ក្រសួងអប់រំឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅក្រសួង និងដៃគូអភិវឌ្ឍន៍បានបណ្ដុះបណ្ដាលពលរដ្ឋជាង១ម៉ឺន៦ពាន់នាក់ ឲ្យរួចផុតពីភាពមិនចេះអក្សរ។
អ្នកនាំពាក្យក្រសួងអប់រំលោក ឌី ខាំបូលី បានឲ្យ VOD ដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្មវិធីអក្ខរកម្មជាតិទូទាំងប្រទេស បានជួយពលរដ្ឋកម្ពុជាជាង១ម៉ឺន៦ពាន់នាក់(១៦ ៨៥០នាក់) បានឆ្លងផុតពីភាពមិនចេះអក្សរ ក្នុងនោះស្ត្រីជាង១ម៉ឺននាក់(១១ ៨៥០នាក់)។ ប្រភពដដែលឲ្យដឹងបន្ថែមថា កម្មវិធីនេះ បានចំណាយថវិការដ្ឋអស់ប្រមាណ ១ពាន់៦រយលានរៀល ឬជាង៤១ម៉ឺនដុល្លារអាមេរិក។
របាយការណ៍ក្រសួងអប់រំក្នុងឆ្នាំ២០១៧ កម្ពុជានៅមានអនក្ខរជនអាយុពី១៥ ដល់៤៥ឆ្នាំដែលនៅសេសសល់ជាង១លាន៦សែននាក់ទៀត ក្នុងនោះស្ត្រីមានចំនួនជិត៨៦ម៉ឺននាក់៕









