មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រសួងមិនទាន់សម្រេចឲ្យគេហទំព័រសារព័ត៌មាន ខេមបូឌា ដេលី បើកដំណើរការឡើងវិញទេ ចាប់តាំងពីរដ្ឋាភិបាលសម្រេចរាំងខ្ទប់គេហទំព័រសារព័ត៌មានមួយនេះ បើទោះជាគេអាចបើកមើលឃើញនៅពេលនេះក្តី។
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៊ឺម វុត្ថា ប្រាប់ VOD នៅព្រឹកនេះថា ក្រសួងនៅតែបន្តការរាំងខ្ទប់គេហទំព័រកាសែត ខេមបូឌា ដេលី នៅឡើយរហូតមកដល់ពេលនេះ។
លោក អ៊ឺម វុត្ថា មានប្រសាសន៍ថា៖ «និយាយរួមតាំងពីយើងឲ្យបិទខ្ទប់ហ្នឹងមក យើងអត់មានការអនុញ្ញាតអីឲ្យបើកវិញទេ។ អត់មានទេ! គ្រាន់ថា គាត់ធ្វើម៉េច ការគាត់ផ្សាយអនឡាញវិញ ជារឿងរបស់គាត់ទេ មិនមែនជារឿងយើងអនុញ្ញាតទេ»។
ទោះជាយ៉ាងណា គេហទំព័រកាសែត ខេមបូឌា ដេលី ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រូវបានគេបើកចូលមើល និងអានអត្ថបទនានាដែលមានផ្សាយលើគេហទំព័រសារព័ត៌មានមួយនេះ បន្ថែមទៅលើការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកផងដែរ។
អតីតអ្នកសារព័ត៌មាន ខេមបូឌា ដេលី លោក ឆន ចាន់ស៊ី បានឲ្យដឹងថា លោកស្វាគមន៍ចំពោះការបើកឲ្យគេហទំព័រសារព័ត៌មានមួយនេះ អាចបើកមើលឃើញ ឬក៏ដំណើរការឡើងវិញ ហើយថា វានឹងជួយផ្ដល់ព័ត៌មានសម្រាប់សិស្សនិស្សិត។
លោក ឆន ចាន់ស៊ី មានប្រសសាន៍ថា៖ «ខ្ញុំគិតថា ការបិទវេបសាយហ្នឹង គឺវាជារឿងមួយដែបង្ហាញថា នៅក្នុងប្រទេសកម្ពុជា សេរីភាពសារព័ត៌មានធ្លាក់ចុះយ៉ាងខ្លាំង។ យើងបានឃើញស្រាប់ហើយតាំងពីឆ្នាំ២០១៧មក គឺស្ថានភាពសេរីភាពសារព័ត៌មានធ្លាក់ចុះយ៉ាងខ្លាំង។ ខ្ញុំស្វាគមន៍ដែលឲ្យមានការបើកវេសាយ ឬអាចដំណើរការវិញបាន ហើយក៏ជាការផ្តល់ឱកាសមួយឲ្យសិស្សនិសិត្យរកព័ត៌មាន ឬក៏អ្នកស្រាវជ្រាវផ្សេងៗអាចរកព័ត៌មានតាមវេបសាយហ្នឹងបាន!»។
ប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី បានជំរុញទៅស្ថាប័ននិយ័តករ ឲ្យបើកចំហរគេហទំព័រសារព័ត៌មានមួយនេះឡើងវិញ ដោយលោកថា ដើម្បីបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងវិញនៃសេរីភាពសារព័ត៌មាន។
លោក ណុប វី មានប្រសាសន៍ថា៖ «កន្លងមក រដ្ឋាភិបាលបង្ហាញអំពីឆន្ទៈនៅក្នុងការធ្វើឲ្យមានភាពប្រសើឡើងវិញចំពោះសេរីភាពសារព័ត៌មាន។ ដូច្នេះ គួរតែចាប់ផ្តើមពិនិត្យមើលលទ្ធភាពបើកឲ្យដំណើរការឡើងវិញទាក់ទងនឹងគេហទំព័រ ខេមបូឌា ដេលី ឬមួយក៏ផ្តល់ឲ្យមានដំណើរការឡើងវិញ ទាំងការិយាល័យវិទ្យុអាស៊ីសេរី វីអូអេ ឲ្យបានត្រឹមត្រូវ ហើយនិងការបើកឱកាសសេរីភាពសម្រាប់ស្ថានីយ៍វិទ្យុដែលត្រូវបានបិទ ហើយនិងត្រូវបានដកអាជ្ញាប័ណ្ណដោយរដ្ឋភិបាលកន្លងមកហ្នឹង ត្រូវប្រគល់មកឲ្យពួកគាត់វិញ។ ហើយអាហ្នឹង គឺជាស្ថានភាពជាក់ស្តែងដែលពិតជាឆ្លើយតបថា រដ្ឋាភិបាលមានបំណងនៅក្នុងការធ្វើឲ្យប្រសើរឡើងវិញទាក់ទងសេរីភាពសារព័ត៌មាន»។
កាសែតភាសាអង់គ្លេស The Cambodia Daily បានបិទប្រតិបត្តិការរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបង់ពន្ធជាង ៦លានដុល្លារ ប៉ុន្តែ កាសែតមួយនេះបានបដិសេធបង់ទៅតាមបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ដោយលើកឡើងថា បញ្ហានេះពាក់ព័ន្ធមានចរឹតនយោបាយច្រើនជាង។
សារព័ត៌មាន ខេមបូឌា ដេលី ដែលមានកំណើតតាំងពីឆ្នាំ១៩៩៣នៅក្នុងប្រទេសកម្ពុជា បានវិវត្តខ្លួនមកជាកម្មវិធីផ្សាយទូរទស្សន៍អនឡាញ ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅពេលបច្ចុប្បន្ននេះ៕









