កម្មករជិត១ពាន់នាក់ប្រមូលផ្ដុំ​មុខតុលាការក្រុងភ្នំពេញ ខណៈតំណាងពួកគេ៦នាក់ចូលបំភ្លឺជុំវិញវិវាទការងារ

កម្មករប្រមាណ ៨០០នាក់បម្រើការងារនៅរោងចក្រ W&D បានប្រមូលផ្តុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ​ ខណៈតំណាងពួកគេចំនួន ៦​រូប​ចូលបំភ្លឺនៅតុលាការនៅ​ថ្ងៃនេះ ជុំវិវាទការងារដែលបានអូសបន្លាយជិត ៣ខែ​មក​ហើយ​នោះ។ រូបភាព៖ ជន ចាន់រ៉ែន / ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

កម្មករប្រមាណ ៨០០នាក់បម្រើការងារនៅរោងចក្រ W&D បានប្រមូលផ្តុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ​ ខណៈតំណាងពួកគេចំនួន ៦​រូប​ចូលបំភ្លឺនៅតុលាការនៅ​ថ្ងៃនេះ ជុំវិវាទការងារដែលបានអូសបន្លាយជិត ៣ខែ​មក​ហើយ​នោះ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានកោះហៅតំណាងកម្មករចំនួន ៦នាក់បម្រើការងារនៅរោងចក្រ W&D ឲ្យចូលរួមក្នុងនីតិវិធីត្រៀមទាញហេតុផលដោយផ្ទាល់មាត់ ជុំវិញការប្តឹងតវ៉ាចំពោះដីកាសម្រេចចាត់ចែងបណ្តោះអាសន្នរបស់តុលាការទៅតាមបណ្តឹងរបស់ភាគីក្រុមហ៊ុនពេលកន្លងមក។

កម្មករប្រមាណ ៨០០នាក់បម្រើការងារនៅរោងចក្រ W&D បានប្រមូលផ្តុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ​ ខណៈតំណាងពួកគេចំនួន ៦​រូប​ចូលបំភ្លឺនៅតុលាការនៅ​ថ្ងៃនេះ ជុំវិវាទការងារដែលបានអូសបន្លាយជិត ៣ខែ​មក​ហើយ​នោះ។ រូបភាព៖ ជន ចាន់រ៉ែន / ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

លោក សឿង ប្រុស ដែលអះអាងថា ជាតំណាងកម្មករប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីតុលាការថា តំណាងកម្មករបាននិយាយលើកហេតុផលជាច្រើនប្រាប់ទៅតុលាការ និងស្នើទៅតុលាការឲ្យលុបចោលដីការក្សាការពារសម្រេចចាត់ចែងជា​បណ្តោះអាសន្នរបស់តុលការ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយថា ការតវ៉ារបស់ក្រុមកម្មករនោះ គឺធ្វើតាមនីតិវិធី និងស្របច្បាប់ រួមទាំងគ្មានអំពើហិង្សា។

លោក សឿង ប្រុស ដែលអះអាងថា ជាតំណាងកម្មករប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីតុលាការ។ រូបភាព៖ ជន ចាន់រ៉ែន / ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

លោក សឿង ប្រុស បន្ថែមថា៖ «ព្រោះថា កម្មករធ្វើកូដកម្មដោយសន្តិវិធី អត់មានទៅបំផ្លិច​បំផ្លាញ​របស់សាធារណៈ និងរបស់អ្នកណាទេ គឺគាត់ធ្វើកូដកម្មនេះ ទាមទារអត្ថប្រយោជន៍ការងាររបស់គាត់តែប៉ុណ្ណោះ»

បើតាមកំណត់ហេតុស្តីពីនីតិវិធីទាញហេតុផលផ្ទាល់មានចុះថ្ងៃទី២៥ ខែកុម្ភៈនេះ លោក គឹម ពេជ្យដា មេធាវីតំណាងឲ្យភាគីក្រុម​ហ៊ុន បានច្រានចោលការលើកឡើងរបស់តំណាងកម្មករ ដោយចោទថា ក្រុមកម្មករបានធ្វើកូដកម្មដោយខុសច្បាប់ ដោយថា ក្រុមកម្មករបានធ្វើកូដកម្មបិទផ្លូវសាធារណៈ និងបិទផ្លូវច្រកចេញចូលរោងចក្រ ហើយមានការញុះញង់ដែលធ្វើផ្ទុយពីច្បាប់ស្តីពីការងារ។

ចំណែកលោក តាំង ម៉េង មេធាវីតំណាងឲ្យភាគរោងចក្រ បានស្នើទៅតុលាការឲ្យតម្កល់ដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន​របស់តុលាការនោះ ទុកជាបានការដដែល។

ប៉ុន្តែ បើតាមកម្មករ គឺតុលាការមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយទុកពេលពិនិត្យ និងពិចារណាសិន។

តំណាងកម្មករម្នាក់ទៀត អ្នកស្រី ជា សុខា ឲ្យដឹងថា នៅរសៀលម៉ោង៣នេះ គឺក្រសួងការងារបានកោះហៅ​តំណាងកម្មករឲ្យចូលចរចា​រកដំណោះ​ស្រាយ​ផង​ដែរ។

កម្មការនីរូបនេះបន្តថា ក្រុមកម្មករទាមទារ​ចូលបំពេញការងារទាំងអស់គ្នាវិញ ដោយគ្មានការរើសអើង និងទាមទារ​ឲ្យ​ក្រុមហ៊ុនត្រូវដោះស្រាយសំណងជូនកម្មករប្រាំចំណុចតាមច្បាប់ស្តីពីការងារ ប្រសិន​បើ​ក្រុមហ៊ុន​បដិសេធ​ទទួល​យក​កម្មករ​មួយ​ចំនួន​ឲ្យ​ត្រឡប់​ចូល​ធ្វើការ​វិញ​នោះ។

តំណាងកម្មករម្នាក់ទៀត អ្នកស្រី ជា សុខា ប្រាប់អ្នកសារព័ត៌មាន។ រូបភាព៖ ជន ចាន់រ៉ែន / ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

អ្នកស្រីបន្ថែមថា៖ «ប្រសិនបើប្រជុំនៅក្រសួងពេលម៉ោង ៣ហ្នឹង ពុំមានដំណោះស្រាយអ្វីទាំងអស់ទេ ដំណាក់ការចុងក្រោយ គឺពួកខ្ញុំសុំហែរញត្តិនៅថ្ងៃទី២៦ហ្នឹងហើយ ហើយ​ការហែរញត្តិហ្នឹង គឺពួកខ្ញុំជម្រាបទៅដល់ថ្នាក់លោកពូ ដែលជាអ្នកគ្រប់គ្រងខណ្ឌ ពូៗដែលជាកងកម្លាំងតាមផ្លូវទាំងអស់ គឺពួកខ្ញុំមិនសុំឲ្យគាត់ជួយជាយានជំនិះអីទេ គឺពួកខ្ញុំនឹងធ្វើដំណើរដោយថ្មើរជើងទៅផ្ទះសម្តេចផ្ទាល់តែម្តង ប្រហែលទៅខាងតាខ្មៅ ទោះឆ្ងាយយ៉ាងណាក៏ដោយ ដើម្បីឲ្យសម្តេចជួយរកយុត្តិធម៌ជូនពួកខ្ញុំ ទោះបីឆ្ងាយក៏ពួកខ្ញុំទ្រាំដែរ»

មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត មានប្រសាសន៍ថា តុលាការគួរតែលុបចោលដីកាសម្រេច​ចាត់ចែងបណ្តោះអាសន្នរបស់ខ្លួននោះចោល ដោយលោកថា វាបានធ្វើឲ្យ​ប៉ះពាល់ដល់សិទ្ធិនៃការតវ៉ាដោយសន្តិវិធីរបស់កម្មករ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ។

លោកបន្ថែមថា៖ «គួរតែភាគីពាក់ព័ន្ធមានវិធានការក្នុងការដោះស្រាយសម្របសម្រួលដោយក្រសួងការងារ ឬក៏ស្ថាប័នដែលពាក់​ព័ន្ធ ដើម្បីបញ្ចប់រឿងហ្នឹង មិនគួរណាចេញដីកាដើម្បីដាក់សម្ពាធលើបងប្អូនកម្មករអញ្ចឹងទេ អញ្ចឹងតុលាការគួរតែលប់ចោលដីកាសម្រេចរបស់ខ្លួនចោល»

កាលពីចុងឆ្នាំ២០១៨ កម្មករជិត ២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានផ្ទុះការ​តវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង ១ពាន់នាក់ ដោយសារមិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ។ ប៉ុន្តែ ក្រោយមករោងចក្រនេះ បានប្រកាសទទួលយកកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករជាង ១០០នាក់។

កាលពីថ្ងៃទី២០ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាទៅក្រសួងការងារឲ្យសហការជាមួយភាគីរោងចក្រធ្វើការដោះស្រាយបន្ទាន់ ករណីថៅកែបញ្ឈប់កម្មករក្នុងរឿងវិវាទការងារនេះ ដោយលោកថា ការបញ្ឈប់នោះមិនមែនជាជម្រើសរើសល្អឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ