ប្រជាកសិករមួយចំនួននៅស្រុកកោះធំ ខេត្តកណ្តាល ស្នើឲ្យមានការជួយបង្រៀនបច្ចេកទេសដាំបន្លែសុវត្ថិភាព ដោយពួកគាត់ថា មិនចង់ប្រើប្រាស់ថ្នាំគីមីច្រើនលើសលប់ដូចបច្ចុប្បន្ន នាំឲ្យប៉ះពាល់ដល់សុខភាពពួកគាត់ផ្ទាល់ និងអ្នកបរិភោគ។
កសិករនៅឃុំព្រែកស្តី ស្រុកកោះធំ លោក ជា ច្រឹក បានរៀបរាប់ថា ប្រជាកសិករនៅស្រុកកោះធំ ភាគច្រើនប្រើគីមីសម្រាប់ដាំនិងដាក់លើបន្លែស្ទើរតែទាំងអស់គ្នា ដើម្បីការពារសត្វល្អិតបំផ្លាញ និងឆាប់បានប្រមូលផលយកទៅលក់។ លោកបន្តថា បច្ចុប្បន្នពលរដ្ឋមានជំងឺច្រើន ដោយសារតែថ្នាំពុលទាំងនេះ។

លោកមានប្រសាសន៍ថា៖ «មើលយើងឥឡូវ តូចតាចល្មមៗ កើតជំងឺក្រពះពេញទឹក ពេញដី ចាស់ៗពីមុនគាត់មិនដែលមានជំងឺក្រពះ ឈឺច្រើនជាងចាស់យើងពីដើម»។
លោក បន្តថា ការប្រើប្រាស់ ជី និងថ្នាំគីមី នៅក្នុងស្រុកនេះ ទើបតែកើតមានឡើងតែប្រមាណ១០ទៅ ១៥ឆ្នាំចុងក្រោយនេះ គឺពីមុនមកការដាំដុះតាមបែបធម្មជាតិទាំងអស់។
ប្រជាកសិកររូបនោះ អះអាងថា ក្រោយពីធ្វើកសិកម្មដាំបន្លែមានជាតិគីមី មិនទទួលបានផលច្រើន និងលក់មិនបានថ្លៃហើយ ថែមទាំងប៉ះពាល់សុខភាពទៀតនោះ លោកសម្រេចចិត្តប្តូរមកដាំបន្លែបែបសុវត្ថិភាពវិញ គឺប្រើគីមីតិចឲ្យត្រូវតាមស្តង់ដារ ឬ បន្លែខ្លះមិនបាច់ប្រើតែម្តង។
កសិករវ័យ៧២ឆ្នាំរូបនេះ បន្តថា រូបគាត់ទើបចាប់ផ្តើមដាំបន្លែបែបសុវត្ថិភាព បន្ទាប់ពីទទួលបានការរៀនសូត្រខ្លះពីអង្គការ ហើយផលដាំបាន អ្នកភូមិភាគច្រើនស្នើទិញយកទៅបរិភោគ ព្រោះពួកគេបារម្ភពីសុខភាព។
លោកមានប្រសាសន៍ថា៖ «មានគេសួរយើងថា ធ្វើបានយកទៅលក់ឲ្យគេ ដើម្បីគេទិញរបស់យើងហូប បងប្អូនគេ គេទិញចែកឲ្យបងប្អូនគេហូប»។
ប្រជាកសិករមួយរូបទៀត អ្នកស្រី សែម សុផល បានរៀបរាប់ថា ប្រជាកសិករភាគច្រើនមិនដឹងពីវិធីសម្រាប់ដាក់ថ្នាំគីមីនៅលើបន្លែដែលដាំនោះទេ។ ករណីនេះ អ្នកស្រីស្នើទៅស្ថាប័នពាក់ព័ន្ធជួយបង្រៀនប្រជាកសិករឲ្យចេះប្រើប្រាស់ថ្នាំគីមីឲ្យបានត្រឹមត្រូវ ដាក់លើបន្លែឲ្យទទួលបានទិន្នផលល្អ ដើម្បីជួយកាត់បន្ថយការប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
អ្នកស្រីមានប្រសាសន៍ថា៖ «បើចុះមកបង្រៀនឲ្យដាំស្ពៃ ដាំបន្លែគ្រប់មុខ ឲ្យធ្វើជាប្រកស្បៃ គេហៅថា ផ្ទះសំណាញ់ ដូចថា ចំណាយដើមច្រើន ពួកខ្ញុំអត់មានដើមធ្វើ ព្រោះមានលុយចាយមិនគ្រប់គ្រាន់ផង មានដើមឯណាធ្វើ រាល់ថ្ងៃបាញ់ថ្នាំបានល្អ បានលក់ដែរ គ្រាន់ថាលក់មិនបានសល់ធំដុំទេ គ្រាន់ថាបានត្រឹមហូប ចាយ រួចមួយថ្ងៃៗ»។
ប្រជាកសិករទាំងនោះអះអាងថា បន្លែដែលដាំភាគច្រើនរួមមាន ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ សណ្តែកគួ ត្រឡាច ត្រកួន និងត្រសក់ជាដើម។
ម្ចាស់ដេប៉ូលក់ជី និងថ្នាំគីមីឈ្មោះ ហុក សុខលីម ស្ថិតនៅក្នុងឃុំព្រែកស្តី ឲ្យដឹងថា នៅលើសំបកថ្នាំមានណែនាំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ ហើយលោកក៏បានណែនាំពីរបៀបប្រើបន្ថែមទៀតមុនលក់ឲ្យកសិករ។ លោកបញ្ជាក់ថា កសិករភាគច្រើនប្រើប្រាស់បានត្រឹមត្រូវ ហើយមួយចំនួនទៀតនៅតែមិនសូវយល់ពីរបៀបនៃការប្រើប្រាស់។
លោកមានប្រសាន៍ថា៖ «នៅលើការណែនាំនៅលើក្រដាសវេចខ្ចប់ បើកសិករអត់មើល អាចប្រើទៅមានបញ្ហា ទីមួយគេហៅថា បន្លែសុវត្ថិភាព! បន្លែសុវត្ថិភាព ពេលដែលយើងប្រើទៅផលប៉ះពាល់តិច គេកំណត់ថា មួយអាទិត្យប្រើទៅបានប្រមូលផល យើងបាញ់តាមការកំណត់របស់គេ អត់សូវប៉ះពាល់ទេ»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុទ្ធី បានទេនៅថ្ងៃនេះដោយលោកប្រាប់ថា ជាប់ប្រជុំ។

ប្រធានគ្រប់គ្រងធនធានផ្នែកផលិតផល នៅក្រុមហ៊ុន សហករណ៍សិរីរាង្គខ្មែរ លោក នាង ថៃ មានប្រសាសន៍ថា អ្នកប្រើប្រាស់បន្លែដែលមានជាតិគីមីមិនអាចជៀសផុតពីជំងឺ ក្រពះ ពោះវៀន និងជំងឺមហារីកនោះទេ។ ករណីនេះ លោកផ្តល់ជាអនុសាសន៍ថា អ្នកបរិភោគ ត្រូវបរិភោគបន្លែដែលមិនមានជាតិគីមី ទើបទប់ស្កាត់បញ្ហាជំងឺផ្សេងៗបាន។
លោកផ្តល់ជាអនុសាសន៍ថា៖ «ទីមួយ គាត់គួរតែព្យាយាមហូបបន្លែដែលមានប្រភពច្បាស់លាស់ ជាបន្លែធម្មជាតិ ដែលជាសិរីរាង្គពិតប្រាកដ គាត់គួរតែមកហូបវិញ បើសិនជាគាត់នៅតែចូលបន្លោះហូបបន្លែគីមីដដែល ជួយម៉េចបានទេ ទៅមិនរួច»។
ទីប្រឹក្សាអង្គការសេដាក លោក សម វិទូ មានប្រសាសន៍ថា បច្ចុប្បន្ននេះអ្នកដាំបន្លែភាគច្រើនប្រើប្រាស់សាធារធាតុគីមី ដោយថា ដើម្បីលក់បានលឿន និងងាយស្រួលយកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។ ប៉ុន្តែ លោកថា រដ្ឋាភិបាលគួរតែបង្រៀនកសិករចេះធ្វើកសិកម្មដាំបន្លែសរីរាង្គ រកទីផ្សារ នឹងពង្រឹងការអនុវត្តច្បាប់ ទើបទទួលបានផលវិជ្ជមាន។
លោកមានប្រសាសន៍ថា៖ «យើងត្រូវតែកំណត់ថា តើកម្ពុជាយើងឈាន ដាក់ខ្លួន ដើម្បីបំពេញតួនាទីឲ្យក្លាយទៅជាប្រទេសដែលផលិតនៅផលិតផលសិរីរាង្គឬអត់ បញ្ហាទី២ គឺទាក់ទងនឹងបញ្ហាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យពួកគាត់យល់ដឹងពីការប្រើប្រាស់ ឲ្យសមស្របទៅតាមស្តង់ដារ ទី៣ ទាក់ទងការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយ ឬក៏លុបបំបាត់ទាំងស្រុងនៅការប្រើប្រាស់ ឬធាតុចូលកសិកម្មដែលមានផលប៉ះពាល់ដល់សុខភាព ដើម្បីលុបបំបាត់ទាំងស្រុង ដើម្បីកុំឲ្យមានលក់នៅលើទីផ្សារ»។
អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ២០១៥ បានលើកឡើងនៅក្នុងរបាយការណ៍សុវត្ថិភាពចំណីអាហារ ថា ចំណីអាហារផ្ទុកទៅដោយសារធារពុលប្រកបដោយគ្រោះថ្នាក់ ដូចជាមេរោគ បាក់តេរី បារ៉ាស៊ីត ឬសារធាតុគីមី បង្កនូវជំងឺជាង ២០០ប្រភេទ រាប់ចាប់តាំងពីរាគរូសរហូតដល់ជំងឺមហារីក។
យោងតាមឯកសារសិក្សាលើមនុស្សវ័យចំណាស់នៅកម្ពុជានៅឆ្នាំ២០១៥ ឲ្យដឹងថា មនុស្សវ័យចំណាស់ទាំងស្ត្រី និងបុរសចាប់ពីអាយុ ៦០ឆ្នាំឡើង ទៅភាគច្រើនប្រឈមនឹងជំងឺបេះដូង សរសៃឈាម និងទឹកនោមផ្អែម។
អំឡុងខែកញ្ញាឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុងប្រកបរបរកសិកម្ម ប៉ុន្តែ កសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញបានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថវិកា២០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន៕









