បទយកការណ៍៖ ភរិយាសកម្មជន ​CNRP ថា ស្វាមីស្លាប់ដោយសារពន្ធនាគារមិនឲ្យចេញ​ព្យាបាលជំងឺទាន់ពេលវេលា

អ្នកស្រី ប៉ុល រំដួល ជាភរិយារបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ពីរឿងប្ដីរបស់អ្នកស្រី គឺលោក យា ថុង។ រូបភាព៖ ហ៊ី ឆាយ

ស្ថិត​នៅ​ក្នុង​​ភូមិសាស្ត្រ​ស្រុក​សំរោង នៃ​ទឹក​ដី​ខេត្ត​តាកែវ ចម្ងាយ​ប្រហែល ៥០​គីឡូ​ម៉ែត្រ ភាគ​និរតី​នៃ​រាជ​ធានី​ភ្នំពេញ បុរសមួយ​ក្រុម​​​កំពុង​តែ​រុះ​រើ​រោង​បុណ្យ​មួយកន្លែង មួយ​ថ្ងៃ​ក្រោយ​ពី​ការ​​បញ្ចប់​ទៅ​នៃ​កម្មវិធី​បុណ្យ​តាម​បែប​សាសនា​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែជ័យ សម្រាប់​សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប គឺ​លោក យា ថុង ដែល​បាន​បាត់​បង់​ជីវិត​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ដំណាល​គ្នា​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០​រូប​ទៀត។

ជា​ភរិយា​លោក យា ថុង ដែល​ទើប​តែ​បាន​រៀបចំ​បុណ្យ​​គម្រប់​ខួប ៧​ថ្ងៃ​នៃ​មរណភាព​ឲ្យ​ស្វាមី​របស់​គាត់​នោះ អ្នកស្រី ប៉ុល រំដួល បាន​អះ​អាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ស្វាមី​របស់​អ្នក​ស្រី​បាន​បាត់​ជីវិត​ បន្ទាប់​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បដិសេធ​សំណើ​សុំ​ចេញ​ទៅ​ព្យាបាលជំងឺ​នៅ​ខាង​ក្រៅ​មណ្ឌល​ឃុំ​ឃាំង។

រូបថតរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក យា ថុង។ រូបភាព៖ ហ៊ី ឆាយ

លោក យា ថុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៥ ហើយ​ក៏​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស​រូប​លោក ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៧​ឆ្នាំ ជាមួយ​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ៨​នាក់​ដទៃ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ចូលរួម​ចលនា​កុប្បកម្ម​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៤ ប៉ុន្តែ ត្រូវបានដោះលែងវិញក្រោយពីអនុវត្តទោសបានជាង ៣ឆ្នាំ។

​​អតីត​អ្នក​ទោស​នយោបាយរូបនេះ បាត់​បង់​ជីវិត​នៅ​ក្នុង​វ័យ​ទើប​តែ ៤៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយសាររោគាពាធ និងបានបន្សល់ទុកកូនចំនួន ៣នាក់ឲ្យនៅកំព្រា។

ស្ត្រី​ពោះ​ម៉ាយ ​អ្នកស្រី ប៉ុល រំដួល បានរៀបរាប់ប្រាប់ វីអូឌី ទាំងអួលដើមក​ថា ស្វាមី​របស់​អ្នក​ស្រី​មាន​សុខភាព​រឹង​មាំ និង​មិន​ធ្លាប់​មាន​ជំងឺ​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ អ្នកស្រី​ថា ស្វាមី​គាត់​បានចាប់ផ្តើមឈឺជើង ក្រោយ​ពេលសមត្ថកិច្ចចាប់ខ្លួន ដោយបន្តឈឺរហូតដល់អំឡុងពេលជាប់ពន្ធនាគារ។

អ្នកស្រី ប៉ុល រំដួល រៀបរាប់ថា៖ «កាលពីមុន សុខភាពគាត់ គឺសុខភាពមាំមួន គាត់ចូល​ចិត្ត​ហាត់ប្រាណ ចូលចិត្តលេងកីឡា អត់ដែលឈឺអីទេ។ បារីគាត់អត់ចេះជក់ ស្រាគាត់អត់ចេះផឹក»។

រំឭក​ឡើង​វិញ​ទាំងទឹក​ភ្នែក​ហូរ​ចុះ​​លើ​ថ្ពាល់​ផង​នោះ អ្នកស្រី ប៉ុល រំដួល បាន​អះ​អាង​បន្ត​ថា ស្វាមី​របស់​អ្នកស្រី​ពុំ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​នោះ​ឡើយ ​អំឡុង​ពេល​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣​ឆ្នាំ​នោះ។

អ្នកស្រីបន្ថែមថា៖ «ពេលដែលគេចាប់គាត់បានមួយយប់ ស្អែកឡើងគេបញ្ជូនគាត់ទៅគុកព្រៃស។ ខ្ញុំបានទៅមើល គឺគាត់មកទាំង​ហើមជើង។ គាត់ប្រាប់ថា ឈឺណាស់ ហើយឈឺជើងយូរៗ យើងអត់បានព្យាបាលត្រឹមត្រូវ។ គេគ្រាន់តែញាំថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែ មិនបានយកគាត់ទៅថតមើលជំងឺទេ ហើយយូរៗបណ្តាលឲ្យគាត់ឈឺចង្កេះទៀត។ ដូចថា ពេលនៅក្នុងពន្ធនាគារហ្នឹង គាត់​ឧស្សាហ៍​តែឈឺចង្កេះ និងឈឺហ្នឹងហ្មង»។

អ្នកស្រី ប៉ុល រំដួល ឲ្យដឹងថា ពេល​ធ្លាក់ខ្លួនឈឺខ្លាំងម្តងៗ ស្វាមី​របស់​គាត់តែងតែស្នើសុំទៅមន្រ្តីពន្ឋនាគារ ដើម្បីចេញទៅ​រកការ​ព្យបាលនៅមន្ទីរពេទ្យខាងក្រៅ ប៉ុន្តែ ខាងពន្ធនាគារមិនដែលអនុញ្ញាតឡើយ។

អ្នកស្រីបន្ថែមថា៖ «គាត់បានស្នើសុំទៅពិនិត្យជើង និងចង្កេះគាត់នៅពេទ្យរុស្ស៊ី ព្រោះគាត់ឈឺខ្លាំង។ ពេលប្រពន្ធកូនមកលេង គាត់ដើរ​មកជួបអត់កើត ប៉ុន្តែ ខាងពន្ឋនាគារហ្នឹង គេអត់អនុញ្ញាតឲ្យទៅពិនិត្យនៅពេទ្យរុស្ស៊ីទេ»។

ជា​ម្ដាយ​នៃ​កូន ៣​នាក់​ដែល​មានវ័យ​ជាង៤០ឆ្នាំ អ្នកស្រី រំដួល ជឿ​ជាក់​ថា ប្រសិនបើខាងពន្ឋនាគារយកចិត្តទុកដាក់ និងអនុញ្ញាតឲ្យស្វាមីរបស់គាត់ចេញទៅព្យាបាលនៅមន្ទីពេទ្យខាងក្រៅទាន់ពេលវេលានោះ ស្វាមីរបស់គាត់មិនឈឺរហូតស្លាប់បែបនេះទេ។

អ្នកស្រីបន្ថែមថា៖ «ព្រោះអី បើយើងឈឺអ្វីមួយត្រូវស្កេន យើងត្រូវតែថតឲ្យច្បាស់ បានយើងវ៉ៃថ្នាំត្រូវ មិនចេះតែឲ្យថ្នាំដោយប៉ាន់​ស្មានថា គាត់កើតនេះកើតនោះបានទេ។ យើងទៅពេទ្យ គេស្កេន គេថត មើលដឹងថា កើតជំងឺអ្វីបានគេវ៉ៃថ្នាំត្រូវ។ បើអត់ស្កេន អត់បានពិនិត្យសុខភាពគាត់ត្រឹមត្រូវទេ ចេះតែឲ្យថ្នាំគាត់ញាំ អញ្ចឹង ថ្នាំហ្នឹងវាជាអាវុធមុខពីរ​។ អញ្ចឹង​ វាអាចធ្វើឲ្យយើងខូចក្នុងសរី​រាង្គកាយយើង ហើយគាត់រយៈពេល ៣ឆ្នាំជាង វាយូរណាស់សម្រាប់ការឈឺចុកចាប់របស់គាត់»។

អ្នកស្រី រំដួល ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​គ្រូ​ពេទ្យ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ពិនិត្យ និង​រក​ឃើញ​ថា ស្វាមីគាត់​មាន​ជំងឺ​ពុក​ឆ្អឹង​ចង្កេះ ដែល​អាច​បណ្ដាល​មក​ពី​ជំងឺ​មហារីក​សួត បន្ទាប់​ពី​ពុំ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា។

អ្នកស្រី រំដួល បាន​ចាត់​ទុក​បញ្ហា​នេះ​ថា ជារឿងអយុត្តិធម៌បំផុតដែលខាងពន្ធនាគារមិនអនុញ្ញាតឲ្យស្វាមីរបស់គាត់ជាអ្នកទោសនយោបាយ បានចេញទៅព្យាបាលជំងឺទាន់ពេលវេលានោះ។

អ្នកស្រីបន្ថែមថា៖ «វាអយុត្តិធម៌បំផុតសម្រាប់ពួកគាត់ដែលជា​សកម្មជន ព្រោះថា អ្នកទោសចោរលួចចោរប្លន់ផ្សេងៗអី ខាងពន្ធនាគារ គេអាចអនុញ្ញាតឲ្យទៅព្យាបាលខាងក្រៅបាន ចំណែកក្រុមពួកគាត់ដែលជាអ្នកទោសនយោបាយ ជាក់ស្តែងដូចប្តីខ្ញុំសុំ គឺគេមិនទៅឲ្យទៅតែម្តង គឺជា​ភាពអយុត្តិធម៌សម្រាប់គាត់ណាស់»។

ដោយ​ត្រូវ​រាប់​រង​បន្ទុក​ជា​ឪពុក​ផង​ជា​ម្ដាយ​ផង​នោះ អ្នកស្រី ប៉ុល រំដួល ឲ្យដឹងថា គ្រួសារគាត់អាចប្រឈមបញ្ហាជីភាពគ្រួសារ និងអ្នកស្រីផ្ទាល់អាចប្រឈមបាត់បង់ការងារ បន្ទាប់​ពី​អ្នកស្រីបានសុំច្បាប់ក្រុមហ៊ុនឈប់សម្រាក​ជាច្រើនខែមកហើយ ចាប់តាំងពីស្វាមីរបស់គាត់ធ្លាក់ខ្លួនឈឺខ្លាំងរហូតមកដល់ពេលស្លាប់នេះ។

អ្នកស្រីបន្ថែមថា៖ «ពេលដែលគាត់ជាប់ពន្ធរយៈពេល ៣ឆ្នាំហ្នឹង គឺទុកឲ្យបងចិញ្ចឹមកូនរហូតទៅដល់បីនាក់ ខ្ញុំអត់មានលុយទេ។ ចាប់តាំងពីគាត់ចេញមកហ្នឹង គឺគាត់បានធ្លាក់ខ្លួនឈឺ គាត់ឈឺទៅព្យាបាលហ្នឹង គឺលុយបងប្អូនទាំងអស់។ អញ្ចឹង ខ្ញុំសូមអរគុណបងប្អូនខ្មែរទាំងអស់ដែរដែលបានជួយគ្រួសារខ្ញុំ ​ហើយខ្ញុំ​មានផលពិបាកយ៉ាងខ្លាំង ដោយសារខ្ញុំបាត់បង់ស្វាមីដែលជាមេគ្រួសារមួយ។ ខ្ញុំសង្ឃឹមថា ពេលគាត់ត្រឡប់មកវិញ យើងមានសុភមង្គលក្នុងគ្រួសារ យើងនឹងខំរកស៊ី ព្រោះអីគាត់ជាប់ពន្ឋនាគារ ៣ឆ្នាំ គឺអត់មានអីចូលផ្ទះទេ មានតែចេញ»។

អ្នកនាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា បានច្រានចោលការលើកឡើងរបស់ភរិយាលោក យា ថុង ដោយ​លោក​ថា ករណីនោះត្រូវមានការស្រាវជ្រាវ និងពិនិត្យឲ្យបានច្បាស់សិនអំពីបញ្ហាជំងឺរបស់លោក យា ថុង នោះ។ ចំពោះការស្នើសុំមកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅវិញ លោក នុត សាវនា អះ​អាង​ថា លោក​មិនបានដឹងច្បាស់ដែរ។

លោកបន្ថែមថា៖ «ការលើកឡើងស្នើសុំមកព្យាបាលខាងក្រៅហ្នឹង នៅទូទាំងប្រទេស វាមានករណីច្រើន អ្នកខ្លះគាត់ឈឺមែន អ្នកខ្លះ​ស្នើសុំឲ្យបានចេញទៅក្រៅប្រទេស។ ដល់អញ្ចឹង វាកំណត់ទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យនៅក្នុងពន្ធនាគារ គឺគាត់ជាអ្នកវិនិច្ឆ័យ ហើយគាត់ធ្វើសំណើ។ ចំណែករណីលោក យា ថុង ហ្នឹង ទាល់តែស្រាវជ្រាវជីកឬសគល់ទៅក្រោយបន្តិច បានយើងអាចកំណត់ថា មូលហេតុនៃការស្លាប់ហ្នឹង វាមកពីមូលហេតុអី? ហើយដល់ពេលគាត់ទម្លាក់កំហុសទាំងស្រុងមកពន្ធនាគារហ្មង ខ្ញុំទទួលយកអត់បានទេ»។

មេធាវីការពារក្តីឲ្យលោក យា ថុង គឺលោកស្រី ម៉េង សុភារី ប្រាប់ វីអូឌី ថា លោកស្រីធ្លាប់បានដាក់ស្នើសុំ​ម្ដងដើម្បីឲ្យលោក យា ថុង បានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ ប៉ុន្តែ អ្នកស្រី​បញ្ជាក់​ថា លោកចៅក្រមមិនអនុញ្ញាតឡើយ។

មេធាវីរូបនេះបន្តថា លោក យា ថុង បានដាក់ពាក្យ​ស្នើ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ពន្ធនាគារជាច្រើនដង​ផង​ដែរ ដើម្បីសុំទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខាង​ក្រៅ ប៉ុន្តែ មិនទទួលបានការអនុញ្ញាតទេ។

លោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា

លោកស្រី ម៉េង សុភារី ប្រាប់​ថា៖ «ខ្ញុំបានដាក់លិខិតសុំអនុញ្ញាតឲ្យកូនក្តីរបស់ខ្ញុំបានទៅព្យាបាលជំងឺ ហើយខាងចៅក្រមស៊ើបសួរគាត់បានចេញដីកាសម្រេចមួយ មិនអនុញ្ញាតឲ្យអតីតកូនក្តីខ្ញុំឈ្មោះលោក យា ថុង បានទៅព្យាបាលជំងឺតាមការស្នើសុំទេ ដោយគាត់លើកមូលហេតុដែលយល់ឃើញផ្អែកទៅតាមរបាយការណ៍របស់ប្រធានមណ្ឌលអប់រំកែប្រែទី១ បានបញ្ជាក់ថា ក្រោយពេលបញ្ជូនលោក យា ថុង ទៅដល់មណ្ឌលអប់រំកែប្រែទី១ហើយ ខាងគ្រូពេទ្យប្រចាំមណ្ឌលបានធ្វើការយកចិត្តទុកដាក់ និងព្យាបាលរហូតធ្វើឲ្យលោក យា ថុង មានស្ថានភាពជំងឺធូរស្រាល ហេតុនេះ គឺពុំចាំបាច់អនុញ្ញាតឲ្យជនត្រូវចោទទៅព្យាបាលជំងឺនៅមន្ទីរពេទ្យនោះទេ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​អ្នក​ទោស​មាន​ជំងឺ​ធ្ងន់ធ្ងរ ចេញ​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរ​ពេទ្យ​ធំៗ​របស់​រដ្ឋ នៅ​ខាង​ក្រៅ​មណ្ឌល​ឃុំ​ឃាំង ហើយ​លោក​ថា មិន​ត្រូវ​បណ្ដោយ​ឲ្យ​អ្នក​ទោស​រូប​ណា​ស្លាប់​នោះ​ឡើយ។

លោក អំ សំអាត បន្តថា ប្រសិនបើខាងពន្ធនាគារមិនអនុញ្ញាតទេ វា​គឺការរំលោភសិទ្ធិធ្ងន់ធ្ងរទៅអ្នកទោសដែលកំពុងមានជំងឺនោះ។

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត

លោក អំ សំអាត បន្ថែមថា៖ «អានេះវាជាគោលការណ៍ ពីព្រោះ ទោះបីជាគាត់ជាអ្នកទោស ឬអ្នកជាប់ឃុំក៏ដោយ ក៏នៅតែមានសិទ្ធិថែទាំផ្នែកសុខភាព ដោយទទួលបានសេវាថែទាំសុខភាពផ្សេងៗ។ ប្រសិនជាមានករណីមានជំងឺធ្ងន់ធ្ងរ​ហើយ ហើយ​ក្រុមគ្រួសារ ឬអ្នកជំងឺហ្នឹងគាត់បានស្នើសុំទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋខាងក្រៅ​ ហើយមិនអនុញ្ញាត អាហ្នឹងវាជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពគាត់ធ្ងន់ធ្ងរ ហើយវាក៏អាចជាបទល្មើសមួយដែលត្រូវតែធ្វើការស៊ើបអង្កេត និងស្រាវជ្រាវឲ្យបានហ្មត់ចត់ដែរ បើ​សិនករណីបែបនេះមែន»។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​សប្ដាហ៍​មុន​ថា អ្នកជាប់ឃុំនៅពន្ធនាគារទាំងអស់មានចំនួន​ជាង ៣ម៉ឺននាក់​នា​ពេល​បច្ចុប្បន្ន​នេះ។

របាយការណ៍​អង្គការ​លីកាដូ​​កាល​ពី​ឆ្នាំ​២០១២ បាន​​បង្ហាញ​ថា ពន្ធនាគារទូទាំងប្រទេស សុទ្ធ​តែ​ផ្ទុក​ជន​ជាប់​ឃុំ​លើស​ពី​ទំហំ​ដែល​ពន្ធនាគារ​អាចផ្ទុក​បាន​ដល់​ទៅ​ចំនួន ១៧១​ភាគរយ​ឯណោះ​ ដែល​ធ្វើ​ឲ្យ​ពន្ធនាគារ​នៅ​កម្ពុជា​ មាន​សភាព​ចង្អៀត​ណែន​។

ក្រុមគ្រួសារ និងភរិយាលោក យា ថុង បានអំពាវនាវទៅពន្ធនាគារ និងតុលាការ ត្រូវអនុញ្ញាតឲ្យអ្នកទោសទាំងអស់​ ចេញ​ទៅ​ព្យាបាលជំងឺនៅមន្ទីរពេទ្យខាង​ក្រៅ​ឲ្យ​បាន​ស្មើភាពគ្នា ដោយគ្មាន​ការរើសអើងនិន្នាការនយោបាយ​នោះ​ឡើយ។

បងប្អូន និងក្រុមគ្រួសាររបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក យា ថុង នៅឯងផ្នូររបស់លោក នៅថ្ងៃគំរប់ខួប៧ថ្ងៃ។ រូបភាព៖ ហ៊ី ឆាយ

អ្នកស្រី ប៉ុល រំដួល បន្ថែមថា៖ «ខ្ញុំសំណូមពរទៅខាងពន្ធនាគារ កុំឲ្យមានការរើសអើងថា គណបក្សនេះ គណបក្សនោះអី។ ពេល អ្នក​ទោសឈឺអញ្ចឹង ត្រូវបញ្ជូនគាត់ទៅពេទ្យទាន់ពេលវេលាដូចអ្នកទោសផ្សេងៗទៀត ទាំងអ្នកនយោបាយ អ្នកទោសចោរលួចចោរប្លន់មានសិទ្ធិដូចគ្នាទៅ កុំឲ្យមានការប្រកាន់ ហើយខ្ញុំក៏សូម​សំណូម​ពរ​ដល់បងប្អូនទាំងអស់មេត្តាជួយ​ដល់នាងខ្ញុំ ព្រោះពេលនេះ នាងខ្ញុំអត់ និង​លំបាក​វេទនាខ្លាំង មិនត្រូវគិចយ៉ាងម៉េចបន្តទៀតទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ