ស្រះទឹកមុខប្រាសាទអង្គរវត្តដែលជាកន្លែងពេញនិយមរបស់ភ្ញៀវទេសចរថតរូបឆ្លុះកំពូលប្រាសាទបានស្រកយ៉ាងខ្លាំងដោយសារកម្តៅហួតហែង កាលពីចុងសប្តាហ៍មុន។
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ បានឲ្យដឹងថា ស្រះទឹកខាងត្បូង ឬស្រះទឹកប្រុស បានស្រកយ៉ាងលឿនដោយសារអាកាសធាតុក្តៅ ហើយក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក កំពុងបូមទឹកពីកសិណប្រាសាទអង្គរវត្ត បញ្ចូលទៅក្នុងស្រះទឹកមួយនេះ។
ប្រភពដដែល បានស្រង់សម្តី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឲ្យដឹងថា ស្រះប្រុសឬស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត មានទំហំ ៥០x៨០ម៉ែត្រ ដែលអាចផ្ទុកទឹកបានចំនួន ៥០០០ម៉ែត្រគូប។ ក្រុមការងាររបស់លោក បានបូកទឹកដាក់ស្រះចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ ហើយមកដល់ពេលនេះការបញ្ចូលទឹកសម្រេចបានប្រមាណ ៣០ភាគរយ ស្មើនឹង ១៥០០ម៉ែត្រគូប ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់ វីអូឌី ឲ្យដឹងថា ស្រះទឹកប្រុសជាផ្នែកមួយសំខាន់ក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា។
លោកថា៖ «ស្រះនេះគឺជាធ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរដើម្បីមកទស្សនាអង្គរវត្ត។ ជាទូទៅកន្លែងនេះជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរក្នុងការផ្ដិតរូបភាពរបស់ខ្លូន ជាមួយនឹងប្រាង្គប្រាសាទរបស់យើង ដែលប្រាង្គប្រាសាទនោះឆ្លុះជាមួយនឹងផ្ទៃទឹកនៅក្នុងស្រះនេះ » ។
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ចាប់ផ្តើមបូមទឹកដាក់ស្រះនេះគឺនៅថ្ងៃទី៣ ខែកុម្ភៈ ហើយក្រុមការងារនេះត្រូវប្រើពេលមួយសប្ដាហ៍ទៀត ដើម្បីបញ្ចូលទឹកឱ្យគ្រប់ទៅតាមបរិមាណត្រឹមត្រូវ។