សង្គមស៊ីវិល ថាការប្តេជ្ញាទប់ស្កាត់បទល្មើស​ព្រៃឈើ​នឹងមិនមាន​ប្រសិទ្ធភាព បើឧក្រិដ្ឋជនធំៗ​នៅតែរួចខ្លួន​

សកម្មជនព្រៃឡង់ កាលពីពេលកន្លងទៅ (រូបភាព៖ បណ្ដាញសង្គម)

ក្រុម​សង្គមស៊ីវិលមួយចំនួន​ដែលធ្វើលើកាងារពាក់ព័ន្ធនឹង​ធនធាន​ធម្មជាតិ បាន​លើកឡើងថាការប្តេជ្ញាចិត្តជាថ្មីក្នុងការទប់ស្កាត់បទល្មើសព្រៃឈើរបស់​គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងមិនមានប្រសិទ្ធិភាពនោះទេ បើគ្មានការទោសឧក្រិដ្ឋជនធំៗនៅពីក្រោយ​។

មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍នៃ​សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ដើម្បីឱ្យការប្តេជ្ញាក្នុងការថែរក្សារធនធានធម្មជាតិមានប្រសិទ្ធភាព លុះត្រាតែគណៈកម្មការនេះ រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានលើសំណុំរឿងឧក្រិដ្ឋជនព្រៃឈើធំៗ ​នៅពីក្រោយខ្នងជនល្មើស ដែលកើតឡើងកន្លងមកជាមុនសិន។

លោកបន្ថែមថា៖ «បាទ! អីចឹងទាល់តែគណៈកម្មការហ្នឹង បង្កសំណុំរឿង ដែលជាបទល្មើសមិនទាន់ហួសអាជ្ញាយុកាលហ្នឹង ដាក់ទៅតុលាការអតិបរមា។ អីចឹង បានវាជាកម្លាំងមួយជំរុញឱ្យ ទៅធ្វើការប្តេជ្ញាចិត្តក្នុងការអនុវត្តការងារទៅមុខទៀត។ ហើយប្រសិនបើបទល្មើសឧក្រិដ្ឋដែលកន្លងមកមិនទាន់បានបង្កសំណុំរឿង ឬបានតិចតួច ឬស្ទើរតែមិនបាន ហើយបានតិចទៅតុលាការផង។ យើងសួរថា តើអាការប្តេជ្ញាទៅមុខទៀតអាចបានទៅជោគជ័យ​អត់?»។

អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញការពារព្រៃឡង់ លោក សេង សុខហេង ឱ្យដឹងថា​តាំងពីបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិមក សកម្មភាពបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀតគ្មានការថយចុះទេ។ លោកថា ការប្តេជ្ញាចិត្តជាថ្មីទៀតរបស់គណៈកម្មការជាតិនៅពេលនេះ នឹងមិនមានប្រសិទ្ធិភាពឡើយ ដោយលោកថា ជាប្រកាសឱ្យតែល្អមើលប៉ុណ្ណោះ។

លោកបន្តថា ៖ «អាចំណុចខំប្រឹងប្រែងរបស់គាត់ហ្នឹង វាខំហើយ គ្រាន់តែថា ការអន្តរាគមជាប្រព័ន្ធ បែបឃុបឃិតគ្នាជាប្រព័ន្ធទៅលើវិស័យព្រៃឈើនេះ តាមការប្រព្រឹត្តអំពើពុករលួយ​ ។ តាមរយៈការឱ្យក្រុមមួយចំនួន បន្តរកស៊ីឈើដោយស្របច្បាប់ទៅក្រៅហ្នឹង។ អីចឹង ខ្ញុំគិតថា ការអន្តរាគម ការប្តេជ្ញាចិត្តហ្នឹង វាគ្មានប្រសិទ្ធភាព វាដូចតែពីមុនមក  »។

កាលពីថ្ងៃម្សិលមិញ ក្នុងកិច្ចប្រជុំការងារ ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានបញ្ជាឱ្យ​ទប់ស្កាត់ និងបង្ក្រាប ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើ និងការនាំចេញឈើដោយខុសច្បាប់។

លោកក៏បាន​ប្រាប់​មន្ត្រីពាក់ព័ន្ធត្រូវទប់ស្កាត់ការកាប់​ទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់ទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព ដោយត្រូវស៊ើបអង្កេតរកជន​ល្មើស និងជន​ពាក់ព័ន្ធ​ ដើម្បីចាប់ខ្លួន ​និង​កសាងសំណុំរឿងបញ្ជូន​ទៅ​តុលាការផងដែរ​​។

អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បញ្ជាក់ថា ក្នុង​កិច្ចប្រជុំដែលមានអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមកាលពីម្សិលមិញ លោក សៅ សុខា បានដាក់បទបញ្ជាម៉ឹងមាត់ ដោយថា បើមានល្មើសធនធានធម្មជាតិនៅតំបន់ណា អង្គភាព ឬ ស្ថាប័ន និងបុគ្គលនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

លោកមានប្រសាសន៍ថា៖ «ហើយសុំឱ្យតាមបណ្តារាជធានី-ខេត្ត ដែលជាឯកឧត្តមអភិបាល គឺមានឆន្ទៈធ្វើណា។ ​ទាំងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ជំនាញពាក់ព័ន្ធទាំងអស់ គឺមានឆន្ទៈ និងមានការទទួលខុសត្រូវ » ។

គណៈកម្មការ​ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ២០១៦ ដោយមានគោលដៅចាត់វិធានការ​រាល់បទល្មើសធនធានធម្មជាតិនៅតំបន់ភូមិភាគឦសាន ដែលមានបទល្មើសព្រៃឈើច្រើនជាងគេ។ ក្រោយមកគណៈកម្មការនេះ បានពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំងប្រទេស។

ក្រោយការបង្កើតប្រមាណ៣ខែ គណៈកម្មការ​ជាតិមួយនេះ ​ចាប់​បាន​ឈើ​ខុស​ច្បាប់​ ប្រភេទឈើប្រណិតជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រក​ស៊ី​ចំនួន ៥៧​ ករណី​ទៅ​តុលាការ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន សង្គមស៊ីវិលអះអាង គ្មានឧក្រិដ្ឋជនធំៗណាម្នាក់ត្រូវបានចាប់ខ្លួន និងយកទៅផ្តន្ទាទោសតាមច្បាប់ឡើយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ