មន្ត្រីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឲ្យដឹងថា មន្ត្រីតុលាការ ៤១រូបនៅទូទាំងប្រទេស នឹងត្រូវផ្លាស់ប្តូរ ដោយថា ដើម្បីធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានភាពល្អប្រសើរ ប៉ុន្តែ សង្គមស៊ីវិលពុំជឿជាក់ថា ការផ្លាស់ប្ដូរនេះនឹងជួយធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានល្អប្រសើរនោះឡើយ។
ក្នុងលិខិតចុះផ្សាយកាលពីថ្ងៃទី៣១ ខែមករា ដែល វីអូឌី ទើបទទួលបាននៅថ្ងៃនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចផ្លាស់ប្តូរវេនរបស់ប្រធានតុលាការរាជធានី-ខេត្តចំនួន ១២រូប អនុប្រធាន ៤រូប និងចៅក្រម ២៥រូប ក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែ មិនបានបញ្ជាក់ពីពេលវេលាដែលត្រូវប្តូរវេនមន្ត្រីតុលាការទាំងនោះ ឲ្យច្បាស់លាស់នោះទេ។
អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានឲ្យដឹងបន្ថែមថា មន្ត្រីតុលាការទាំង ៤១រូបនោះ នៅមិនទាន់ត្រូវបានផ្លាស់ប្ដូរនៅឡើយទេរហូតមកដល់ពេលនេះ ប៉ុន្តែ លោកបញ្ជាក់ថា គម្រោងនៃការផ្លាស់ប្ដូរនេះ គឺដើម្បីលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឲ្យមានភាពល្អប្រសើរជាងមុន។
លោក សំ ប្រជាមានិត មានប្រសាសន៍ថា៖ «កាលណាគាត់ធ្វើការលើសពីបួនឆ្នាំ គាត់ស្គាល់ញាតិច្រើន ការរកយុត្តិធម៌ពិបាក ដោយសារស្គាល់គ្នាច្រើន។ ជាគោលការណ៍របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រៀងរាល់បួនឆ្នាំ គឺអនុញ្ញាតឲ្យចៅក្រមដល់វេនគាត់ដាក់ពាក្យមកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពីនិត្យក្នុងការផ្ទេរទៅតាមសំណើរបស់គាត់»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការផ្លាស់ប្ដូរមន្ត្រីតុលាការនៅទូទាំងប្រទេសនេះ នឹងមិនជួយដល់ការលើកស្ទួយប្រព័ន្ធយុត្តិធម៌សង្គមនោះឡើយ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «គ្រាន់តែជាផ្នែកមួយទេ។ អ្វីដែលសំខាន់ កំណែទម្រង់លើប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធតុលាការទាំងមូល បានធ្វើឲ្យប្រព័ន្ធយុត្តិធម៌ ឬប្រព័ន្ធតុលាការយើង វាមានប្រសិទ្ធិភាព មានជំនឿទុកចិត្តពីពលរដ្ឋ»។
លោកមេធាវី សុក សំអឿន លើកឡើងថា ការប្តូរវេនមន្ត្រីតុលាការជារឿងល្អសម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ប៉ុន្តែ លោកថា ដើម្បីឲ្យប្រព័ន្ធយុត្តិធម៌មានភាពឯករាជ្យ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវធ្វើការប្តូរវេនមន្ត្រីតុលាការពីខេត្តមួយទៅខេត្តមួយ ដោយមិនឲ្យត្រឡប់ទៅបំពេញការងារនៅកន្លែងចាស់ទៀតនោះទេ។
លោក សុក សំអឿន មានប្រសាសន៍ថា៖ «បើយើងនិយាយពីយុត្តិធម៌តុលាការ យើងឃើញថា តុលាការមាន ២៥ខេត្តក្រុង។ បើសិនជាយើងផ្លាស់ប្តូរគ្រប់ទៅ មនុស្សម្នាក់មិនអាចមកមួយកន្លែងទៀត [កន្លែងចាស់] ពីរដងទេ។ បើសិនជាយើងប្ដូរ ៤ឆ្នាំម្តង ហើយយើងថា ២០ខេត្ត មិនបាច់ថា ២៥ទេ ដ៏ ៨០ឆ្នាំបានមកជុំគ្នាកន្លែងដដែល»។
ក្នុងរបាយការណ៍ «សន្ទស្សន៍នីតិរដ្ឋសម្រាប់ឆ្នាំ២០១៧ និង២០១៨» ដែលចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០១៨ ដោយអង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចាត់ថ្នាក់កម្ពុជា នៅលេខរៀងទី១១២ ក្នុងចំណោមប្រទេស ១១៣។ បើធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់ កម្ពុជាជាប់នៅចំណាត់ថ្នាក់ចុងក្រោយគេក្នុងចំណោមប្រទេសចំនួន ១៥ នៅតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក៕









