តុលាការ​កោះ​ហៅ​លោក ​រ៉ុង ឈុន ចូល​បំភ្លឺ​ករណី​ប្ដឹង​​ក្រសួង​អប់រំ​

លោក រ៉ុង ឈុន និងក្រុមគ្រូបង្រៀនទៅដាក់ពាក្យបណ្តឹង ប្តឹងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​លោក រ៉ុង ឈុន ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​កុម្ភៈ​នេះ ​ករណី​ប្ដឹង​សុំ​មោឃភាព​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​ដែល​បាន​លុប​ឈ្មោះ​គ្រូ​បង្រៀន​ជាង​១០នាក់។

​កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា លោក​រ៉ុង ឈុន រួម​ជា​មួយ​អតីត​គ្រូ​បង្រៀន​១០​នាក់​ផ្សេង​ទៀត​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​លោក ហង់ ជួនណារ៉ុន ដោយ​ស្នើ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​កាល​ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ និង​​ផ្ដល់​ក្រប​ខណ្ឌ​ជា​គ្រូ​បង្រៀន​ ដល់​ពួក​គេ​វិញ។

ក្នុង​ដីកា​កោះ​ចុះ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក រស់ ពិសិដ្ឋ បាន​កោះ​ហៅ​លោក ​រ៉ុង ឈុន ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ​វេលា​ម៉ោង​៩​ព្រឹក។

តុលាការ​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖​ «ចំពោះ​សាម៉ី​ភាគី​ បើ​ពុំ​ចូល​ខ្លួន​នោះ ​តុលាការ​អាច​ទទួល​ស្គាល់​ថា សេចក្ដី​អះអាង​អំពី​ចំណុច​សាកសួរ​របស់​ភាគី​ម្ខាង​ទៀត​ជា​ការ​ពិត​បាន»។

​កាល​ពី​ដើមឆ្នាំ២០១៨ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ និង​បុគ្គលិក​អប់រំ​ចំនួន​១១នាក់ ដែល​ជា​អតីត​មន្ត្រី​ជាប់​ឆ្នោត និង​មន្ត្រី គ.ជ.ប កូតា ​មក​ពី​បក្ស​ប្រឆាំង ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ​ក្រោម​ហេតុផល​ថា​គ្រូ​បង្រៀន​ទាំង​នោះអវត្តមាន​ពី​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

ក្រោយ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​លិខិត​អន្តរាគមន៍​ជា​ច្រើន​ទៅ​ក្រសួង​អប់រំ​ ទៅ​លោក​នាយករដ្ឋមន្ត្រី និង​ទៅ​សហគមន៍​អន្តរជាតិ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ