មន្ត្រី​អះអាង​ពី​ការ​ពង្រឹង​វិធានការ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម ក្រោយ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

ជ្រូកដែលបានឆ្លងជំងឺប៉េស្តជ្រូក ហើយស្លាប់ ត្រូវបានយកទៅកប់ចោល។ រូបភាព៖ ហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy

មន្ត្រី​ជំនាញ​បសុសត្វ បាន​អះ​អាង​ថា សមត្ថកិច្ច​កំពុង​តែ​​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ជ្រូក​តាម​ច្រក​ព្រំដែន​វៀតណាម​ បន្ទាប់​ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​ លោក តាន់ ផាន់ណារ៉ា បាន​ប្រាប់​VOD នៅ​ព្រឹក​នេះ​ថា ​បន្ទាប់​ពី​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម អគ្គនាយកដ្ឋាន​បាន​សហការ​ជា​មួយ​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ ដើម្បី​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ក្នុង​ស្រុក ខណៈ​បញ្ជា​ទៅ​កាន់​មន្ត្រី​ត្រួត​ពិនិត្យ​ទៅ​លើ​ជ្រូក​នាំ​ចូល​ពី​ប្រទេស​នេះ​ផង​ដែរ។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​ ក្រៅ​ពី​ទាមទារ​លិខិត​បញ្ជាក់​សុខភាព​សត្វ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ហើយ​នោះ​ មន្ត្រី​នៅ​តាម​ព្រំ​ដែន​នឹង​​ពិនិត្យ​ទៅ​លើ​សត្វ​ដែល​នាំ​ចូល​នោះ​បន្ថែម​ផង​ដែរ។

លោក​ថា៖ «យើង​ក៏​មើល​ពី​សុខភាព​សត្វ​ជា​ក់ស្ដែង​ផង​ដែរ​ មុន​នឹង​ឡើង​ឡាន​មក​កម្ពុជា។ មើល​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​ តើ​សត្វ​ហ្នឹង​ដង្ហក់​ឬ​អត់? ធម្មតា​ ជំងឺ​ហ្នឹង​វា​ក្ដៅ​ធ្វើ​ឲ្យ​សត្វ​ក្ដៅ ដង្ហក់​ និង​​មាន​រោគ​សញ្ញា​ពណ៌​ស្វាយ​នៅ​ពោះ ហើយ​បន្ថែម​លើ​ពី​នេះ ​ឥឡូវ ​យើង​មាន​វិធាន​ការ​បន្ថែម​ទៀត​ គឺ​យើង​ធ្វើ​តេស្ដ​ឈាម​ដែល​នាំ​ចូល ​គឺ​ធ្វើ​ជា ​Random ចន្លោះ​ៗ យក​មក​ពិសោធនៅ​មន្ទីរ​ពិសោធន៍​នៃ​អគ្គនាយកដ្ឋាន»

លោក​បន្ថែម​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ជា​ជំងឺ​ថ្មី​ដែល​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ ​ដោយ​វា​ចម្លង​តាម​រយៈ​ការ​ទំ​លើ​សំលៀក​បំពាក់​របស់​មនុស្ស និង​សាច់​សត្វ​ជ្រូក​ ហើយ​ប្រសិន​ជា​វា​ឆ្លង​ដល់​កសិដ្ឋាន​ណា​ហើយ​ ជ្រូក​ក្នុង​កសិដ្ឋាន​នោះ​នឹង​ឆ្លង​ងាប់​ស្ទើរ​តែ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ខាត​បង់​ជា​ខ្លាំង។

បើ​តាម​លោក តាន់ ផាន់ណារ៉ា បច្ចុប្បន្ន ​កម្ពុជា​នាំ​ចូល​ជ្រូក​ចន្លោះ​ពី​ ១៥០០ ​ដល់​ ២០០០ក្បាល​ពី​ប្រទេស​វៀតណាម។

អគ្គនាយក​ក្រុម​ហ៊ុន ​ម៉ុង ឬទ្ធី និង​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ​នៅ​កម្ពុជា លោក ម៉ុង ឫទ្ធី បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ ហើយ​ក៏​បាន​​ជំរុញ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ផ្សេង​ទៀត​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចូល​រួម​រាយការណ៍​ពី​ករណី​នេះ​ផង​ដែរ ​ប្រសិន​ជា​សង្ស័យ​ ឬ​ឃើញ​មាន​ការ​ចរាចរ​ជ្រូក​ទាំង​នេះ។

លោក ម៉ុង ឫទ្ធី ប្រាប់ថា៖ «គ្មានអ្នកណាម្នាក់អាចធ្វើរឿងហ្នឹងម្នាក់ឯងបានទេ ទាល់តែទាំងអស់គ្នារួមគ្នាការពារ បាន​​អាចទប់ស្កាត់បាន។ តែបើចេះតែឆ្លើយដាក់គ្នា អ្នកនេះអ្នកនោះ អត់បានទេ ហើយកុំចាំតែរដ្ឋាភិបាល ព្រោះសមត្ថកិច្ចរបស់រដ្ឋតិចជាងអ្នកដែលរត់ពន្ធ ហើយច្រករបៀងវាច្រើន។ អញ្ចឹង កុំចាំតែបន្ទោស សូមឲ្យជួយទាំងអស់គ្នាបានអាចទៅរួច​»

ទោះ​ជាយ៉ាង​ណា​​ សម្រាប់​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ ​លោក ស្រ៊ុន ពៅ នៅ​តែ​លើក​ឡើង​ពី​ក្តី​បារម្ភ​ពី​ការ​លួច​នាំ​ចូល​សត្វ​ជ្រូក​នៅ​តាម​ច្រក​របៀង​ ដែល​ពុំ​មាន​សមត្ថកិច្ច​យាម​កាម​តឹង​រ៉ឹង​នោះ ដោយ​លោក​ស្នើ​ដល់​អាជ្ញាធរ ជា​ពិសេស​ពេទ្យ​សត្វ​ត្រូវ​ចុះ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ខ្លាំង​ក្លា​ ដើម្បី​ធានា​ថា ​គ្មាន​ជ្រូក​មាន​ជំងឺ​នេះ​ឆ្លង​ចូល​មក​កម្ពុជា​បាន។​

លោក ស៊្រុន ពៅ មាន​ប្រសាសន៍​ថា៖ «សមាគមបានផ្សព្វផ្សាយដល់អ្នកចិញ្ចឹមរាប់ខែមកហើយ មិនមែនទើបតែឥឡូវទេ តែព្រោះតែឥឡូវមានការផ្ទុះនៅវៀតណាមដែលធ្វើឲ្យពួកយើងមានការបារម្ភបន្ថែមទៀត»

​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៨​កន្លងទៅ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រីក​រាល​ដាល​ក្នុង​ខេត្ត និង​តំបន់​ចំនួន ​​២៥ នៅ​ប្រទេស​ចិន ដែល​ពេលនោះ​ អាជ្ញាធរ​​ចិន​បាន​សម្លាប់​ជ្រូក​ចោល​រាប់​ម៉ឺន​ក្បាល។

ក្រោយ​ផ្ទុះ​ជំងឺ​នេះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម ហៅ​កាត់​ថា​ FAO​ បាន​ព្រមាន​ថា ​​ជំងឺប៉េស្ត​​ជ្រូក​អាហ្វ្រិក​ដែល​​កើតឡើង​នៅ​ចិន​ អាច​រីក​រាល​ដាល​ដល់​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​​អាស៊ី​។ អង្គការ​នេះ ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មេរោគ​នេះ​​ធន់​​ខ្លាំង ​ហើយ​អាច​រស់​​នៅ​បាន​យូរ ពោល​គឺ​វា​អាច​ស៊ាំនឹង​អាកាសធាតុ​​ក្តៅ​ខ្លាំង ត្រជាក់​ខ្លាំង ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ​ វា​ថែម​ទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិត​ផល​សាច់​ជ្រូក​ក្រៀម​ផង​ដែរ។

ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បាន​​ផ្ទុះ​ខ្លាំង​កាល​ពី​ទសវត្ស​ឆ្នាំ​១៩៦០​នៅ​អឺរ៉ុប ​និង​អាមេរិក។ ដោយសារ​តែមាន​ប្រវត្តិ​នៃ​ការ​ផ្ទុះ​ និង​ការ​សាយភាយ​នៅ​តំបន់​ផ្សេង​ៗ​គ្នា​បែបនេះ ទើប​អង្គការ​ស្បៀងអាហារ និង​កសិកម្ម យល់​ថា ​ជំងឺ​នេះ​អាច​រីករាលដាល​ដល់​ប្រទេស​ជិត​ខាង​ ជាពិសេស​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ឧបទ្វីប​កូរ៉េ ព្រោះ​ប្រទេស​ក្នុង​តំបន់​ទាំង​នេះ​មាន​តម្រូវ​ការ​សាច់ជ្រូក​ខ្ពស់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ