ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញរបាយការណ៍ឆ្នាំ២០១៨ ថា សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់ទន្ទ្រានដីព្រៃមានការថយចុះប្រមាណ២០% បើប្រៀបធៀបនឹងឆ្នាំ២០១៧ កន្លងមក។
ក្នុងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃមានចំនួនសរុប ១០៩៣ករណី ដោយពិន័យអន្តរកាលចំនួន ៥៨២ ករណី និងបញ្ជូនទៅតុលាការមានចំនួន ៥១១ ករណី។
បើធៀបទៅនឹងឆ្នាំ ២០១៧ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃមានចំនួនសរុប ១,៤២៨ករណី ដោយពិន័យអន្តរកាលចំនួន ៦៥០ករណី និងបញ្ជូនទៅតុលាការមានចំនួន ៧៧៨ករណី។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកបង្វែរឲ្យទៅសួរប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស ដោយថា លោកជាអ្នកទទួលបន្ទុកកិច្ចការបទល្មើសព្រៃឈើ។
ចំណែកអនុប្រធានរដ្ឋបាលព្រៃឈើ លោក ឃន សារ៉េត ជំរុញឲ្យទៅសួរប្រធាននាយកដ្ឋានពង្រឹងការអនុវត្តច្បាប់ លោក សួន សុវណ្ណ ប៉ុន្តែទូរសព្ទចូលគ្មានអ្នកទទួល។
មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា បទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃ បច្ចប្បុន្ននេះពុំមានការថយចុះឡើយ។
លោកថា៖ «យើងបានចុះកន្លែងខ្លះ បទល្មើសព្រៃឈើ វាថយចុះកន្លែងណាវាអស់ឈើ ហើយកន្លែងណាដែលនៅ(មាន)ឈើ ឃើញមានការកាប់បន្ត មានការដឹកជញ្ជូនជាដើម។ មានប្រតិកម្មគ្រប់ទីកន្លែង ខេត្តដែលនៅ(មាន)ឈើ ហើយកន្លែងដែលអស់ឈើហ្នឹង វាស្ងាត់ហើយចំពោះភាពថយចុះហ្នឹង វាបានន័យ ថាក្រសួងទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតែមាន។ វាមានហ្នឹង មានការថយចុះ ក៏ប៉ុន្តែបទល្មើសបើយើងប្រៀបធៀបទៅ អ្វីដែលជាការខ្វះចន្លោះ របស់ការយករបាយការណ៍ជាក់ស្ដែងពីមូលដ្ឋានមក យើងគិតថា ការផ្ដល់មិនទាន់អស់នៅឡើយ។ អ្វីដែលយើងពិនិត្យមើលភាពដែលចូលទៅកាន់កាប់ដីនៅខេត្តដែលសំបូរព្រៃឈើ ដូចជា នៅតំបន់ឆ្នេរ មានការទៅទន្ទ្រានដីព្រៃកោងកាងអីហ្នឹង»។
លោកបន្តថា ដើម្បីទប់ស្កាត់បទល្មើស សត្វព្រៃ និងកាប់រានដីព្រៃឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលនិងស្ថាប័នតុលាការត្រូវពង្រឹងការអនុវត្តច្បាប់បន្ថែម ដោយថា ការអនុវត្តច្បាប់ច្ចុប្បន្ននៅកម្រិត ហើយគ្រប់សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសព្រៃ ការកាប់ដីព្រៃ តុលាការហាក់មានចំណាត់ការយឺតយ៉ាវ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកានេះ មន្ត្រីមកពីក្រសួងមហាផ្ទៃ ក្រសួបរិស្ថាន និងក្រសួងកសិកម្ម បានជួបពិភាក្សានិង ពិនិត្យកែសម្រួលច្បាប់មួយចំនួនឡើងវិញ ដើម្បីធានាពីប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសព្រៃឈើ ក្រោយពីរកឃើញថា ច្បាប់ចាស់គ្មានប្រសិទ្ធិភាព។
របាយការណ៍អង្គការណាសាចេញផ្សាយកាលពីឆ្នាំ២០១៧ បានឲ្យដឹងថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី ២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស សម្រាប់វិស័យកសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត៕









