តុលាការ ច្រានចោលសំណើររបស់កម្មកររោងចក្រ W&D ដែលសុំឲ្យលុបដីការក្សាការពារ

កម្មករប្រមាណ ៨០០នាក់បម្រើការងារនៅរោងចក្រ W&D បានប្រមូលផ្តុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ​ ខណៈតំណាងពួកគេចំនួន ៦​រូប​ចូលបំភ្លឺនៅតុលាការនៅ​ថ្ងៃនេះ ជុំវិវាទការងារដែលបានអូសបន្លាយជិត ៣ខែ​មក​ហើយ​នោះ។ រូបភាព៖ ជន ចាន់រ៉ែន / ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោល​សំណើរបស់ក្រុមកម្មករោងចក្រ W&D ដែលស្នើទៅតុលាការ សុំឲ្យលុបចោលដីការក្សារការពារសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដោយតុលាការមួយនេះ រក្សាសេចក្តីសម្រេចនោះទុកជាបានការដដែល។

កាលពីម្សិលមិញនេះ តំណាងកម្មករ៦នាក់បម្រើការងារនៅរោងចក្រ W&D បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាញហេតុផលដោយផ្ទាល់មាត់ ជុំវិញការប្តឹងតវ៉ាចំពោះដីកាសម្រេចចាត់ចែងបណ្ណោះអាសន្នរបស់តុលការទៅតាមបណ្តឹងរបស់ភាគីក្រុមហ៊ុនពេលកន្លងមក។

ក្នុងដីកាសម្រេចចុះថ្ងៃទី២៥ ខែកុម្ភៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចតម្កល់ដីកាចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល និងបានទុកពេលឲ្យភាគីមិនពេញចិត្តអាចប្តឹងជំទាស់បន្តទៀត។

តំណាងកម្មករ លោក សឿង ប្រុស មានប្រសាសន៍ថា ការសម្រេចរបស់តុលាការនេះ គឺមិនបានផ្តល់ភាពយុត្តិធម៌សម្រាប់កម្មករនោះទេ ដោយថា ការធ្វើ​កូដកម្មរបស់ពួកគេ គឺធ្វើឡើងស្របតាមច្បាប់។

លោក សឿង ប្រុស ដែលអះអាងថា ជាតំណាងកម្មករប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីតុលាការ។ រូបភាព៖ ជន ចាន់រ៉ែន / ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

លោក បន្ថែមថា៖ «ការដែលតុលាការសម្រេចអញ្ចឹង គឺជាការដាក់សំពាធលើបងប្អូនកម្មករ ព្រោះអីពួកគាត់ធ្វើកូដកម្មតាមសន្តិវិធី ដោយគាត់បានចូលបម្រើការងារវិញតាមការកំណត់របស់តុលាការហើយ។ ដល់ពេលកម្មករតវ៉ាឲ្យលុបចោល មិនលប់ចោល! ខ្ញុំគិតថា អយុត្តិធម៌ វាអត់សាកសម គៀបសង្កត់លើកម្មករ។ ហើយកម្មករពួកគាត់នឹងផ្តិតមេដៃតវ៉ាជំទាស់នឹងដីកានេះម្តងទៀត»។

ក្នុងកំណត់ហេតុរបស់តុលាការ ក្រុមមេធាវីតំណាងឲ្យភាគីក្រុមហ៊ុន បានអះអាងថា ក្រុមកម្មករបានធ្វើកូដកម្មដោយខុសច្បាប់ ដោយថា បានបិទផ្លូវសាធារណៈ បិទផ្លូវច្រកចេញចូលរោងចក្រ និងមានការញុះញង់ឲ្យធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ស្តីពីការងារ។

ក្រុមមេធាវីទាំងនោះលើកឡើងថា ដីកាសម្រេចចាត់ចែងបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញគឺមានលក្ខណៈត្រឹមត្រវតាមច្បាប់ និងបានស្នើទៅតុលាការឲ្យរក្សាទុកជាបានការដដែល។

កាលពីថ្ងៃទី២០ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារឲ្យសហការជាមួយភាគីរោងចក្រធ្វើការដោះស្រាយជាបន្ទាន់ ករណីថៅកែបញ្ឈប់កម្មករក្នុងរឿងវិវាទការងារនេះ ដោយលោកថា ការបញ្ឈប់នោះមិនមែនជាជម្រើសរើសល្អឡើយ។

លោកបន្ថែមថា៖ «សូមឲ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការកិច្ចការងារនេះ ជាមួយនឹងកម្មករ អាចជាមួយនឹងម្ចាស់រោងចក្រ សូមកុំអាលយកវិធានការប្រញាប់ប្រញាល់បញ្ឈប់កម្មករ ត្រូវខិតខំសម្របសម្រួលឲ្យពួកគេបានទទួលការងារធ្វើ។ នេះ វាមិនមែនជា កំហុសធ្ងន់ធ្ងរដែលជាប្រភេទនៃកំហុសព្រហ្មទណ្ឌនោះទេ។ បើសិនជាកំហុសព្រហ្មទណ្ឌតុលាការ គេនឹងចាត់វិធានការទៅលើបញ្ហានោះ ប៉ុន្តែ ក្នុងវិវាទការងារ មិនគួរឈានទៅដល់បណ្ដេញចេញនូវអ្នកធ្វើការ»

តំណាងកម្មករលោក សឿង ប្រុស ឲ្យដឹងថា នៅថ្ងៃនេះ ក្រុមកម្មករបានបន្តប្រមូលផ្តុំគ្នាតវ៉ាមុខរោងចក្រ ដោយគ្រោងនាំគ្នាហែរជាក្បួនទៅរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យចុះទៅសម្របសម្រួល ដោយសន្យាកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយដល់រោងចក្រនៅរសៀលនេះ។

លោកបន្ថែមថា៖ «តែប្រសិនជានៅម៉ោង៣រសៀលនេះ គាត់អត់ទទួលបានសារជាចំណុចណាមួយ ក្នុងការដោះស្រាយរបស់ក្រសួងការងារទេ ស្អែកគាត់នឹងហែរញត្តិទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីឲ្យជួយដោះស្រាយ ទោះមានរឿងអីកើតឡើងក៏ពួកគាត់ត្រូវតែហែរញត្តិដែរ ព្រោះពួកគាត់តវ៉ាជិត៣ខែហើយ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេជុំវិញវិវាទការងារនៅរោងចក្រ W&D នេះ។

ក្រុមកម្មករអះអាងថា ដំណោះស្រាយដែលពួកគេចង់បាន គឺពួកគេសុំចូលបំពេញការងារទាំងអស់គ្នាវិញ ដោយគ្មានការរើសអើង និងទាមទារ​ឲ្យ​ក្រុមហ៊ុនត្រូវដោះស្រាយសំណងជូនកម្មករប្រាំចំណុចតាមច្បាប់ស្តីពីការងារ ប្រសិន​បើ​ក្រុមហ៊ុន​បដិសេធ​មិនទទួល​យក​កម្មករ​មួយ​ចំនួន​ឲ្យ​ត្រឡប់​ចូល​ធ្វើការ​វិញ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ