រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងដោយផ្ទាល់ថា បទល្មើសគ្រឿងញៀននៅក្លឹបកម្សាន្ដរ៉កក្នុងរាជធានីភ្នំពេញ គឺមិនជាប់ពាក់ព័ន្ធនឹងឧកញ៉ា គិត ម៉េង នោះទេ។
លោក ស ខេង សរសេរលើទំព័រហ្វេសប៊ុកផ្លូវការលោកនៅថ្ងៃនេះថា តាមរយៈការស៊ើបអង្កេត អាជ្ញាធររកមិនឃើញភស្ដុតាងណាមួយ ដែលអាចឲ្យគេសង្ស័យថា លោកឧកញ៉ា គិត ម៉េង មានជាប់ទាក់ទងនឹងបទល្មើសគ្រឿងញៀននៅក្លឹបកម្សាន្ដរ៉ក់ កាលពីសប្ដាហ៍មុននោះទេ។
លោក ស ខេង សរសេរលើហ្វេសប៊ុកថា៖ «ខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ»។
កាលពីថ្ងៃទី២៣ កម្ភៈកន្លងទៅនេះ កម្លាំងជំនាញរបស់រដ្ឋាភិបាលបានឆ្មក់ចូលមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) ទាំងយប់ និងចាប់បានគ្រឿងញៀនប្រមាណ ៥០គីឡូក្រាម និងឃាត់មនុស្សចំនួន ៣១១នាក់ ភាគច្រើនជាយុវជនយកមកសាកសួរ។ ក្នុងនោះ សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនចំនួន ២៩នាក់ និងបានអនុញ្ញាតឲ្យអ្នកមិនពាក់ព័ន្ធត្រឡប់ទៅផ្ទះវិញ ក្រោយមានការធានាពីអាណាព្យាបាល។
ប៉ុន្ដែ រហូតមកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់បង្ហាញមុខមេក្លោង ឬជនល្មើសគ្រឿងញៀនមកផ្ដន្ទាទោសនោះទេ ខណៈសង្គមស៊ីវិលជម្រុញឲ្យបង្ហាញតម្លាភាព និងរកអ្នកទទួលខុសត្រូវពិតប្រាកដ៕









