មហាអំណាចកុម្មុយនីស្ដចិន និងសហរដ្ឋអាមេរិក បានរុញការទទួលខុសត្រូវដាក់គ្នាវិញទៅមកចំពោះរដ្ឋប្រហារកាលពីជិត ៥០ឆ្នាំមុន ដែលបានទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីអំណាច និងដែលបានទាញទម្លាក់កម្ពុជាចូលទៅក្នុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣០ ខែមករាកន្លងមកនេះ ដែលបានលើកឡើងអំពីទិវាជ័យជម្នះ ៧ មករា ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះចេញជាង ៣សប្ដាហ៍ក្រោយពីកម្ពុជាប្រារព្ធខួប ៤០ឆ្នាំនៃទិវាជ័យជម្នះ ៧ មករា។
ស្ថានទូតអាមេរិកបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ទៅលើមហាអំណាចធំមួយ ដែលមានផលប្រយោជន៍ខុសពីផលប្រយោជន៍របស់ប្រជាជនកម្ពុជា»។
សេចក្តីថ្លែងការណ៍ចំពោះទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧ មករានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩…
Posted by U.S. Embassy Phnom Penh, Cambodia on Wednesday, January 30, 2019
បើទោះបីជាស្ថានទូតអាមេរិកពុំបានបញ្ជាក់ឲ្យចំៗទៅលើមហាអំណាចមួយក៏ដោយ ប៉ុន្តែ រូបថត ៤សន្លឹកដែលផ្សព្វផ្សាយភ្ជាប់ជាមួយសេចក្ដីថ្លែងការណ៍នោះ បានបង្ហាញមន្ត្រីជាន់ខ្ពស់ចិន ដូចជា អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន លោក វ៉ាង តុងស៊ិន អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន លោក ហ៊ូ យ៉ាបាង ដែលបានមកទស្សនកិច្ចនៅកម្ពុជាចុងឆ្នាំ១៩៧៨ អំឡុងពេលកម្ពុជាស្ថិតក្រោមការដឹកនាំដោយក្រុមមេដឹកនាំខ្មែរក្រហម។
សេចក្ដីថ្លែងការណ៍ភ្ជាប់ជាមួយរូបថតនេះ បានជំរុញឲ្យស្ថានទូតចិនប្រចាំនៅកម្ពុជាចេញមុខប្រតិកម្មតប ដោយបានចោទទីភ្នាក់ងារចារកម្មអាមេរិក CIA ថា ជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ។
ស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា៖ «ក្នុងពេលថ្មីៗនេះ ស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់ រដ្ឋប្រហាដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេលយ៉ាងយូរនោះ មិនមានទំនាក់ទំនងអ្វីនឹង “US”ទេ ប៉ុន្តែ មានទាក់ទងនឹង CIA»។
ក្នុងពេលថ្មីៗនេះ…
Posted by Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 on Friday, February 1, 2019
ស្ថានទូតមហាអំណាចទាំងពីរ បានចាប់ផ្ដើមប្រតិកម្មនឹងគ្នាទៅវិញទៅមកបែបនេះ តែជាង ១សប្ដាហ៍ប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិន ជាទីដែលលោកប្រកាសថា មហាអំណាចកុម្មុយនីស្តមួយនេះ បានសន្យាផ្ដល់ជំនួយឥតសំណងចំនួន ៦០០លានដុល្លារដល់កម្ពុជាចាប់ពីឆ្នាំនេះសម្រាប់រយៈពេល ៣ឆ្នាំ៕









