តុលាការខេត្តព្រះសីហនុ ថាកំពុងសាកសួរមន្ត្រីអាវុធហត្ថនិងយោធិនម្នាក់ ករណីប្រើហិង្សាលើពលរដ្ឋ

រូបភាពកាលពីអំឡុងពេលពលរដ្ឋធ្វើតវ៉ានៅខេត្តព្រះសីហនុ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

មន្ត្រីសាលាដំបូងខេត្តព្រះសីហនុ អះអាងថា តុលាការខេត្តនេះ​កំពុងសាកសួរមន្ត្រីអាវុធហត្ថម្នាក់និងយោធិនម្នាក់ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើពលរដ្ឋ អំឡុង​ពេល​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​មួយ ​ស្ថិត​នៅ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ លោក លឹម  ប៊ុនហេង ប្រាប់ វីអូឌី នៅថ្ងៃនេះថា កងរាជអាវុធហត្ថបានបញ្ជូនសំណុំរឿង រួមទាំងមន្ត្រីអាវុធហត្ថឈ្មោះ សុខ ភារិទ្ធិ និងយោធិនឈ្មោះ ចាន់ ម៉ៅ មកដល់តុលាការរួចហើយ។ លោកបន្តថា តុលាការកំពុងសាកសួរមន្ត្រីទាំងពីរទាំងនេះ  ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើពលរដ្ឋផងដែរ។

លោកថា៖ «គាត់បញ្ជូនទាំងសំណុំរឿង ទាំងម​នុស្សពីរនាក់មកតុលាការ។ ឥឡូវមកដល់ម៉ោងនេះ អយ្យការទទួលទាំងសំណុំរឿង ទទួលទាំងយោធិនម្នាក់ ហើយនិងអាវុធហត្ថម្នាក់។ ឥឡូវខ្ញុំកំពុងពិនិត្យ និងចាត់ការ អត់ទាន់បានលទ្ធផលយ៉ាងម៉េចទេ»។

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះ​ខេត្តព្រះសីហនុប្រមាណ ៣០០នាក់ ដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បាន​ចុះអនុវត្តសាលដីការបស់តុលាការកំពូល ដើម្បី​វាស់វែងដីឲ្យអ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ បណ្តាញសង្គមបង្ហាញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ បានធាក់ច្រំទៅលើបុរសម្នាក់ទៀតក្នុងសម្លៀកបំពាក់ស៊ីវិលទាំងដៃជាប់ខ្នោះ និងកំពុងដេកដួលលើដី ហើយបុរសម្នាក់ទៀតស្លៀកពាក់ឯកសណ្ឋានជាយោធា បានយកស្វ័យកាំភ្លើង AK វាយបន្ថែមទៀតទៅលើពលរដ្ឋរូបនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ