វៀតណាម កម្ពុជា បានប្តេជ្ញារួមគ្នាជាថ្មីទៀតថា នឹងអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនដែលបានព្រមព្រៀងគ្នាកន្លងទៅ។
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ។
ក្នុងសេចក្តីថ្លែងការណ៍រួមកម្រាស់៧ទំព័រ ក្រៅពីបង្ហាញការប្តេជ្ញាបង្កើនទំនាក់ទំនងល្អ ទាំងការដោះដូរទំនិញ និងទប់ស្កាត់ភេរវកម្មនោះ ភាគីទាំងពីរក៏បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនដែលបានទទួលយកដោយភាគីទាំងពីរ ដែលបានបោះបង្គោលបាន៨៤ភាគរយមកហើយនោះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ភាគីទាំងពីរបានជំរុញគណៈកម្មាធិការចំរុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរឲ្យបញ្ចប់ឯកសារផ្លូវច្បាប់ចំនួន២ឲ្យបានឆាប់ ដើម្បីទទួលស្គាល់សមទ្ធិផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកចំនួន៨៤% ដែលសម្រេចបានដោយគណៈកម្មាធិការព្រំដែនគោក»។
កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ។ ភាគីទាំងពីរបានព្រមព្រៀងគ្នា បោះបង្គោលសរុបចំនួន៣១៤ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងគ្នានិងគ្នា៕









