​សិក្សា​រៀន​អក្សរ​សាស្ត្រ​ខ្មែរ​អស់​រយៈ​ពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​រូប​គាត់​ត្រូវ​បាន​ជ្រើស​រើស​ឲ្យគ្រង​ឈុត​បញ្ចប់​ការ​សិក្សា និង​ទទួល​សញ្ញាបត្រដែល​ប្រគល់​ឲ្យ​ដោយ​សម្ដេច​ព្រះរាជ​បុត្រី នរោត្ដម អរុណរស្មី កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​មក​នេះ។

លោកយាយ ថានី ក្នុងថ្ងៃទទួល​សញ្ញាបត្រដែល​ប្រគល់​ឲ្យ​ដោយ​សម្ដេច​ព្រះរាជ​បុត្រី នរោត្ដម អរុណរស្មី កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ ឆ្នាំ២០១៩។ រូបភាព៖ ​អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា

លោក​យាយ៖ «ការ​ធ្វើ​បែប​នេះ​ បាន​ជួយ​លើក​ទឹក​ចិត្ត​យើង​ខ្លាំង​ណាស់! ខ្ញុំ​អរ​រីករាយ​ណាស់​បាន​គាត់​មក​ផ្ដល់​​សញ្ញាប័ត្រ​ឲ្យ»។

ប្រធាន​កម្មវិធី​ទំនាក់ទំនង​សហគមន៍​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា លោក ហូយ លានហ័ន បាន​ឲ្យ​ VOD ដឹង​ថា​ កម្មវិធី​អក្ខរកម្ម​នេះ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ទទួល​សំណូម​ពរ​ពី​សមាជិក​សហគមន៍​ ហើយ​​រហូត​មក​ដល់​ពេល​នេះ ​អង្គការ​​លោក​បាន​បណ្ដុះបណ្ដាល​ថ្នាក់​អក្ខរកម្ម​ដល់​ប្រជា​សហគមន៍​បាន ​១៣៨នាក់​រួច​ហើយ​។

លោក ហូយ លានហ័ន ប្រធាន​កម្មវិធី​ទំនាក់ទំនង​សហគមន៍​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

លោក​ ហូយ លានហ័ន ថា៖ «ភាគ​ច្រើន​ដែល​ខ្ញុំ​ស្ដាប់​ពី​ចំណាប់​អារម្មណ៍​​ពី​លោក​យាយ​លោក​តា​ទាំង​នោះ​ ដែល​គាត់​តែង​តែ​ប្រាប់​ខ្ញុំ​ថា ជួន​កាល​គាត់​ចង់​មើល​សារព័ត៌មាន​ តែ​គាត់​អត់​ដឹង​ថា ​គាត់​ធ្វើ​យ៉ាង​ម៉េច ព្រោះ​គាត់​អត់​ចេះ​អាន​ គាត់​លំបាក​ ព្រោះ​គាត់​អត់​មាន​លទ្ធភាព។ យាយ​ខ្លះ​គាត់​ចង់​សរសេរ​សំបុត្រ​ គាត់​ទៅ​ពឹង​គេ​ ពេល​ខ្លះ​ក៏​គេ​មិន​សប្បាយ​ចិត្ត​ គេ​មិន​សរសេរ​ឲ្យ​គាត់​អី​អញ្ចឹង​ទៅ​។ នេះ​ជា​អ្វី​ដែល​គាត់​ប្រាប់​ខ្ញុំ​ជា​រឿយៗ»។

មន្ត្រី​ធ្វើការ​សហគមន៍​រូប​នេះ បាន​លើក​ឡើង​ពី​តម្លៃ​នៃ​ការ​អប់រំ​ថា​ ការ​ចេះ​អក្សរ​មិន​ត្រឹម​តែ​ជួយ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូន​ចៅ​ខំ​រៀន​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​ជួយ​ឲ្យ​អាណាព្យាបាល​អាច​តាម​ដាន​ការ​សិក្សា​របស់​កូន​ចៅ​របស់​ពួកគេ​បាន​ជាក់​លាក់​ផង​ដែរ។

លោក ហូយ លានហ័ន ប្រធាន​កម្មវិធី​ទំនាក់ទំនង​សហគមន៍​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា កំពុងបណ្ដុះបណ្ដាល​ថ្នាក់​អក្ខរកម្ម​ដល់​ប្រជា​សហគមន៍​។ រូបភាព៖ ​អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា

លោក ហូយ លានហ័ន រៀបរាប់ថា៖ «ខ្ញុំ​ឲ្យ​ឧទាហរណ៍​ដ៏​តូច​មួយ ​ឪពុកម្តាយ ​ឬ​ក៏​លោក​យាយ​លោក​តា​ហ្នឹង ​គាត់​មាន​កូន​មាន​ចៅ​ទៅ​រៀន គាត់​ចង់​ដឹង​ពី​ការ​សិក្សា​របស់​កូន​របស់​ចៅ​គាត់ លោក​គ្រូ​អ្នក​គ្រូ​គាត់​ផ្ញើ​សៀវភៅ​តាមដាន​ពី​ការសិក្សា​របស់​ប្អូនៗ​ដែល​ជា​កូន​ជា​ចៅ​របស់​គាត់​ហ្នឹង​។ គាត់​មើល​សៀវភៅ​ដែល​គាត់​រៀន​ប្រចាំ​ខែ ឬ​សៀវភៅ​កិច្ចការ​របស់​កូន​ចៅ​ហ្នឹង ​គាត់​អត់​ដឹង​ធ្វើ​ម៉េច​ទេ ​ព្រោះ​គាត់​អត់​ចេះ​មើល​​ចេះ​អាន។ អញ្ចឹង ​គាត់​អត់​អាច​ដឹង​ថា ​កូន ​ឬ​ក៏​ចៅ​របស់​គាត់​ហ្នឹង​រៀន​បាន​ល្អ​ដែរ​ឬ​អត់​ទេ»។ 

កម្ពុជា​ចាប់​ផ្តើម​បង្កើត​កម្មវិធី​អក្ខរកម្ម​តាំង​ពី​ឆ្នាំ២០០០មក​ ដើម្បី​ជំរុញ​ពលរដ្ឋ​ដែល​មិន​ចេះ​អក្សរ​ឲ្យ​មាន​លទ្ធភាព​​ចេះ​អាន និង​សរសេរ​អក្សរ​​ជាតិបាន​ ហើយ​រដ្ឋាភិបាល​ក៏​បាន​កំណត់​យក​ថ្ងៃ​៧ ខែ​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ ​ជា​ទិវា​អក្ខរកម្ម​ជាតិ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ ជួនណារ៉ុន ធ្លាប់​លើក​ឡើង​កាល​ពី​ឆ្នាំ​២០១៧​ ថា​ បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​អនក្ខរជន​ជាង​មួយ​លាន​នាក់​ទៀត​ដែល​មិន​ចេះ​អក្សរ​ ដែល​នេះ​នៅ​​តែ​ជា​បញ្ហា​ប្រឈម​របស់​រដ្ឋ​នៅ​ឡើយ​។

លោក​បន្ថែម​ថា​ ថ្នាក់​អក្ខរកម្ម​​មិន​ត្រឹម​​តែ​ជួយ​ពលរដ្ឋ​ឲ្យ​​ចេះ​អាន​ ចេះ​សរសេរ ចេះ​និយាយ​ភាសា និង​អក្សរ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ ថែម​ទាំង​ចេះ​ប្រើប្រាស់​ជំនាញ​អាជីព​ប្រចាំ​ថ្ងៃ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​របស់​ខ្លួន និង​ក្រុម​គ្រួសារ ព្រម​ទាំង​ធ្វើ​ឲ្យ​សហគមន៍ និង​សង្គម​ជាតិ​ រីក​ចម្រើន​ផង​ដែរ។

អ្នកនាំពាក្យក្រសួងអប់រំលោក ឌី ខាំបូលី បានឲ្យVOD ដឹងបន្ថែមថា ក្នុងឆ្នាំ២០១៨កន្លងទៅ ពលរដ្ឋ​កម្ពុជា​ជាង​១ម៉ឺន៦ពាន់​នាក់​បាន​ឆ្លងផុតពីភាពមិនចេះអក្សរ ដែលត្រូវចំណាយថវិការដ្ឋអស់ប្រមាណ ១ពាន់៦រយលានរៀល ឬជាង​៤១ម៉ឺន​ដុល្លារ​អាមេរិក​។

​សម្រាប់​លោក​យាយ ​ថានី ថ្នាក់​អក្ខរកម្ម​ គឺ​បាន​ផ្ដល់​ពន្លឺ​ថ្មី​ដល់​លោក​យាយ និង​មនុស្ស​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ពួកគេ​មើល​ឃើញ​ពិភព​លោក​ថ្មីមួយ​ ដែល​កើត​ចេញ​ពី​​ការ​អានសៀវ​ភៅ និង​ព័ត៌មាន​ផ្សេង​ៗ។

បើ​ទោះ​បី​ឈាន​ជិត​ដល់​វ័យ​៧០​ឆ្នាំ​ក៏​ដោយ ​ក៏​លោក​យាយ ​ថានី​ អះ​អាង​ថា ​រូប​គាត់​នឹង​នៅ​តែ​សិក្សា​បន្ត​ទៀត ដោយ​លោក​យាយ​ចង់​រៀន​ភាសា​អង់គ្លេស​បន្ថែម​ផង​ដែរ ​ដើម្បី​ងាយ​ស្រួល​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​ជន​បរទេស។

លោក​យាយ​ ថានី៖ «គ្មាន​អ្នក​ណា​សើច​ទេ! បើ​គេ​សើច​ ឲ្យ​គេ​សើច​ទៅ​ចុះ​ បើ​យើង​ចង់​ចេះ​ខ្លួន​យើង​! សម្រាប់​ខ្ញុំ​បើ​លោក​គ្រូ​ (អង្គការCCF) ឲ្យ​រៀន​ ខ្ញុំ​រៀន​ទៀត​ បន្ត​អង់គ្លេស​ទៀត​ក៏​បាន​ដែរ»។ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ