ម៉ាឡេស៊ី ស្នើដោះលែងជនជាតិខ្លួនចំនួន​៤៧នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​កម្ពុជា

សមាជិកព្រឹទ្ធសភា លោក Larry Sng (អាវខ្មៅ) ជាមួយក្រុមគ្រួសារជនជាតិម៉ាឡេស៊ីដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងសន្និសីទសារព័ត៌មានមួយនៅគុជីង (Kuching)។ រូបភាព៖ NSTP/MOHD RADZI BUJANG

ក្រសួងការបរទេសម៉ាឡេស៊ី ស្នើសុំឲ្យដោះលែងជនជាតិរបស់ខ្លួនចំនួន​៤៧នាក់ ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួន​ករណី​បើក​ល្បែង​ស៊ី​សង​តាម​អនឡាញ ដោយថា ពួកគេភាគច្រើនចាញ់បោកក្រុមហ៊ុនដែលសន្យាថា​ផ្ដល់​ការងារ​​ដែលមានប្រាក់ខែខ្ពស់​។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី ចុះផ្សាយកាលពីម្សិលម្សិញ ឲ្យ​ដឹងថា ស្ថានទូតប្រទេសនេះប្រចាំកម្ពុជាទទួលបានដំណឹង​ពីការចាប់ខ្លួនពួកគេទាំង៤៧នាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈអាជ្ញាធរខេត្តបន្ទាយមានជ័យ។ ក្រោយពេលចុះទៅជួបពួកគេនៅពន្ធនាគារ មន្ត្រីទូតម៉ាឡេស៊ីរកឃើញថា ​អ្នកដែលត្រូវបានចាប់​ខ្លួនភាគច្រើន​មកធ្វើការដោយសារតែការសន្យាផ្ដល់ប្រាក់ខែខ្ពស់។

ប្រភពដដែល ​ឲ្យដឹងថា​ ស្ថានទូតម៉ាឡេស៊ីក៏បាន​ផ្ញើកំណត់ទូតមួយទៅក្រសួងការបរទេសកម្ពុជា ដើម្បីស្នើសុំដោះលែងពួកគេ ។

សារព័ត៌មាន ​News Strait Times បានចុះផ្សាយនៅថ្ងៃនេះថា​ សមាជិករដ្ឋសភាម៉ាឡេស៊ី លោក ឡារី សង (Larry Sng) លើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ​អ្នកទាំង៤៧នាក់​នោះត្រូវបាន​នាំមក​ធ្វើការនៅកម្ពុជាតាមរយៈក្រុមហ៊ុន​រើសពលករ ដែល​លោកជឿថា​គ្រប់គ្រងដោយក្រុម​អ្នករក​ស៊ីជួញដូរមនុស្ស។ លោក​ថា ​ពួកគេទាំងនោះត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុនចន្លោះពី​១០០ទៅ២០០ដុល្លារ។

សមាជិកសភារូបនេះ ក៏បាន​បង្ហាញក្តីព្រួយបារម្ភផងដែរថា អាជ្ញាធរកម្ពុជាអាចឃុំខ្លួនជនជាតិម៉ាឡេស៊ីទាំងនោះរហូតដល់​៣ឆ្នាំ​ ដោយគ្មានការចោទប្រកាន់ ឬ បញ្ជូនទៅតុលាការដើម្បី​ចោទប្រកាន់​ពីបទឧក្រិដ្ឋណាមួយ។​

វី.អូ.ឌី មិនអាចទាក់ទងសុំ​ការអត្ថាធិប្បាយពី​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ​ រហូតមកដល់រ​សៀលនេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ មន្ត្រីទូតម៉ាឡេស៊ី​បានចុះសួរសុខទុក្ខអ្នកជាប់ឃុំទាំង៤៧នាក់នោះដែរ ប៉ុន្តែ លោកថា មិនបានទទួលលិខិតស្នើសុំដោះលែងឲ្យមានសេរីភាពនោះទេ។

ដោយឡែក ទាក់ទងការឃុំខ្លួន អ្នកនាំពាក្យតុលាការរូបនោះបញ្ជាក់ថា ចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធីសាកសួរ ប៉ុន្តែ លោកថា មិនដឹងចៅក្រមស៊ើបបញ្ចប់ការសាកនៅពេលណានៅឡើយ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់សួរថា ចំនួនអ្នកជាប់ឃុំម៉ាឡេច្រើននាក់ គាត់ត្រូវសួរព័ត៌មានម្តងមួយៗ អាចប្រើពេលយូរ។ ប៉ុន្តែ គ្រាន់តែថាកំណត់ពេលណា ខ្ញុំអត់ទាន់ច្បាស់ដែរ »។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា តាមនីតិវិធិច្បាប់កម្ពុជា ការឃុំខ្លួនមិនអាចលើសនីតិវិធីច្បាប់ដូចការបារម្ភរបស់សមាជិកសភាម៉ាឡេស៊ីនោះឡើយ។ ករណីនេះ លោកថា កម្ពុជាមិនអាចឲ្យបរទេសរំលោភអធិបតេយ្យភាពរបស់កម្ពុជាបានទេ។ ប៉ុន្តែ លោកថា បើម៉ាឡេស៊ី​ចង់ឲ្យកម្ពុជាដោះលែងជនជាតិរបស់ខ្លួនទៅស្រុកកំណើតវិញ លុះត្រាតែភាគីនៃប្រទេសទាំងពីរ ព្រមធ្វើបច្ចាប័នបញ្ជូនអ្នកទោស ដោះដូរគ្នាទៅវិញទៅមក ទើបមានយុត្តិធម៌ និងតម្លាភាព។

លោកមានប្រសាសន៍ថា៖ «លុះត្រាតែមានការធ្វើបច្ចាប័នណាមួយ ដោះដូរអ្នកទោស ឬក៏បញ្ជូនអ្នកទោសដែលជាប់ ទៅឲ្យជាប់នៅប្រទេសម៉ាឡេ វាជាការសមជាង ប៉ុន្តែការដោះលែងដោយផ្អែកលើថា កម្ពុជាឃុំខ្លួនយូរដោយពុំមានការជំនុំជម្រះ ឬក៏ច្បាប់កម្ពុជា ចេះមួយចុះមួយ! វាហាក់ដូចជា រំលោភលើអធិបតេយ្យកម្ពុជាហើយ»។

កាលពីចុងខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះឃាត់ខ្លួនជនជាតិម៉ាឡេ៤៧នាក់ និងជនជាតិចិន៨នាក់​ នៅភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាប់​ពី  រក​ឃើញថា ជនជាតិបរទេសទាំងនោះបើកល្បែងអនឡាញខុសច្បាប់នៅកម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ