រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានខិតខំកសាង និងអភិវឌ្ឍប្រទេសជាតិរហូតមានការរីកចម្រើនដូចថ្ងៃ ប៉ុន្ដែ របាយការណ៍ជាច្រើនបែរជាមើលមិនឃើញត្រង់ចំណុចល្អនេះ ហើយរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស។
ថ្លែងក្នុងកិច្ចប្រជុំលើកទី៤០ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានរៀបរាប់ពីសមិទ្ធិផលទាំងឡាយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការដួលរំលំនៃរបបខ្មែរក្រហម។
លោក ប្រាក់ សុខុន ថ្លែងថា សមិទ្ធផលទាំងនោះរួមមាន ការអភិវឌ្ឍកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ការធានាសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងទំហំ ៧ភាគរយ និងការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជា ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
ប៉ុន្ដែ លោកថា សមិទ្ធផលទាំងនេះមិនត្រូវបានគេកោតសរសើរនោះទេ ផ្ទុយទៅវិញ របាយការណ៍អន្ដរជាតិជាច្រើន បានវាយប្រហារ និងរិះគន់រដ្ឋាភិបាលយ៉ាងអយុត្តិធម៌ និងលម្អៀង ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការរំលាយអតីតគណបក្សប្រឆាំង ដែលលោកថា បានប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោក ប្រាក់ សុខុន ថ្លែងថា៖ «ជាអកុសល ភាពជឿនលឿនទាំងនេះ និងផ្សេងៗទៀត ត្រូវបានបង្ហាញតិចតួចណាស់នៅក្នុងរបាយការណ៍ដែលបានដាក់ជូនអ្នក។ ជាលទ្ធផល រដ្ឋាភិបាលរបស់យើងបន្ដត្រូវបានគេវាយតម្លៃទាំងអយុត្តិធម៌ ដោយការផ្អែកលើព័ត៌មានមិនត្រឹមត្រូវ និងលម្អៀង ដែលជំរុញឲ្យមានការរិះគន់ប្រឆាំងនឹងពួកយើង […] របាយការណ៍ដែលរិះគន់រដ្ឋាភិបាលស្ទើរតែមាន ឬមិនថ្កោលទោសទៅលើអតីតបក្សប្រឆាំង ដែលបំពានគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
ក្រៅពីចោទប្រកាន់អតីតបក្សប្រឆាំងថា បានប្រព្រឹត្តខុសច្បាប់ហើយនោះ លោក ប្រាក់ សុខុន ថ្លែងថា រដ្ឋាភិបាលបានធ្វើច្បាប់បើកផ្លូវឲ្យអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង ១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ រួមទាំងការរៀបចំកិច្ចប្រជុំជាមួយសង្គមស៊ីវិល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតអាណត្តិទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលការបោះឆ្នោតនោះ គ្មានការចូលរួមប្រកួតប្រជែងពីដៃគូប្រជែងនយោបាយដ៏ធំ គឺគណបក្សសង្គ្រោះជាតិនោះទេ។
ចំណែកសហភាពអឺរ៉ុបវិញ កំពុងដំណើរការនីតិវិធីដែលអាចឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាផងដែរ បន្ទាប់ពីមើលឃើញការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងរយៈពេល ១៨ខែចុងក្រោយនេះ៕









