អ្នកជំនាញ​​ព្រមាន​ពី​ហានិភ័យ ខណៈ​កម្ពុជា​បន្ត​ធ្វើ​​សម​យុទ្ធ​យោធា​ជាមួយ​ចិន តែ​បដិសេធ​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​សេរី​

សមយុទ្ធយោធា «លំហាត់នាគមាសកម្ពុជា-ចិន ២០១៨»។ រូបភាព៖ វេបសាយ ក្រសួងការពារជាតិ

អ្នកជំនាញកិច្ចការបរទេស បានលើកឡើងថា ការធ្វើសមយុទ្ធយោធាកម្ពុជា-ចិន​ជាបន្តបន្ទាប់ ដោយទាត់ចោលសមយុទ្ធយោធាជាមួយប្រទេសលោកខាងលិច គឺជាបញ្ហាប្រឈម ហើយ​ថា កម្ពុជានឹងត្រូវបានសហគមន៍អន្តរជាតិ ​មើលឃើញកាន់តែច្បាស់អំពីទំនោរទៅរកចិន ទាំងមនោគមន៍វិជ្ជា និងវិស័យយោធា។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​ឱ្យ​ដឹង​ថា សមយុទ្ធ​យោធា​កម្ពុជា​-​ចិន ដែលមានឈ្មោះថា «នាគ​មាស»​ ​ឆ្នាំនេះ មាន​កងទ័ព​​ចិន​ចូលរួម​សរុ​បជាង ២៥០​នាក់ ខណៈ​កម្ពុជា​មានកម្លាំងចូលរួម​ជាង ២​ពាន់នាក់។  លោកបញ្ជាក់ថា សមយុទ្ធយោធានេះ នឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី១៣ ខែ​មីនា រហូតដល់ថ្ងៃទី​២៧ ខែ​មីនា មិនមែនចាប់ផ្តើមពីថ្ងៃនេះ ដូចការចុះផ្សាយមួយចំនួនឡើយ។

លោក ឈុំ សុជាតិ ​​ថា សមយុទ្ធ​យោធា​នេះមានគោលបំណង​ផ្លាស់ប្ដូរ​បទពិសោធន៍រវាងកងទ័ពទាំងពីរ ​លើ​កិច្ចការ​មនុស្សធម៌ ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការ​ប្រឆាំង​ភេរវកម្ម និង​ការ​រក្សា​សន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

អ្នកជំនាញគោលនយោបាយ​ និងជាសាស្ដ្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មើលឃើញថា ការធ្វើលំហាត់យោធាជាមួយប្រទេសកុម្មុយនីស្តចិនពេលនេះជារឿងមួយល្អ ប៉ុន្តែ ​លោកជំរុញឱ្យកម្ពុជាគួរតែធ្វើសមយុទ្ធយោធាបែបនេះ ជាមួយបណ្តាប្រទេសផ្សេងទៀតដែលប្រកាន់លទ្ធិ​ប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សល្អផងដែរ ​។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ បាន​អះ​អាង​ថា កម្ពុជាមិនបានបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយប្រទេសលោកខាងលិចទេ ពិសេសហរដ្ឋអាមេរិក ដោយថា ពេលណាមួយសមស្រប កម្ពុជានឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកឡើងវិញផងដែរ។

លោកបន្ថែមថា៖ «អីចឹង យើងក៏ផ្អាកការងារជាមួយអាមេរិកាំងសិន។ យើងមិនមែនឈប់ទេ តែយើងផ្អាក។ ពេលវេលាសមស្របណាមួយ យើងនឹងធ្វើទៀត។ អាហ្នឹង វាអាស្រ័យលើ​ការពិភាក្សាគ្នារវាងក្រសួងការពារប្រទេសទាំងពីរទៀត»

នៅចុងខែនេះ កូនប្រុសច្បងលោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ផង​នោះ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីយោធារបស់ខ្លួនទៅបំពេញទស្សនៈកិច្ចរយៈពេល ៥​ថ្ងៃនៅប្រទេសចិន។

លោក ឈុំ សុជាតិ បញ្ជាក់ថា ​ក្នុងដំណើរទស្សនៈកិច្ចនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ​បានប្រកាស​ជាថ្មី​ថា ក្នុងសម័យកាលដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង និង​លោកនាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន បានធ្វើឱ្យទំនាក់ទំនងមិត្តភាព​កម្ពុជា-​ចិន ​ឈានដល់ចំណុចកំពូល ហើយភាគី​ចិនក៏​ប្រកាស​គាំទ្រ​យ៉ាង​រឹងមាំ និងគ្រប់ជ្រុងជ្រោយ​ដល់​​កម្ពុជាដែរ​។

​អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ចិន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត និងយោធាជាដើមនោះ ជារឿងល្អមួយ។

ប៉ុន្តែ លោកបង្ហាញ​ក្ដី​បារម្ភថា ការធ្វើសមយុទ្ធយោធាតែជាមួយចិន ហើយទាត់ចោលប្រទេសលោកខាងលិច ធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញកាន់តែច្បាស់អំពីឥរិយាបថរបស់កម្ពុជាថា កាន់តែបោះពួយខ្លាំងទៅរកចិន។

លោកបន្តថា៖ «អានេះជាហេតុផលមួយដែលកម្ពុជាគួរបង្ហាញជំហរ បង្ហាញភាពតម្លាភាព ដើម្បីរក្សាចំណងទាក់ទងការទូត និងចំណងវិស័យ​យោធា និងសេដ្ឋកិច្ចហ្នឹង ជាមួយបណ្តាប្រទេសទាំងអស់ មិនផ្តោតតែទៅលើចិនមួយទេ ព្រោះយើងមើលអំពីមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ គឺត្រូវការគាំទ្រពីប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបហ្នឹងខ្លាំង។ ទីផ្សារសេដ្ឋកិច្ចកម្ពុជាយើងនាំទំនិញទៅសហគមន៍អឺរ៉ុប ហើយនិងសហរដ្ឋអាមេរិកហ្នឹងច្រើន»

សម​យុទ្ធ​យោធា «នាគមាស» ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​លំហាត់​យោធា​នានា និង​ការ​បាញ់​គ្រាប់​ពិត​ផង​នោះ ត្រូវ​បាន​រៀបចំ​រួម​គ្នា​ដោយ​យោធា​កម្ពុជា និង​ចិន​​ចំនួន ៣​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​កន្លង​មក។

កាលពីដើមឆ្នាំ២០១៧ កម្ពុជាបានសម្រេចផ្អាកសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ​«ឆ្មាំអង្គរ» ដែលធ្លាប់តែធ្វើរួមគ្នា៧ឆ្នាំរួចមកហើយ។

មួយខែក្រោយមក កម្ពុជាក៏បានសម្រេចផ្អាកសមយុទ្ធយោធាជាមួយប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា «ដោនគោព្រៃ» ផងដែរ ក្រោមហេតុផលដូចគ្នាថា កម្ពុជាត្រូវត្រៀមខ្លួនរក្សា​សណ្តាប់ធ្នាប់សាធារណៈក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ និងចូលរួមយុទ្ធនា​ការ​បោស​​សម្អាត​គ្រឿងញៀនរបស់រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ