ការ​នាំ​ចេញ​អង្ករ​ក្នុង​​ខែ​មករា ​ឆ្នាំ​២០១៩ ​ធ្លាក់​ចុះ​៥ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​

អ្នកលក់អង្ករមួយកន្លែង នៅផ្សារធំថ្មី ក្រុងភ្នំពេញ (រូបភាពដោយ៖ ណាត សុភាព)

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នា​ខែ​មករា​នៃ​ឆ្នាំ​២០១៩​នេះ ​ថយ​ចុះ​៥ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន តែ​​ក្រសួង​កសិកម្ម​ថា​មិនមានអ្វី​​ភ្ញាក់​ផ្អើលនោះ​ទេ​​។​​

​របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ក្នុង​ខែ​មករា​​ ឆ្នាំ​២០១៩ ដែល​ចេញ​ដោយ​ក្រសួង​កសិកម្ម បាន​​ឲ្យ​ដឹង​ថា​ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជិត​៦​ម៉ឺន​តោន​ ក្នុង​​ខែ​មករា ​ឆ្នាំ​២០១៩​នេះ ដោយ​បាន​ធ្លាក់​ចុះ​​ចំនួន​ ៥ភាគរយ បើ​ធៀប​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ ជាង​៦​ម៉ឺន​២ពាន់​តោន​ ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨​។

បើ​តាម​របាយការណ៍​នោះ​ ក្នុង​ខែ​មករា​នេះ​ កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​២ម៉ឺន​៤​ពាន់​តោន ​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ចិន​ជាង​១ម៉ឺន​៨​ពាន់​តោន ប្រទេស​នៅ​តំបន់​អាស៊ាន​ជាង​៩ពាន់​តោន និង​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​​ជាង​៧​ពាន់​តោន​។

ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​នាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ លោក កែវ មុន្នី​វុធ មាន​ប្រសាសន៍​ថា​ ការ​ថយ​ចុះ​គឺ​ជា​រឿង​ធម្មតា​ទេ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក ហើយ​ក៏​មិន​ពាក់​ព័ន្ធ​ទៅ​លើ​វិធាន​ការ​យក​ពន្ធ​អង្ករ​របស់​អឺរ៉ុប​ដែរ តែ​វា​អាច​​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​កុង​ត្រា​ថ្មី​របស់​អ្នក​បញ្ជា​ទិញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រអាក់រអួល​ក្នុង​ខែ​នេះ។

លោក​ថា៖ «យើង​មាន​ស្អី​បន្តិច ​ទាក់ទាញ​ចូល​តែ​រឿង​នយោបាយ តែ​ចលនា​ទីផ្សារ​វា​មិនមែន​ថេរ​រហូត​ទេ! វា​មាន​ឡើង​ចុះ​បន្តិច​បន្តួច​ធម្មតា​ទេ បើ​ខ្ញុំ​ៗ​មិន​ទាញ​ទៅ​ឲ្យ​ពាក់​ព័ន្ធ​នឹង​រឿង​ហ្នឹង​ទេ» ។

ទោះ​ជា​យ៉ាង​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​លោក ថេង សាវឿន មាន​ប្រសាសន៍​ថា បញ្ហា​ការ​យក​ពន្ធ​របស់​អឺរ៉ុប ​ទោះ​ចង់​មិន​ចង់​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ថយ​ចុះ​ផង​ដែរ។ ​លោក ក៏បាន​​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​បន្ថែម​ទៀត​ ដើម្បី​បញ្ចុះ​ថ្លៃ​ដើម​នៃ​ការ​ផលិត​អង្ករ​នៅ​កម្ពុជា ការ​បញ្ចេញ​ថវិកា​ដើម្បី​ប្រមូល​ទិញ​អង្ករ​ពី​កសិករ និង​ការ​ស្វែង​រក​ទីផ្សារ​អង្ករ​បន្ថែម​។

លោក​ថា៖ «តម្លៃ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​បាន​ធ្លាក់​ចុះ​ខ្លាំង​ ដោយសារ​តែ​ ព័ត៌មាន​នៃ​ការ​លើក​ឡើង​ថា​ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​គិត​ពន្ធ។ អញ្ចឹង ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ទីផ្សារ​ពិបាក​ក្នុង​ការ​លក់។ អញ្ចឹង​ ប្រសិន​ជា​វា​នៅ​តែ​បន្ត​ធ្លាក់​ចុះ ​គឺ​វា​ប៉ះពាល់​ដូច​ពេល​បច្ចុប្បន្ន​ អញ្ចឹង​វា​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​កាន់​តែ​ធ្លាក់​ថ្លៃ​ផង​ដែរ! អញ្ចឹង ​វា​កាន់​តែ​មាន​បញ្ហា​ ដូច្នេះ​ចំណូល​នៃ​ការ​លក់​ស្រូវ និង​ចំណាយ​ក្នុង​ការ​ផលិត​នោះ​វា​មិន​សមាមាត្រ មិន​រួច​ថ្លៃ​ដើម​និង​មិន​រួច​ថ្លៃ​បង់(ធនាគារ)»។ ​

បើ​ពិនិត្យ​លើ​របាយការណ៍​នាំ​ចេញ​របស់​កម្ពុជា​៥​ឆ្នាំ​ចុង​ក្រោយនេះ ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨ មក​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ​ជា​បន្តបន្ទាប់​ ហើយ​មាន​តែ​ខែ​ធ្នូ​មួយ​ប៉ុណ្ណោះ​ដែល​មាន​កំណើន​។

កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង ៦២​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៨​ដោយ​បាន​ធ្លាក់​ចុះ​ចំនួន ១.៥​ភាគរយ បើ​ធៀប​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ ៦៣​ម៉ឺន​តោន​កាល​ពី​ឆ្នាំ​២០១៧​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ