មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អះអាងថាតម្លៃស្រូវបានងើបឡើងវិញហើយក្រោយពីបុណ្យចូលឆ្នាំចិន-វៀតណាមបានបញ្ចប់ទៅ ប៉ុន្តែកសិករនៅតាមបណ្ដាខេត្តមួយចំនួនបែរជាលើកឡើងផ្ទុយពីនេះទៅវិញ ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី មានប្រសាសន៍ថា ក្រោយពីចូលឆ្នាំចិន តម្លៃស្រូវឡើងថ្លៃវិញ ចន្លោះពី៧០០ ទៅ៧៧០រៀលក្នុងមួយគីឡូ ដោយសារឈ្មួញវៀតណាមឡើងមកទិញពីប្រជាកសិករខ្មែរ។ លោក មានជំនឿថា នៅថ្ងៃខាងមុខនេះស្រូវនឹងហក់ឡើងដល់៨២០រៀលក្នុងមួយគីឡូផងដែរ។
លោកមានប្រសាសន៍ថា៖ «សង្កេតទៅឃើញឡើងគ្រប់កន្លែង។ ឧទាហរណ៍ពីមុនប្រភេទហ្នឹងវាធ្លាក់មកត្រឹម៧០០រៀលតែ ឥឡូវវាឡើងដល់៧៧០រៀល ឬក៏៧៥០រៀលក្នុងចន្លោះហ្នឹង ទាបជាងគេបំផុតដែលយើងនិយាយថា ៧០០ជាង គឺ៧០០ជាងអាចទៅដល់៨២០រៀល»។
កសិករស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លោក ផាន់ សាវ៉ន បានប្រាប់ VOD ថា ដែលធ្វើស្រូវបានជិត៣ហិកតា តែលោកមិនលក់ស្រូវនោះទេ ព្រោះតម្លៃស្រូវទាបពេកទទួលយកមិនបាន មិនអាចទូទាត់ការចំណាយក្នុងការធ្វើស្រូវបានទេ មួយវិញទៀត លោកក៏បានខ្ចីលុយគេដើម្បីធ្វើស្រូវផងដែរ។
លោកមានប្រសាសន៍ថា៖ «លក់អត់កើត ដោយសារស្រូវចុះថោកពេក តម្លៃមិនអាចយកបាន តម្លៃ៦៥០ – ៦៧០ ស្រូវខ្ញុំយកមកហាលទុក។ ខ្ញុំទៅធ្វើសំណង់នៅភ្នំពេញយកមកដោះដូរគេទៅ»។
អ្នកស្រី មិន មុត រស់នៅស្រុកកោះធំ ខេត្តកណ្តាល ជាឈ្មួញទិញស្រូវយកទៅលក់នៅប្រទេសវៀតណាម បានប្រាប់ វី.អូ.ឌី នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ថា ស្រូវមួយគីឡូតម្លៃ ៧១០រៀល ខណៈសប្តាហ៍មុន តម្លៃ៧៤០រៀលក្នុងមួយគីឡូ ពោលមានការធ្លាក់ចុះប្រហែលជា៣០រៀល១គីឡូ។
អ្នកស្រីថា៖ «មួយថ្ងៃៗឈឺក្បាលណាស់ខ្ញុំ ម្សិលមិញខាតអស់៥០គីឡូ។ ថ្ងៃហ្នឹង៦ ទៅ៧ឡានទៀត[…]ចំថ្ងៃហ្នឹង តម្លៃគេឲ្យម្សិលមិញ និងថ្ងៃហ្នឹង៧១០រៀលក្នុងមួយគីឡូ»។
កសិករម្នាក់ទៀតមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ លោក កង ថា បានប្រាប់ VOD ថាកាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ លោក លក់ស្រូវបានក្នុងតម្លៃ៦៨០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ កសិករដែលធ្វើស្រែប្រាំងចំនួន៥ហិកតារូបនេះ បន្តថា តម្លៃស្រូវនេះគឺមិនចំណេញនោះទេ ពីព្រោះលោកបានចំណាយច្រើនលើ ជី សាំង និងថ្នាំគីមីនានា។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី០២ ខែកុម្ភៈ បានសសេរបង្ហោះនៅលើទំព័រហ្វេសប៊ុក លោកថា មូលហេតុស្រូវធ្លាក់ថ្លៃដោយសារឈ្មួញវៀតណាមមិនទាន់ចូលមកទិញព្រោះគេរវល់បុណ្យចូលឆ្នាំប្រពៃណីរបស់គេ៕
កាលពីឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦២ម៉ឺនតោន ថយចុះ១,៥ភាគរយ បើធៀបទៅនឹងការនាំចេញក្នុងឆ្នាំ២០១៧ ជាង៦៣ម៉ឺនតោន ខណៈរដ្ឋាភិបាលបានបន្ទោសបញ្ហានេះទៅលើការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ៕









