កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញបានហែក្បួនប្រមូលផ្តុំគ្នាមុខក្រសួងការងារ ដើម្បីជំរុញទៅស្ថាប័ននេះពន្លឿនដោះស្រាយបញ្ចប់វិវាទការរបស់ពួកគេ ខណៈវិវាទនោះបានអូសបន្លាយជាង២ខែ គ្មានដំណោះស្រាយ។
ក្រុមកម្មករនៅថ្ងៃនេះ បាននាំគ្នាដើរហែក្បួនចេញពីមុខរោងចក្រ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ឆ្ពោះទៅក្រសួងការងារ ស្ថិតក្នុងខណ្ឌទួលគោក ដើម្បីដាក់ញត្តិទៅក្រសួងឲ្យជួយដោះស្រាយបញ្ចប់វិវាទការរបស់ពួកគេ។

តំណាងកម្មករអ្នកស្រី ជា សុខា ប្រាប់ វីអូឌី ថា ក្រុមកម្មករសម្រេចនាំគ្នាដើរហែរក្បួនទៅរកកិច្ចអន្តរាគមន៍ពីក្រសួងការងារ ដោយសារតែវិវាទការងាររបស់ពួកគេអូសបន្លាយជាង២ខែ ពុំមានដំដោះស្រាយ និងក្រុមកម្មករកំពុងរងភាពអយុត្តិធម៌ ដោយសារភាគីក្រុមហ៊ុនកៀបសង្កត់។

អ្នកស្រីបន្ថែមថា៖ «ការប្តឹងជំទាស់ដីកា៤៨ម៉ោង គឺតុលាការនៅតែរក្សាទុកដីកាចាត់ចែងបណ្ណោះអាសន្នដែលសម្រេចបញ្ឈប់ពួកខ្ញុំហ្នឹងនៅដដែល គឺគាត់អត់លុបចោលទេ។ ពួកខ្ញុំគិតថា វាអត់ត្រូវ។ អត់ត្រូវម៉េច? ព្រោះពួកខ្ញុំបានចូលបំពេញការងារតាមការបង្គាប់របស់តុលាការហើយ ប៉ុន្តែ ក្រុមហ៊ុននៅតែបញ្ឈប់ពួកខ្ញុំជាច្រើននាក់ចោលទៀត។ សួរថា ហ្នឹងហី ដីការបស់តុលាការ ដែលយុត្តិធម៌ ព្រោះថា កម្មករ១២៧នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពួកគាត់ចោល ៨ទៅ៩រយនាក់យកចូល សួរថា វាយុត្តិធម៌អត់?»។
មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក និន វណ្ណៈ ប្រាប់ វីអូឌី ថា ក្រសួងបានទទួលញត្តិ និងសំណើផ្សេងៗក្រុមកម្មករ ហើយក្រសួងបានកំណត់យកសប្តាហ៍ក្រោយ ដើម្បីធ្វើការដោះស្រាយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោកបន្ថែមថា៖ «គឺយើងរងចាំឲ្យខាងក្រសួង ក៏ដូចជាខាងសាលារាជធានីភ្នំពេញ យើងធ្វើការជាមួយថៅកែ ហើយយើងបានទទួលយកសំនូមពរអ្វីដែលបងប្អូនកម្មករមកឲ្យសមត្ថកិច្ចខាងក្រសួងជួយដោះស្រាយ គឺយើងបានទទួលយក ដោយយើងមានកំណត់ហេតុ យើងបានធ្វើរួចហើយ ដោយយើងរងចាំលទ្ធផលដែលខាងក្រសួងជួបជាមួយខាងថៅកែសិន»។
តំណាងកម្មករម្នាក់ទៀត លោក សឿន ប្រុស និយាយថា ក្រុមកម្មករបានព្រមានដើរហែក្បួនទៅផ្ទះលោកនាយករដ្ឋមន្រ្តីទៀត ប្រសិនបើពួកគេនៅតែបន្តអូសបន្លាយគ្មានដំណោះស្រាយវិវាទការងារនេះ។

លោកបន្ថែមថា៖ «បើថា សម្រេចទទួលបានលទ្ធផលចូលធ្វើការ ឬទទួលបានលុយនៅថ្ងៃពុធហ្នឹងក៏បានដែរ ប៉ុន្តែ បើនៅតែពន្យារពេលនៅថ្ងៃពុធហ្នឹង ដោះស្រាយអត់បានសម្រេចទេ ពួកគាត់អត់ទុកពេលឲ្យទេ ពួកគាត់ចង់យកញត្តិទៅដាក់នៅផ្ទះសម្តេច នៅតៅខ្មៅតែម្តង»។
មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ធ្លាប់ជំរុញទៅភាគីពាក់ព័ន្ធឲ្យដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រ W&D នេះ ដោយថា ការពន្យារពេលអូសបន្លាយបែបនេះ នឹងធ្វើឲ្យកម្មករជួបបញ្ហាលំបាកដោយបាត់បង់ការងារ ជីវិតខ្វះខាត និងបង្ហាញពីភាពកម្សោយរបស់អាជ្ញាធរក្នុងការដោះស្រាយ។
លោកបន្ថែមថា៖ «ប្រសិនជាមានការអូសបន្លាយយូរទៅ ទី១ ពាក់ព័ន្ធជាមួយការដោះស្រាយរបស់អាជ្ញាធរ ដែលមានក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានហ្នឹង គឺពួកគាត់អត់មានសមត្ថភាពក្នុងការដោះស្រាយ ដោយគាត់បានទុកឲ្យរឿងហ្នឹងរីកធំទៅៗ ដែលយើងមិនអាចទទួលបាន។ ទី២ វាប៉ះពាល់ដល់បងប្អូនកម្មករ ដែលគាត់ធ្វើការងារយូរឆ្នាំ ហើយត្រូវបាត់បង់អត្ថប្រយោជន៍ទាំងអស់»។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើរបស់ក្រុមកម្មករោងចក្រ W&D ដែលស្នើទៅតុលាការសុំឲ្យលុបចោលដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នតាមភាគីក្រុមហ៊ុន ដែលការសម្រេចរក្សាទុកដីការក្សាការពារនេះនឹងធ្វើឲ្យកម្មករជិត១ពាន់នាក់ត្រូវបាត់បង់កាងារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈនេះដែរ ក្រុមមេធាវីតំណាងឲ្យភាគីរោងចក្រ បានប្រាប់ទៅតុលាការថា ក្រុមកម្មករបានធ្វើកូដកម្មដោយខុសច្បាប់ ដោយថា បានបិទផ្លូវសាធារណៈ បិទផ្លូវច្រកចេញចូលរោងចក្រ និងមានការញុះញង់ឲ្យធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ស្តីពីការងារ។
កាលពីចុងឆ្នាំ២០១៨ កម្មករជិត២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D បានផ្ទុះការតវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង១ពាន់នាក់ ដោយសារមិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ។ ប៉ុន្តែ ក្រោយមករោងចក្រនេះ បានប្រកាសទទួលយកកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន៕









