ប្រទេសចិនបានផ្ដល់មូលនិធិមានតម្លៃជាង ៧លានដុល្លារដល់កម្ពុជា ដែលស្ថិតនៅក្នុងគម្រោងមូលនិធិពិសេសមេគង្គ-ឡានឆាងលើកទី២ ឆ្នាំ២០១៨។
ក្នុងពិធីមួយនៅរាជធានីភ្នំពេញនៅថ្ងៃនេះ រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានចុះចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគម្រោងមូលនិធិពិសេសមេគង្គឡានឆាងរវាងចិន និងកម្ពុជា ឆ្នាំ២០១៨ ដែលមានទំហំទឹកប្រាក់ ៧.៦៦លានដុល្លារអាមេរិក។
លោក ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាចាត់ទុកគម្រោងមូលនិធិនេះមានប្រយោជន៍ដល់អភិវឌ្ឍការរស់នៅប្រជាពលរដ្ឋកម្ពុជា ជួយដល់ការអភិវឌ្ឍនៅក្នុងអនុតំបន់ទន្លេមេគង្គ និងលើកកម្ពស់ដល់ការធ្វើសមារហណកម្មអាស៊ាន។
លោក ប្រាក់ សុខុន ថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុម័ត និងគាំទ្រផែ្នកហិរញ្ញវត្ថុដល់គម្រោងរបស់កម្ពុជាចំនួន ១៩ គាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៨ ដែលមានថវិកាសរុបចំនួន ៧.៦៦លានដុល្លារអាមេរិក»។
ក្នុងពិធីនេះដែរ លោក វ៉ាង វិនធាន ថ្លែងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងអនុតំបន់ទន្លេមេគង្គ ដោយថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដូចជា ក្នុងវិស័យទេសចរណ៍ អប់រំ និងសុខាភិបាលជាដើម។
បើតាមសេចក្ដីថ្លែងការណ៍ កម្ពុជាបានទទួលអនុវត្តគម្រោងមូលនិធិមេគង្គ-ឡានឆាងនេះ ចំនួន ២ឆ្នាំជាប់ៗគ្នាមកហើយដោយនៅឆ្នាំ២០១៧ មាន ១៦គម្រោង និងឆ្នាំ២០១៨ មាន ១៩គម្រោង៕









