កសិករ​មួយ​ចំនួន​ថា ​តម្លៃ​ស្រូវ​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ​

ទិន្នផលស្រូវដែលប្រជាកសិករប្រមូលបាន

កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន អះអាងថា ​តម្លៃ​ស្រូវ​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​នា​ដើម​ខែ​កុម្ភៈ​នេះ ខណៈ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លើក​ថា​ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​វៀតណាម​រវល់​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ តែ​វា​មិន​ប៉ះពាល់​ដល់​ចំណូល​កសិករ​នោះ​ទេ។

កសិករ​នៅ​ក្នុង​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ លោក​ សុខ កាក់ បាន​ឲ្យ​ដឹង​ថា តម្លៃ​ស្រូវ ​IR ៥៤ ដែល​កសិករ​ប្រមូល​ផល​បាន​ក្នុង​ខែ​កុម្ភៈ​នេះ​បាន​បន្ត​ធ្លាក់​ថ្លៃ​បន្ត​ទៀត​ ដែល​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ដោយសារ​ការ​មិន​ងើប​ឡើង​នៃ​តម្លៃ​នេះ។

លោក​បន្ថែម​ថា​ តម្លៃ​ស្រូវ ​IR បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ ​៦១ម៉ឺនរៀល​ក្នុង​មួយ​តោន ខណៈ​កាល​ពី​ខែ​មករា ​តម្លៃ​ស្រូវ​ក្នុង​មួយ​តោន​ លោក​អាច​លក់​បាន​តម្លៃ​ជាង​ ៦៦ម៉ឺនរៀល​។

លោក សុខ កាក់ ប្រាប់​ថា៖ «តម្លៃស្រូវចុះថោកប៉ុណ្ណឹង មិនអាចរស់បានទេ ចង់និយាយថា មិនអាចទូទាត់ថ្លៃឈ្នួល ថ្លៃ​ស្រែ ថ្លៃជី ហើយនិងថ្លៃថ្នាំបានទេ! បើទោះបីជាយើងធ្វើស្រែរហូតដល់ទៅ ទៅតោនក៏ដោយ ក៏មិនអាចទូទាត់បានគ្រប់​ទេ អត់រួចខ្លួន!»

ពលរដ្ឋ​រស់​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ​អ្នក​ស្រី សែម ភា មាន​ប្រសាសន៍​ថា ​ស្រូវ​ក្នុង​ស្រុក​អ្នក​ស្រី​ បច្ចុប្បន្ន​ ចុះ​​ថ្លៃ​ពី​ក្នុង​មួយ​តៅ​ជាង​ ១​​ម៉ឺន​រៀល​ក្នុង​ខែ​មករា មក​នៅ​តម្លៃ​ពី ​៨២០០រៀល​ដល់​ ៨៤០០រៀល​ប៉ុណ្ណោះ ហើយ​លើស​ពី​នោះ ​គ្មាន​ឈ្មួញ​ចុះ​មក​ទិញ​នោះ​ទេ។

អ្នកស្រី​ថា៖ «បើ​ខ្មែរ​យើង​អត់​មាន​ឃើញ​(អ្នក)ណា​គេ​ចុះ​ទិញ​ទេ មាន​តែ​វៀតណាម​ទេ​ ជញ្ជូន​ទៅ​រាល់​ឆ្នាំ​ ហើយ​ឆ្នាំ​នេះ​ស្ងាត់​ឈឹង»។ 

កសិករ​រស់​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម លោក ភិន សុផល មាន​ប្រសាសន៍​ថា ​តម្លៃ​ស្រូវ​ក្នុង​ស្រុក​លោក​នៅ​មាន​តម្លៃ​ថេរ​នៅ​ឡើយ ​បើ​ធៀប​នឹង​ខែ​មករា​ដែល​មាន​តម្លៃ ​៦រយរៀល​ក្នុង​មួយ​គីឡូ។​ ទោះ​ជា​យ៉ាង​ណា​ ស្រូវ​ក្នុង​តម្លៃ​នេះ លោក​ថា មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិស្រុក​លោក​អាច​រួច​ខ្លួន​ ឬ​ចំណេញ​នោះ​ទេ។

លោក​ថា៖ « ឥឡូវហ្នឹង ប្រជាកសិករមួយចំនួនបង្ខំចិត្តលក់ស្រូវដែលទើបតែបាច់ជីបានម្ដងហ្នឹង ត្រូវបង្ខំចិត្តលក់ទាំងដីទាំងស្រូវតែម្ដង លក់ឲ្យអ្នកដែលនៅក្បែរហ្នឹង​ (អ្នកជាប់ដី) ដោយគាត់ថា ទុកទៅក៏មិនចំណេញដដែលលក់ស្រែប្រាំងហ្នឹងចោលហ្មង »

VOD មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ បាន​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​៣០ ខែ​​មករា​កន្លង​មក​នេះ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ លោក វេង សាខុន បាន​ស្នើ​ទៅ​កាន់​ក្រុម​ឈ្មួញ និង​ប្រទេស​វៀតណាម​ ឲ្យ​ប្រទេស​នេះ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

លោក​ក៏​បាន​លើក​ឡើង​ក្នុង​ហ្វេសបុក​របស់​លោក​កាល​ពី​ចុង​សប្ដាហ៍​មុន ​ក្នុង​ពេល​ដែល​លោក​ចុះ​ជួប​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ​ថា ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​ គឺ​បណ្ដាល​មក​ពី​ឈ្មួញ​វៀតណាម​រវល់​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្លួន ខណៈ​ឈ្មួញ​ក្នុង​ស្រុក​ឆ្លៀត​ឱកាស​ទម្លាក់​តម្លៃ​ក្នុង​ស្រុក​។

លោក​សរសេរ​ថា​៖ «តម្លៃស្រូវធ្លាក់ចុះ មកពីក្នុងអំឡុងពេលចូលឆ្នាំចិនវៀតណាម ឈ្មួញវៀតណាមមិនបានចុះប្រមូលទិញស្រូវ រួមជាមួយប្រជាកសិករយើងខ្វះឃ្លាំងស្តុក សម្ងួត និងចំពេលវេលាដែលចាំបាច់ត្រូវតែប្រមូលផល បានផ្តល់ឱកាសឱ្យឈ្មួញកណ្តាលទម្លាក់តម្លៃស្រូវ។ តែទោះជាយ៉ាងណា ការធ្លាក់ចុះតម្លៃស្រូវនាពេលនេះមិនទាន់ដល់កម្រិតមួយថាខាតបង់កម្រៃនៅឡើយ គ្រាន់តែថា ចំណូលបានតិចជាងបើប្រៀបធៀបទៅឆ្នាំ២០១៨ »

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ថេង សាវឿន បារម្ភ​ថា​បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​កសិករ​ដែល​ជាប់​បំណុល​នៅ​ធនាគារ​កាន់​តែ​ខ្លាំង។ លោក​ឲ្យ​ជា​យោបល់​ថា ​រដ្ឋាភិបាល​គួរ​តែ​រក​ទីផ្សារ​ជាក់លាក់​ណា​មួយ​សម្រាប់​កម្ពុជា​កុំ​ពឹង​តែ​វៀតណាម និង​ថៃ ជា​ពិសេស​គួរ​តែ​ត្រៀម​ថវិកា​ជាតិ​ដើម្បី​ត្រៀម​ទិញ​ស្រូវ​កសិករ​ទុក​។

កម្ពុជា​បាន​បង្កើត​ស្ថាប័ន​អភិវឌ្ឍន៍​កសិកម្ម​ចំនួន​ពីរ​តាំង​ពី​ចុង​ទសវត្ស​១៩៩០ ដែល​រួម​មាន​ ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​ក្រុមហ៊ុន​កសិកម្ម​ហ្គ្រីនត្រេដ តែ​សម្រាប់​លោក​ ថេង សាវឿន ​យល់​ថា​​ស្ថាប័ន​ពីរ​នេះ​ហាក់​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ ហើយ​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ក៏​មិន​ស្គាល់​ស្ថាប័ន​នេះ​ច្បាស់​នៅ​ឡើយ​ទេ។

លោក​ថា៖ « ហើយបើមានការបង្កើតហើយមិនមានការចូលរួមពីប្រជាពលរដ្ឋ កសិករដែលផលិតទេ! ខ្ញុំគិតថាកសិករគាត់នៅតែកង្វះព័ត៌មានក្នុងការទទួលអត្ថប្រយោជន៍នៃការបង្កើតក៏មិនអាចចូលរួមយន្តការដែលរដ្ឋបានផ្ដល់ឲ្យនោះ។ អញ្ចឹងកន្លងមកហ្នឹង យើងទទួលស្គាល់ការបង្កើតក៏ប៉ុន្តែព័ត៌មាននៃការបង្កើតក៏វិធីសាស្ត្រ ក៏នីតិវិធីបែបណាដែលពលរដ្ឋអាចទទួលយកបាននូវសេវាកម្មហ្នឹងនៅមិនទាន់បានផ្សព្វផ្សាយបានទូលំទូលាយ​ »

កាលពីថ្ងៃទី១៦ ខែ​មករា សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា។ ទាំង​រដ្ឋាភិបាល​កម្ពុជា និង អ្នក​ស្រាវជ្រាវ​ចាត់​ទុក​ថា​ ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​ស្រូវ និង​ជីវភាព​កសិករ។ បើ​តាម​កសិករ​តម្លៃ​ស្រូវ​ដែល​គាត់​អាច​ទទួល​យក​បាន ដែល​អាច​ឲ្យ​គាត់​ចំណេញ​ពី​ការ​ផលិត​ស្រូវ​លុះ​ត្រាតែ​តម្លៃ​ចាប់​ពី១០០០ រៀល​ឡើង​ទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ