ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ប្រកាសពីជោគជ័យលើឆាកអន្តរជាតិបន្ទាប់ពីគណៈប្រតិភូឡើងថ្លែងការពារពីបញ្ហាសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីចុងខែមករា។
លោក កែវ រ៉េមី បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីវិលត្រលប់មកពីទីក្រុងហ្សឺណែវប្រទេសស្វីសនៅយប់ថ្ងៃទី១ កុម្ភៈ ថា ការបកស្រាយរបស់គណៈប្រតិភូកម្ពុជាទៅកាន់ឆាកអន្តរជាតិពីបញ្ហាសិទ្ធិមនុស្ស ទទួលបានការគាំទ្រភាគច្រើនពីប្រទេសដែលបានចូលរួមផ្ដល់យោបល់នៅក្នុងកិច្ចប្រជុំនោះ លើកលែងតែប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ។
លោកបន្តថា៖ « មានប្រទេសមួយចំនួនតូចទេ! គាត់នៅតែប្រកាន់របៀបអវិជ្ជមានជាមួយយើង ហើយប្រទេសណាខ្លះបងប្អូនដឹងហើយ មានប្រទេសណាខ្លះនៅអឺរ៉ុប ហើយអាមេរិកគាត់លើកដដែលៗរឿងនយោបាយ ប្រជាធិបតេយ្យ នៅពេលដែលយើងជម្រាបជូនគាត់ទៅវិញ។ អ្នកខ្លះបងប្អូនយើងសង្កេត អ្នកខ្លះមុខឡើងក្រហមទៅៗដូចរងើកភ្លើងអញ្ចឹង! គាត់ឈឺដែរ យើងដាក់ឡើងស្ពឹកមុខនៅកណ្ដាលអង្គប្រជុំ » ។
ទោះជាយ៉ាងក្នុងការការពារពីបញ្ហាសិទ្ធិមនុស្សលើកនេះ កម្ពុជាទទួលបានអនុសាសន៍ពីប្រទេសជាសមាជិកចំនួន១៦៨អនុសាសន៍ដើម្បីឲ្យកម្ពុជាទទួលយកកែតម្រូវ ដែលលោកចាត់ទុកថាជារឿងល្អ។
លោកបន្ថែមថា៖ « សុំជម្រាបថា១៦៨ហ្នឹងអនុសាសន៍សឹងតែភាគច្រើនមែនទែនតែម្ដងគឺស្ថាបនា មានន័យថាគឺសុំឲ្យបន្តមានការអភិវឌ្ឍនៃសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រហ្នឹងបន្តទៀត រដ្ឋាភិបាលគឹអញ្ចេះៗគេគាំទ្រចំពោះដំណើរការការកសាងប្រទេស » ។
ក្នុងកិច្ចប្រជុំពីបញ្ហាសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃពុធ តំណាងប្រទេសសេរីមួយចំនួនមានដូចជាអាមេរិក កាណាដា ចក្រភពអង់គ្លេស ជាដើមបានថ្លែងរិះគន់ និងរំឭកមកកាន់រដ្ឋាភិបាលកម្ពុជាឲ្យវិលទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីពួកគេមើលឃើញថាសិទ្ធិធ្វើនយោបាយ និងសិទ្ធិបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូច ខណៈកម្ពុជាបានឆ្លើយតបថាខ្លួនទទួលយកតែអនុសាសន៍ប៉ុណ្ណោះ ដោយប្រឆាំងដាច់ខាតការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង៕









