សង្គមស៊ីវិល ថារដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយវិវាទដីធ្លីធំៗ

តំណាងប្រសហគមន៍ឡពាងនៅខេត្តកំពង់ឆ្នាំងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC ចំនួន៩នាក់ ចូលបំភ្លឺក្នុងនាមជាដើមបណ្តឹង នៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

អង្គការសង្គមស៊ីវិលនៅតាមខេត្តមួយចំនួនលើកឡើងថា រដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយវិវាទដីធ្លីធំៗ ដែលជាប់ពាក់ព័ន្ធជាមួយមន្ត្រីក្នុងជួររដ្ឋាភិបាល។

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា លើកឡើង​ថា វិវាទដីធ្លីក្នុងខេត្តនេះមានការថយចុះ បន្ទាប់ពីរដ្ឋាភិបាលបង្កើតគណៈកម្មការដោះស្រាយជម្លោះដីធី្ល។  ប៉ុន្តែ​ លោកបន្តថា គណៈកម្មការនេះដោះស្រាយបានតែករណីតូចៗតែប៉ុណ្ណោះ សម្រាប់ជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុនខេឌីស៊ីវិញ រដ្ឋាភិបាលដោះស្រាយមិនទាន់បាននៅឡើយ។

លោកស្នើទៅរដ្ឋាភិបាលធ្វើការដោះស្រាយវិវាទដីធ្លីដែលនៅសល់ឲ្យបានឆាប់ ដោយគិតប្រជាពលរដ្ឋប្រជាពលរដ្ឋជាធំ។

លោកបន្តថា៖ «រដ្ឋាភិបាលត្រូវតែប្ដេជ្ញាចិត្តក្នុងការដោះស្រាយ ត្រូវហ៊ានអារកាត់។ […] យើងចង់ឲ្យរដ្ឋាភិបាលធ្វើការប្ដេជ្ញាចិត្តក្នុងការអារកាត់ អញ្ចឹងក្រុមហ៊ុនឬបុគ្គលទាំងឡាយណាដែលបានបំពានសិទ្ធិទ្រព្យសម្បត្តិពួកគេ យើងធ្វើការស៊ើបអង្កេត។ បើឃើញមានការរំលោភបំពានពិត ត្រូវអារកាត់ ត្រូវដោះស្រាយយកដីឲ្យប្រជាពលរដ្ឋវិញ ហើយដាក់ទោសអ្នកមានអំណាចបំពានលើពលរដ្ឋនេះ»។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ឃុំ​តាជេស និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​អូស​បន្លាយ​រយៈពេល​ជាង១០​ឆ្នាំ​មក​ហើយ។ ជម្លោះដីធ្លី​នេះ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ និង​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​របួស​ជាច្រើន​នាក់ កាលពីអំឡុងឆ្នាំ២០១៤។

យ៉ាងណាក៏ដោយ វិវាទដីធ្លីមិនមែនមានតែនៅខេត្តកំពង់ឆ្នាំងនោះទេ នៅខេត្តស្វាយរៀងអាជ្ញាធរក៏នៅមិនទាន់ដោះស្រាយបាននៅឡើយដែរ។

មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង លោក  នុត បូ​ពិណ្ណ​រ័ត្ន ឲ្យដឹងថា វិវាទដីធ្លីនៅក្នុងខេត្តនេះ មិនមានការកើនឡើងទេ។ ប៉ុន្តែ លោកថា រដ្ឋាភិបាលបរាជ័យក្នុងដោះស្រាយវិវាទដីធ្លីធំៗដែលកើតឡើងជាច្រើនឆ្នាំមកហើយ ដោយធ្វើឲ្យពលរដ្ឋរងទុក្ខ ហើយអ្នកខ្លះត្រូវជាប់បណ្ដឹងនៅតុលាការ បន្ទាប់ពីពួកគេនាំតវ៉ា។

លោកថា៖ «បើយើងពាក់ព័ន្ធដីធ្លីធំៗ មិនទាន់ឃើញមានដោះស្រាយអីឲ្យចេញជាលទ្ធផលទេ ហើយយើងមើលទៅមិនមានចេតនាដោះស្រាយដែរ។ យើងមើលទៅពាក់ព័ន្ធដីសហគមន៍មួយចំនួន ដូចជា នៅស្រុកស្វាយជ្រុំ ស្រុករមាសហែក ស្រុករំដួល គឺបី សហគមន៍ដែលមានទំនាស់ដីធ្លី! ៤កន្លែងហ្នឹង ១០ ឆ្នាំហើយ គឺមិនមានដោះស្រាយអីទេ»។

ពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ពលរដ្ឋរាប់រយនាក់មកពីភូមិគគីរ ស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រមូលផ្ដុំគ្នាដុតកង់ឡាន និងបិទផ្លូវ ដើម្បីជំទាស់ទៅនឹងសមត្ថកិច្ចចម្រុះរាប់រយនាក់ ចុះទៅអនុវត្តសាលដីការបស់តុលាការ។​

ក្នុងហេតុការណ៍នោះ បានធ្វើឲ្យពលរដ្ឋ ២នាក់បានរងរបួស ក្នុងនោះបុរសម្នាក់ត្រូវបានបាញ់ត្រូវចំផ្នែកស្មា ហើយគ្រាប់កាំភ្លើងបៀមជាប់ក្នុងឆ្អឹងខ្នង អំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះដែលប្រដាប់ទៅដោយអាវុធ ខែល ដំបងឆក់ និងឡានទឹក។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី មានប្រសាសន៍ថា វិវាទដីធ្លីនៅក្នុងខេត្តនេះកក្រើកឡើងវិញ ចាប់ពីចុងឆ្នាំ២០១៨ បន្ទាប់ពីអាជ្ញាធរបានចុះអនុវត្តសាដីកា និងបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅស្ថានដែលមិនបានធ្វើការដោះស្រាយដោយសន្តិវិធី។ អ្នកស្រីបង្ហាញក្ដីបារម្ភថា ការកកើកឡើងវិញពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តនេះ ដែលឈានដល់មានការប៉ះទង្គិចគ្នា ធ្វើឲ្យពលរដ្ឋរបួស។

អ្នកស្រីថា៖ «​យើងចង់ឲ្យមានការដោះស្រាយដោយសន្តិវិធី ព្រោះថា យើងទាំងអស់គ្នាសុទ្ធតែជាប្រជាពលរដ្ឋ ហើយរឿងអីក៏ដោយមានវិធីនៃការដោះស្រាយ ព្រោះជារឿងប្រជាពលរដ្ឋជាមួយអាជ្ញាធរ។ អាជ្ញាធរសំដៅទៅលើដីសាធារណៈរបស់​រដ្ឋ ជាមួយភាគីបុគ្គលឯកជន ជាមួយក្រុមហ៊ុនអីទាំងអស់ហ្នឹង គឺសុទ្ធតែជាខ្មែរដូចគ្នាទេ។ យើងអាចជជែកដោះស្រាយគ្នាបាន បញ្ចប់ដោយសន្តិវិធី វាល្អជាងការអំពើហិង្សាដាក់គ្នាទៅវិញទៅមក យកឈ្នះចាញ់ អាហ្នឹងនាំឲ្យមានបញ្ហាអសន្តិសុខ។ ប្រទេសយើងមានការអនុវត្តច្បាប់ត្រឹមត្រូវដែរ»។

អ្នកនាំពាក្យក្រសួងដែនរៀបចំដែនដី លោក សេង ឡូត ចាត់ទុកការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ ដោយសារ កន្លងមក ក្រសួងបានធ្វើការដោះស្រាយវិវាទដីធ្លីបានច្រើនករណីរួចទៅហើយ។ ក្រៅពីការដោះស្រាយ លោកថា ក្រសួងក៏បានចេញយន្តការ​ពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់ក្នុងឆ្នាំ២០២១ ដើ​ម្បីទប់ស្កាត់ទំនាស់កើតឡើងជាថ្មីទៀត និងបានសហការជាមួយក្រសួងមហាផ្ទៃឲ្យជួយជំរុញទៅអាជ្ញាធរខេត្តទាំងអស់ត្រូវខិតខំធ្វើការដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

លោក បន្ថែមថា៖ «ខ្ញុំមិនបញ្ជាក់វិវាទដីធ្លីនៅខេត្តណាមួយទេ ឲ្យតែវិវាទនៅក្នុងដែនសមត្ថកិច្ចរាជធានីខេត្ត ក្រសួងតែងតែខិតខំរួមគ្នា វិវាទណាក៏ដោយ»។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង ចេញផ្សាយឆ្នាំ២០១៨នេះ ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០​ករណីទៀតដែលក្រសួងមិនទាន់បានដោះស្រាយចប់។

របាយការណ៍នោះបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០១៨ ក្រសួងទទួលបានបណ្តឹងពីប្រជាពលរដ្ឋរឿងវិវាទដីធ្លីចំនួន ៩ ១៣១​ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ចំនួន ៣ ៩៦០ករណី ច្រានចោលចំនួន ២ ៨៥៤​ករណី ហើយដកពាក្យបណ្តឹងវិញចំនួន ៨៥៨ករណី និងកំពុងដំណើរដោះស្រាយមានចំនួន ១៤៥៩ករណី។​

របាយការណ៍សមាគមសម្ព័ន្ធកសិករកម្ពុជា ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ពលរដ្ឋដែលរងផលប៉ះពាល់ការដែលមានជម្លោះដីធ្លី ដោយសារ ឈ្មួញ ឬក្រុមហ៊ុនឯកជនមួយចំនួនឃុបឃិតជាមួយអាជ្ញាធររំលោភយកដីធ្លីប្រជាពលរដ្ឋ មានជាង ២ ម៉ឺនគ្រួសារ ដែលមានចំនួន ៩ រាជធានី-ខេត្ត។ វិវាទដីធ្លីទាំង៩ រាជធានី-ខេត្ត នោះ មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កោះកុង កណ្តាល ត្បូងឃ្មុំ ស្វាយរៀង ព្រះវិហារ និងខេត្តបន្ទាយមានជ័យ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ