ពលរដ្ឋ​​សម្រុក​មក​ចាក់ថ្នាំ​​បង្ការ​ជំងឺ​​នៅ​ភ្នំពេញ​​​ ក្រោយ​ការ​ផ្សាយ​​ថា ​កុមារី​​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឆ្កែ​ឆ្កួត​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ រូបភាំព៖ ណាត សុភាព / ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឆ្កែ​ឆ្កួត​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ​​ក្នុង​រាជ​ធានី​ភ្នំពេញ ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ថា ​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ ដោយសារ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ក្រោយ​ពី​ឆ្មា​ខាំ និង​ក្រញ៉ៅ​។

បើតាមព័ត៌មានលើបណ្តាញសង្គមចែករំលែកតៗគ្នា ក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ រស់នៅខេត្តស្វាយរៀង ត្រូវបានឆ្មាខាំ និងក្រញៅ បណ្តាលឲ្យឆ្លងជំងឺឆ្កែឆ្កួតស្លាប់ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឆ្កែ​ឆ្កួត​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ រូបភាំព៖ ណាត សុភាព / ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

ករណីនេះអ្នកស្រី ហេង ឡូត ដែលអះអាងថា​ មកពី​ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀប​រាប់ថា ចៅរបស់គាត់ត្រូវបានឆ្កែខាំប្រហែលជា ៥ថ្ងៃមកហើយ ប៉ុន្តែ អ្នកស្រីថា ដើមចមដែលនាំយកមកព្យាបាលនៅវិទ្យាស្ថានប៉ាស័្ទរ ដោយសារខ្លាចចៅគាត់ឆ្លងជំងឺឆ្កែឆ្កួតបណ្តាលឲ្យស្លាប់ដូចវីដេអូបង្ហោះលើបណ្តាញសង្គម។

អ្នកស្រីមាន​ប្រសាសន៍ថា៖​ «គេបង្ហោះហ្វេសប៊ុកទៅឃើញខ្លាច ភ័យ​យកចៅមក ខ្លាច​ងាប់ ឮគេថា ងាប់គ្រប់គ្នា ខ្លាច​​ភ័យ ឮតគ្នា ភ័យ ឆ្មាខាំ ឆ្កែខាំ​ភ័យ សុខចិត្តអស់លុយម៉េចក៏ដោយ សុខចិត្តយកចៅមក»

ការ​ចែក​រំលែកតៗ​គ្នា​នូវ​ព័ត៌មាន​មួយ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ សម្រុក​មក​ស្វែង​រក​ព្យាបាល និង​ចាក់​ថ្នាំ​បង្ការ​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​ក៏​ជំរុញ​ឲ្យ​ពួកគេ​​ប្រឈមបញ្ហា​ច្រើនផង​ដែរ។

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឆ្កែ​ឆ្កួត​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ រូបភាំព៖ ណាត សុភាព / ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

អ្នកស្រី ផៃ វ៉េង មក​ពី​ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា គាត់ឡើងមករាជធានីភ្នំពេញចំនួន ២យប់ ៣ថ្ងៃមកហើយ ដើម្បីចាំឲ្យគ្រូពេទ្យចាក់ថ្នាំឲ្យកូន ប៉ុន្តែ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ​ មិនទាន់បានចាក់នៅឡើយ។ ករណីនេះ អ្នកស្រី រិះគន់កន្លែងផ្តល់សេវាថា មានមនុស្សច្រើនពេក នឹងមានភាពយឺតយ៉ាវ ធ្វើឲ្យគាត់ខាតពេលវេលាធ្វើសំណើរ និងការងាររកស៊ីជាដើម។

អ្នកស្រីនិយាយពីការលំបាកថា៖«មកទីនេះ ២ ទៅ ៣​ដង​ហើយមិនទាន់បាន​ផង អស់ទាំងលុយ អស់ទាំងអីទៀត អត់បានចាក់កូនប្រាំថ្ងៃហើយ»

លោក ប៉ាង ណាត មកពី​ស្រុកពារាំង ខេត្តព្រៃវែង បានត្អូញត្អែរថា មានការលំបាកច្រើនពេលធ្វើដំណើរពីខេត្តមករាជធានីភ្នំពេញ ដើម្បីយកកូនស្រីអាយុប្រហែលជា ១០ឆ្នាំ ដែលឆ្កែខាំ មកចាក់ថ្នាំនៅវិទ្យាស្ថាន​ប៉ាស័្ទរ​។ លោកអំពាវនាវទៅក្រសួងសុខាភិបាល ឲ្យ​ចែកចាយថ្នាំការពារជំងឺឆ្កែឆ្កួតនេះ ទៅគ្រប់បណ្តារាជធានី-ខេត្ត ទើបដោះស្រាយបញ្ហាទាំងនោះបាន។

លោកអំពាវនាវថា៖​ «ក្រសួងសុខាភិបាលពន្លឿនចែកចាយថ្នាំ​ទៅតាមទីរួមខេត្ត។ បើថា មន្ទីរពេទ្យបង្អែកស្រុកច្រើន មួយខេត្តមានតែមួយក៏បាន​ដែរ ឲ្យទូទាំង ២៥ខេត្ត-ក្រុងតែម្តងទៅ​ ដើម្បីកាត់បន្ថយប្រជាពលរដ្ឋកុំឲ្យមានគ្រោះថ្នាក់ដោយសារជំងឺឆ្កែឆ្កួត ឬជំងឺផ្សេងៗ ដោយសារតេតាណុស»

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មិនអាចទាក់ទងសុំការបំភ្លឺបាន​ទេ​នៅ​ថ្ងៃ​នេះ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ពន្យល់ថា នៅពេលឆែខាំ ត្រូវ​ទៅចាក់ថ្នាំ ៤ដង ដោយក្នុងមួយដងតម្លៃ ១០ដុល្លារ និង៣ដងទៀតតម្លៃសរុប ២៤ដុល្លារ។ លោកថា ថ្នាំវ៉ាក់សាំងនេះជាជំនួយរបស់រដ្ឋ​ ប៉ុន្តែ លោកបង្ហាញជាចម្ងល់ថា ហេតុអ្វីគ្រូពេទ្យយកតម្លៃថ្លៃ និងធ្វើការបន្លំម៉ោង ដើម្បីរកស៊ីក្រៅទៅវិញ​​។

លោកមានប្រសាសន៍ថា៖ «មួយឆ្នាំៗ គេចំណាយ​លុយរាប់រយដុល្លារ លុយជាតិ ដើម្បីជួយដល់ផ្នែកសុខភាព ផ្នែកវ៉ាក់សាំង។ ដល់​ពេលទៅរកគាត់ សេវាយ៉ាប់ ហើយអត់ទាន់ដល់ម៉ោងផង គាត់បិទមុនម៉ោងក៏មានដែរនៅប៉ាស្ទ័រជិតកាល់ម៉ែតត្រ ត្រូវម៉ោង ៥គាត់ចេញ គាត់ចេញម៉ោង ៣ គាត់ប្រញាប់ទៅរកស៊ីនៅគ្លីនិកផ្ទះរបស់គាត់ រហូតដល់គាត់ធ្វើកាតឲ្យទៅចាក់នៅផ្ទះរបស់គាត់ក៏មានដែរ​»

វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ថាប័ន​មួយ​នេះ​កំពុង​ព្យាយាម​ផ្ដល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ប៉ុន្តែ ថា ផ្ដល់​អទិភាព​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ឆ្កែខាំ​ធ្ងន់​ធ្ងរ កុមារតូចៗ ព្រះសង្ឈ ជនពិការ មនុស្សចាស់ជរា និងស្រ្តីមានផ្ទៃពោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ