ប្រជាសហគមន៍ឡពាង ស្នើក្រសួងយុត្តិធម៌យកដីពីក្រុមហ៊ុន ​ខេ.ឌី.ស៊ី ឲ្យពួកគាត់វិញ

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាសហគមន៍ឡពាង ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងប្រមាណ៤០នាក់ ប្រមូលផ្តុំនៅមុខក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍។​​ រូបភាព៖ ហ៊ី ឆាយ

ប្រជាសហគមន៍ឡពាងនៅថ្ងៃនេះ បានស្នើទៅក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីឲ្យក្រុមហ៊ុន​ ខេ.ឌី.ស៊ី ប្រគល់ដីឲ្យពួកគាត់វិញ ដោយចោទថា ក្រុមហ៊ុនទន្ទ្រានយកទាំងមិនផ្តល់សំណងត្រឹមត្រូវតាំងពីឆ្នាំ២០០៨។

នៅព្រឹកនេះប្រជាសហគមន៍ឡពាង ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងប្រមាណ៤០នាក់ ប្រមូលផ្តុំនៅមុខក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍។​​

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាសហគមន៍ឡពាង ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងប្រមាណ៤០នាក់ ប្រមូលផ្តុំនៅមុខក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍។​​ រូបភាព៖ ហ៊ី ឆាយ

តំណាងសហគមន៍ឡពាង អ្នកស្រី អ៊ុំ សុភី  ប្រាប់អ្នកសារព័ត៌មាននៅកន្លែងប្រមូលផ្តុំថា ប្រជាសហគមន៍រង់ចាំដំណោះស្រាយពីតុលាការ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានលទ្ធផល។​

អ្នកស្រីបន្តថា ពួកគាត់ប្រមូលផ្តុំថ្ងៃនេះ  ដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ជួយជំរុញទៅតុលាការពន្លឿននីតិវិធីបើកក្នុងសំណុំរឿងដែលពួកគាត់បានប្ដឹងនេះឲ្យបានឆាប់ ដោយថា ការអូសបន្លាយពេលមិនដោះស្រាយធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែលំបាកខ្លាំង។

អ្នកស្រីថា៖ «ធ្វើឲ្យជីវភាពយើងកាន់តែលំបាក ធ្វើយើងអត់បានរកស៊ីអី យើងគិតតែខំប្រឹងតវ៉ា ដើម្បីអនាគតកូនចៅ។ អញ្ចឹង ធ្វើឲ្យជីវភាពយើងកាន់តែលំបាក ការអូសបន្លាយ ការមិនព្រមដោះស្រាយហ្នឹង។ ទុកកាន់តែយូរជីវភាពកាន់តែលំបាក យើងត្រូវចំណាយច្រើន ចំណាយទាំងការដើរតវ៉ា ចំណាយទាំងការចិញ្ចឹមកូនចៅ ហើយខាត់ទាំងពេលវេលារកស៊ី»

ពលរដ្ឋម្នាក់អ្នកស្រី កែវ វណ្ណៈ លើកឡើងថា អ្នកស្រីចង់ឲ្យក្រសួងយុត្តិធម៌ជួយជំរុញទៅតុលាការពន្លឿនបើកសវនាការសំណុំរឿងពួកគាត់ឲ្យបានឆាប់ ដោយថា បច្ចុប្បន្ននេះ គ្មានប្រាក់ និងដីសម្រាប់ធ្វើស្រែនោះទេ ធ្វើឲ្យពួកគាត់ជួបការលំបាកកាន់ខ្លាំង។

អ្នកស្រីថា៖ «អញ្ចឹង លុយ ១​ម៉ឺនរៀល ខ្ញុំបែងចែក ទិញអង្ករផង ទិញម្ហូបហូបផង ហូបដោយវេទនា ហូបដូចជា ប្រហុក ពងទា ជូនកាលទិញពងទា២ គ្រាប់ បីនាក់ចៅអញ្ចឹងទៅ ស្ងោរដាក់ទឹកត្រីទៅ។ ថ្ងៃណាទៅ កូនចេញពីរៀន ឆ្លៀតទៅរកត្រីអីបានទៅដាក់ស្លហូបទៅ ។ ក្រៅពីហ្នឹង កូនប្រុស៣នាក់ធ្វើចំណាកស្រុក ទៅអត់បានលុយទេ ដំបូងផ្ញើរមកឲ្យម្ដាយ ទៅ១ ទៅ ២ឆ្នាំ ចាប់ផ្ដើមបែកឆ្វេងជក់ថ្នាំ ត្រូវថៅកែបោករត់ពីទូកមួយទៅទូកមួយ»។

មន្ត្រីសម្របសម្រួលនៃសមាគការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មើលឃើញថា ប្រព័ន្ធតុលាការបច្ចុប្បន្នមានស្ដង់ដារពីរ ករណីនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហាវិវាទដីធ្លីមិនងាយទទួលបានយុត្តិធម៌នោះទេ។ លោកស្នើទៅក្រសួងយុត្តិធម៌ពិនិត្យមើលចំពោះបញ្ហានេះឡើងវិញ ដើម្បីកុំឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។

លោកថា៖ «ចំពោះពាក្យបណ្ដឹងអ្នកក្រីក្រប្ដឹងជាមួយអ្នកមាន គេចាត់ការលឿនតែលើតែបណ្ដឹងអ្នកមាននិងមានអ្នកមានអំណាចទេ ចំពោះអ្នកដែលក្រីក្រហ្នឹង គេមិនដែលចាប់អារម្មណ៍ទេ អាហ្នឹងធម្មតាទៅហើយ ។ ដូច្នេះ ក្រសួងយុត្តិធម៌ដែលប្រឹងកែទម្រង់ គួរតែផ្ដល់  ជំរុញឲ្យតុលាការចាត់ការរឿងនេះ ដើម្បីយករឿងនេះ ធ្វើជារឿងគំរូ មួយប្រាប់ទៅមហាជន ក៏ដូចជា សហគមអន្តរជាតិអំពីការចោទប្រកាន់កន្លងដែរ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្រសួងនឹងពិនិត្យមើលចំពោះករណីនេះ។

លោកថា៖ «​ជាទូទៅ បើគាត់ដាក់ញត្តិមកក្រសួងយុត្តិធម៌។ ក្រសួងយុតិ្តធម៌ជាសមត្ថកិច្ចគ្រប់គ្រងទៅលើការងាររដ្ឋបាលរបស់តុលាការ ក្រសួងនឹងបញ្ជូនសំណើនេះទៅខាងតុលាការ ហើយអនុវត្តទៅតាមនីតិវិធីជាក់ស្ដែង។ អានេះ ជាក្របខណ្ឌដែលក្រសួងអាចធ្វើបាន ព្រោះក្រសួងមិនអាចជ្រៀតជ្រែកទៅនឹងការសម្រេចរបស់តុលាការបានទេ ប៉ុន្តែក្រសួងជាអ្នកគ្រប់គ្រងការងាររដ្ឋបាល អញ្ចឹងក្រសួងអាចបញ្ជូនសំណើហ្នឹងទៅខាងតុលាការ ហើយតុលាការពិនិត្យមើល អនុវត្តទៅតាមនីតិវិធីជាធរមាន»។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ឃុំ​តាជេសនិង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​អូស​បន្លាយ​រយៈពេល​ជាង១០​ឆ្នាំ​មក​ហើយ ហើយ​ជម្លោះ​នេះ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​គុក និង​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​របួស​ជាច្រើន​នាក់។

​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ ក្រុម​អ្នក​ភូមិ និង​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម បណ្ដាល​ឲ្យ​របួស​ទាំង​សង​ខាង​ជាង២០​នាក់។ ក្រោយ​មក តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ តាម​បណ្ដឹង​របស់​ភាគី​កម្មករ​ក្រុមហ៊ុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ