សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានលើកឡើងថា នឹងចេញលិខិតអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យ បំភ្លឺជុំវិញតម្លៃស្រូវធ្លាក់ចុះ ដោយថា ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងកសិករ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់ មានប្រសាសន៍ ថា លេខាធិការដ្ឋានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ កំពុងរៀបចំលិខិតផ្ញើរទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ដើម្បីឲ្យចូលបំភ្លឺជុំវិញតម្លៃស្រូវធ្លាក់ចុះនាពេលឆាប់ៗខាងមុខនេះ។
លោកមានប្រសាសន៍ថា៖ «យើងនឹងសាកសួរគាត់ពីបញ្ហាទាំងឡាយ ដែលកើតកន្លងមក ហើយក្រសួងបានចាត់វិធានការបែបម៉េច ហើយយើងផ្តល់ជាអនុសាសន៍ផ្សេងៗទៅតាមហ្នឹងដែរ»។
ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានប្រសាសន៍ថា បច្ចុប្បន្ននេះស្រូវធ្លាក់ចុះខ្លាំង ដូចជាខេត្តដែលលោកចុះទៅ រួមមានខេត្ត តាកែវ កំពត បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។ លោកថា ករណីនេះធ្វើឲ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមច្រើន ក្រោយពីធ្លាក់ចុះតម្លៃស្រូវនោះ។
លោក វឌ្ឍនាសាប៊ុន មានប្រសាសន៍ទៀតថា ការអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យចូលបំភ្លឺនេះ ដើម្បីរកវិធីទប់ស្កាត់កុំឲ្យស្រូវធ្លាក់ចុះបន្តទៀត។
លោកមានប្រសាសន៍ថា៖ «បើសិនជាមានទំនួលខុសត្រូវរបស់ក្រសួងកសិកម្មឲ្យកាន់តែខ្ពស់ជាងនេះ អស់ដៃ អស់ជើង ឲ្យអស់លទ្ធភាព ខ្ញុំជឿថា ផលដែលទទួលបាន កសិករងាយស្រួលក្នុងការធ្វើស្រូវ អាចផ្គត់ផ្គង់ទីផ្សារបានហើយ ហើយឃើញថា ស្រូវប្រាំងមានបញ្ហា លក់ថោក យើងគួរតែជំរុញទៅកសិករ ធ្វើស្រូវអ្វីដែលមានទីផ្សារ ហើយយើងរកទីផ្សារឲ្យគាត់»។
សមាជិកឧត្តមក្រុមប្រឹក្សារូបនោះបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយក្រុមការងារឧត្តមក្រុមប្រឹក្សា ដើម្បីធ្វើលិខិតមួយអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បំភ្លឺជុំវីញបញ្ហាតម្លៃស្រូវធ្លាក់ចុះនោះ នៅចុងខែនេះឬដើមខែក្រោយ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ម្នាក់ទៀត លោក ពេជ្យ ស្រស់ ជឿជាក់ថា រដ្ឋាភិបាលនឹងទទួលយកសំណើរនិងអនុសាសន៍មួយចំនួនរបស់សមាជិកឧត្តមក្រុមប្រឹក្សា ដើម្បីទប់ស្កាត់បញ្ហាធ្លាក់ចុះតម្លៃស្រូវ នឹងកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងប្រជាកសិក។

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងធ្វើងតាមកាតព្វកិច្ចនិងស្រាវជ្រាវ រកចំណុចឈ្នះៗ ដើម្បីផ្តល់ជាយោបល់ទៅរដ្ឋាភិបាល ក្នុងការទប់ស្កាត់ហានិភ័យកើតឡើង ចំពោះប្រជាពលរដ្ឋនិងជាតិ»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុទ្ធី មានប្រសាសន៍យ៉ាងខ្លីថា បើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ធ្វើលិខិតអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្មមែន រដ្ឋមន្ត្រីនឹងចូលទៅបំភ្លឺជុំវិញតម្លៃស្រូវធ្លាក់ចុះនោះផងដែរ។
លោកមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំនឹងបំភ្លឺជូន អត់អីទេ!»។
ចំណែក រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី២ ខែកុម្ភៈ បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ថា តម្លៃស្រូវធ្លាក់ចុះបណ្ដាលមកពីឈ្មួញវៀតណាមកំពុងរវល់ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ពួកគេ និងមិនបានចុះមកប្រមូលទិញស្រូវពីប្រជាកសិកខ្មែរ។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា គាំទ្រឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់ ដែលគ្រោងអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្មបំភ្លឺជុំវិញតម្លៃស្រូវធ្លាក់ចុះនោះ ប៉ុន្តែលោកថា មុននឹងផ្តល់ជាអនុសាសន៍ទៅរដ្ឋាភិបាល ឧត្តមក្រុមប្រក្សាគួរតែចុះស្រាវជ្រាវពីបញ្ហាប្រឈមរបស់កសិករ និងសុំយោបល់បន្ថែមពីមន្ត្រីសង្គមស៊ីវិលដែលធ្វើការជំនាញកសិកម្ម ទើបទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គួរតែប្រមូលបញ្ហាទាំងអង្គការសមាគម ជាមួយកសិករឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្តល់យោបល់ ដើម្បីឲ្យធាតុចូលនៃការផ្តល់យោបល់ទៅឲ្យរដ្ឋមន្ត្រីក្រសួងដេញដោល ឲ្យមានប្រសិទ្ធិភាព អាចដោះស្រាយបញ្ហាបាន »។
លោកក៏បង្ហាញក្តីបារម្ភថា បើបញ្ហានេះនៅតែបន្ត ហើយរដ្ឋាភិបាលមិនរកវិធីដោះស្រាយឲ្យទាន់ពេលទេ នោះនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងដល់កសិករដែលជាប់បំណុលនៅធនាគារកាន់តែខ្លាំង ហើយសេដ្ឋកិច្ចជាតិនឹងធ្លាក់ចុះជាដើម។ លោកឲ្យជាយោបល់ថា រដ្ឋាភិបាលគួរតែរកទីផ្សារជាក់លាក់ណាមួយសម្រាប់កម្ពុជា កុំពឹងតែវៀតណាម និងថៃ ជាពិសេសគួរតែត្រៀមថវិកាជាតិដើម្បីត្រៀមទិញស្រូវកសិករទុក។
បើតាមកសិករតម្លៃស្រូវដែលគាត់អាចទទួលយកបាន ដែលអាចឲ្យគាត់ចំណេញពីការផលិតស្រូវលុះត្រាតែតម្លៃចាប់ពី១០០០ រៀលឡើងទៅ៕









