លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកក្រសួងពាក់ព័ន្ធឲ្យប្រើសក្តានុពលទីផ្សារចិន និងវៀតណាម ដែលលោកថា ដើម្បីជំរុញតម្លៃស្រូវឲ្យហក់ឡើងថ្លៃវិញ។
រដ្ឋាភិបាល បានអះអាងថា នៅឆ្នាំ២០១៩នេះ វៀតណាមបានសន្យាទិញអង្ករពីកម្ពុជាទំហំ ៣០ម៉ឺនតោន ខណៈដែលប្រទេសចិនសន្យាបង្កើនការនាំចូលអង្ករពីកម្ពុជាឲ្យដល់ទំហំ ៤០ម៉ឺនតោននៅក្នុងឆ្នាំនេះ ខណៈសហភាពអឺរ៉ុបប្រកាសយកពន្ធអង្ករពីកម្ពុជាវិញនោះ។
ការអះអាងរបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយក្រុមកម្មករនៅខេត្តកណ្តាល កាលពីថ្ងៃពុធម្សិលមិញនេះ។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីនោះថា អង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅលើទីផ្សារអន្តរជាតិ។ លោកថា ដូចនេះកម្ពុជាមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិនេះ។
មេដឹកនាំរូបនេះ ថ្លែងទៀតថា តម្លៃស្រូវពេលនេះ បែរជាចុះថោក ហើយលោកបញ្ជាទៅក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ឲ្យប្រើប្រាស់សក្តានុពលទីផ្សារចិន និងវៀតណាម ដើម្បីឲ្យតម្លៃស្រូវងើបឡើងវិញ។

លោក ហ៊ុន សែន ថ្លែងថា៖ «ទៅប្រទេសវៀតណាម ៣០ម៉ឺនតោន ទៅប្រទេសចិន ៤០ម៉ឺនតោន តែពីរហ្នឹង ប្រហែលជាអង្ករ ៧០ម៉ឺនតោន ស្មើនឹងស្រូវជាង ១លានតោនហើយ។ ដូច្នេះ ត្រូវប្រឹងប្រែងប្រើឲ្យអស់នូវសក្តានុពលទីផ្សារដែលយើងមានខាងក្រៅ ជាមួយទីផ្សារទំាងឡាយដែលយើងកំពុងមាន ដើម្បីទាញយកនៅតម្លៃស្រូវរបស់កសិករយើងឲ្យកើនឡើងត្រឡប់មកវិញៗ»។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន លើកឡើងថា ការពឹងផ្អែកទៅលើតែប្រទេសវៀតណាម និងចិន លោកថា មិនអាចទប់ស្កាត់ការធ្លាក់ចុះតម្លៃកសិផលបានយូរអង្វែងទេ ដោយថា ប្រទេសទាំងនោះ ជាប្រទេសនាំអង្ករចេញទៅលក់នៅទីផ្សារអឺរ៉ុប ដូចកម្ពុជាដែរ។
លោក ថេង សាវឿន ផ្តល់យោបល់ថា ដើម្បីរក្សាតម្លៃកសិផល រដ្ឋាភិបាលត្រូវបញ្ចេញកញ្ចប់ថវិកាសម្រាប់ទិញស្រូវពីកសិករ ឬឲ្យកសិករខ្ចីក្នុងអត្រាការប្រាក់ទាប ដើម្បីទប់ស្កាត់កុំឲ្យឈ្នួញកំណត់តម្លៃតាមចិត្ត។ លោកថា មួយវិញទៀត រដ្ឋាភិបាលត្រូវគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យកម្ពុជាមានលទ្ធភាពនាំអង្ករទៅលក់នៅទីនោះដោយរួចពន្ធឡើងវិញ។

លោក ថេង សាវឿន ប្រាប់ថា៖ «ទី៣ យើងចង់ឲ្យមានបច្ចេកទេសសម្រាប់វេចខ្ចប់ ដូចជា ឡសម្ងួត ហើយនិងកន្លែងកែច្នៃផលិតផលរបស់ពួកគាត់ ធ្វើយ៉ាងម៉េចដើម្បីធានាការនាំចេញរបស់ពួកគាត់ ហើយចុងក្រោយហ្នឹង រដ្ឋត្រូវតែបង្កើនលុយទៅលើវិស័យកសិកម្ម ក្នុងការជួយទិញស្រូវដល់កសិករ»។
សហភាពអឺរ៉ុប កាលពីខែមុន បានសម្រេចយកពន្ធអង្ករដែលកម្ពុជានាំចូលទៅលក់នៅទីផ្សាររបស់ខ្លួនរយៈពេលបីឆ្នាំជាប់គ្នាចាប់ពីឆ្នាំ២០១៩នេះទៅ។
សហភាពអឺរ៉ុបកំណត់យកពន្ធ ១៧៥អឺរ៉ូ ស្មើនឹងជាង ២០០ដុល្លារ ក្នុងអង្ករ ១តោននៅឆ្នាំដំបូង ហើយអត្រាពន្ធនេះ នឹងធ្លាក់ចុះមកនៅត្រឹមជាង ១៧០ដុល្លារ សម្រាប់ឆ្នាំ២០២០ និងជាង ១៤០ដុល្លារ នៅឆ្នាំ២០២១។
តួលេខពីរដ្ឋាភិបាលកម្ពុជាបង្ហាញថា កម្ពុជាបាននាំចេញអង្ករជាង ៦២ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០១៨ ក្នុងនោះ ២៧ម៉ឺនតោន ទៅកាន់ទីផ្សារអឺរ៉ុប ធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាទីផ្សារធំបំផុតសម្រាប់កម្ពុជា៕









