ក្រសួងការពារជាតិកម្ពុជា បានច្រានចោលព័ត៌មានដែលថា កម្ពុជាបានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងទឹកដីរបស់ខ្លួន ហើយបានចាត់ទុកព័ត៌មាននេះថា ជាព័ត៌មានញុះញង់ពីសំណាក់ចារកម្មអាមេរិក។
ក្រសួងការពារជាតិកម្ពុជាបានប្រកាសច្រានចោលបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រកន្លងមកនេះ ៣ថ្ងៃក្រោយពីអាមេរិកបានចេញផ្សាយរបាយការណ៍មួយមានចំណងជើងថា «ការវាយតម្លៃពីការគំរាមកំហែងទូទាំងពិភពលោក»។
របាយការណ៍កម្រាស់ ៤២ទំព័រដែលចេញដោយនាយកទីភ្នាក់ងារជាតិ លោក Daniel R. Coats បានលើកឡើងថា ប្រទេសកម្ពុជាកំពុងធ្លាក់ទៅរករបបផ្ដាច់ការ ដែលស្ថិតនៅក្រោមអំណាចនៃគណបក្សប្រជាជនកម្ពុជា និងការក្ដោបក្ដាប់ទាំងស្រុងទៅលើស្ថាប័ននីតិប្បញ្ញត្តិ។
របាយការណ៍រៀបរាប់បន្តថា ស្ថានភាពបែបនេះ បើកផ្លូវឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដែលអាចនាំឲ្យមានវត្តមានកងទ័ពចិននៅក្នុងប្រទេស។
ក្រសួងការពារជាតិកម្ពុជា បានហៅរបាយការណ៍នេះថា ជាចេតនាអាក្រក់មួយក្នុងការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា និងការលាបពណ៌លើភាពឯករាជ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍របស់កម្ពុជា។
ក្រសួងការពារជាតិ បានយោងទៅលើសម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកមិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញតឲ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះឡើយ។
ក្រសួងការពារកម្ពុជាក៏បានជំរុញទៅទីភ្នាក់ងារចារកម្មអាមេរិក ឲ្យចុះមកស្វែងរកការពិតអំពីព័ត៌មាននេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធម្ដងរួចមកហើយកាលពីឆ្នាំមុន បន្ទាប់ពីសារព័ត៌មាន Asia Times បានចុះផ្សាយមុនថា រដ្ឋាភិបាលចិនកុម្មុយនីស្តកំពុងតែបញ្ចុះបញ្ចូលរដ្ឋាភិបាលកម្ពុជា ឲ្យអនុញ្ញាតឲ្យប្រើប្រាស់កំពង់ផែនៅខេត្តកោះកុង ធ្វើជាមូលដ្ឋានទ័ពជើងទឹក៕