ស្ត្រី​ម្នាក់​ស្លាប់ ហើយ​កូន​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ក្រោយហូបត្រីក្រពត

កូន ៣នាក់ កំពុងស្រាយព្យាបាលនៅមន្ទីរបង្អែកស្រុកព្រះនេតព្រះ ក្រោយពីពុលត្រីក្រពត។ រូបភាព៖ បណ្ដាញសង្គម

មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ ហើយកូន ៣នាក់របស់ស្ត្រីរូបនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរបង្អែកស្រុក ក្រោយពីពួកគេបរិភោគត្រីក្រពត។

អធិការស្រុកព្រះនេតព្រះ លោក មាស ឫទ្ធី ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រុមគ្រួសារដែលរងគ្រោះបានហូបត្រីក្រពត រស់នៅភូមិនៅភូមិស្រេះគោកស្រុក ឃុំព្រះនេត្រព្រះ។

លោកបន្តថា គ្រួសារនេះ បានហូបតាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ទើបបានពុល បណ្ដាលឲ្យស្ត្រីដែលជាម្ដាយបានស្លាប់ និងកូន ៣នាក់ កំពុងស្រាយព្យាបាលនៅមន្ទីរបង្អែកស្រុកព្រះនេតព្រះ។

លោក មាស ឫទ្ធី ប្រាប់ថា៖ «គាត់យកពីគេបង់ត្រីតាមស្រះ ដែលគេបោះចោល។ អញ្ចឹង គាត់យកអាត្រីហ្នឹងមកធ្វើម្ហូបអាហារ។ គេបានប្រាប់ហើយថា មិនឲ្យយក ត្រីហ្នឹងពុល ប៉ុន្តែ គាត់ថា មិនអីទេ។ គេថា ប្រាប់គាត់ដែរ ប៉ុន្តែ គាត់មិនស្ដាប់»។

មន្ត្រីនគរបាលរូបនេះ ឲ្យដឹងថា នេះជាលើកទី២ហើយដែលប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ បានស្លាប់ ក្រោយពីហូបពុលត្រីក្រពត។

កាលពីខែមករាឆ្នាំមុន ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយក្រើនរំលឹកប្រជាពលរដ្ឋ កុំឲ្យបរិភោគត្រីក្រពតចំនួន ៣ប្រភេទ បន្ទាប់ពីរកឃើញថា ផ្ទុកទៅដោយជាតិពុលខ្ពស់ អាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សបាន ដោយសារតែជាតិពុលក្នុងខ្លួនត្រីក្រពត នឹងបង្កផលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល និងធ្វើឲ្យស្លាប់តែម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ