ក្រសួងយុត្តិធម៌៖ ចៅក្រមស៊ើបសួរអាចស៊ើបអង្កេតសំណុំរឿងលោក កឹម សុខា ដោយគ្មានពេលកំណត់

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ក្រសួងយត្តិធម៌អះអាងថា ចៅក្រមស៊ើបសួរអាចបន្ដនីតិវិធីស៊ើបអង្កេតរបស់ខ្លួនដោយគ្មានកាលកំណត់នោះទេ នៅក្នុងសំណុំរឿង «ក្បត់ជាតិ» ប្រឆាំងលោក កឹម សុខា បើទោះបីជាការស៊ើបអង្កេតនេះប្រើពេលអស់ជាង ១ឆ្នាំហើយក្ដី។

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញ អតីតគណបក្សសង្គ្រោះជាតិបានទាមទារជាថ្មីម្ដងទៀតឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវបានគេចាប់ឃុំឃាំង «ទាំងអយុត្តិធម៌» អស់រយៈពេល ១៨ខែមកហើយ គិតត្រឹមថ្ងៃទី៣ ខែមីនាម្សិលមិញនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ អតីតគណបក្សសង្គ្រោះជាតិក៏ស្នើសុំឲ្យសហគមន៍អន្ដរជាតិចាត់វិធានការបន្ថែមទៀត ដើម្បីជម្រុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ងាកមកស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។

ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន ប្រាប់ VOD នៅថ្ងៃនេះថា ចៅក្រមស៊ើបសួរកំពុងបន្ដនីតិវិធីរបស់ខ្លួននៅក្នុងសំណុំរឿងនេះ។

លោកបន្ដថា៖ «កំពុងចំណាត់ការនីតិវិធីរបស់គាត់។ អត់ដឹងទេ ចាំមើល​កម្រិតប៉ុណ្ណា ចាំមើលសិន ចាំមើលខ្ញុំទាក់ទងទៅគាត់តិចសិន»។

អ្នកនាំពាក្យក្រសួងយុត្ដិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្នុងករណីដែលលោក កឹម សុខា ត្រូវបានគេដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គឺចៅក្រមស៊ើបសួរ អាចបន្ដនីតិវិធីស៊ើបអង្កេតរបស់ខ្លួនបានដោយមិនមានរយៈពេលកំណត់ ដោយផ្អែកតាមការចាំបាច់ និងភាពស្មុគស្មាញនៃសំណុំរឿងមួយនេះ។

ប៉ុន្ដែ លោកមិនអាចបញ្ជាក់បានទេថា តើ​ចៅក្រមស៊ើបសួរត្រូវការពេលវេលាប៉ុន្មានទៀត ដើម្បីបញ្ចប់នីតិវិធីរបស់ខ្លួននោះ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបភាព៖ ជន ចាន់រ៉ែន

លោកបន្ដថា៖ «ប៉ុន្ដែ លោក កឹម សុខា នីតិវិធីច្បាប់អត់ស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នទេ គឺនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នីតិវិធីនេះ បានន័យថា មិនមានរយៈពេលកំណត់ទេ បានន័យថា ចៅក្រមស៊ើបសួរកំពុងដំណើរការនីតិវិធីស៊ើបសួរ។ កាលណាគេសាកសួរចប់ពេលណា គេរុញទៅសវនការ។ អញ្ចឹងរយៈពេលនេះ មិនមានពេលកំណត់ទេ។ ការស៊ើប យើងមិនអាចកំណត់បានទេ វាអាស្រ័យទៅលើភាពស្មុគស្មាញនៃសំណុំរឿង»។   

មេធាវីម្នាក់ដែលការពារក្ដីឲ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី មានប្រសាសន៍ថា ឆ្លងតាមការស៊ើបអង្កេតជាង ១៨ខែមកនេះ ចៅក្រមស៊ើបសួរនៅតែមិនទាន់អាចបង្ហាញភស្ដុតាងណាមួយបញ្ជាក់ថា លោក កឹម សុខា បានឃុបឃិតជាមួយបរទេសនោះទេ។

មេធាវីរូបនេះបន្ដថា ទោះបីជាច្បាប់កម្ពុជាមិនបានកំណត់អំពីថិរវេលានៃដំណើរការស៊ើបអង្កេតក្នុងករណីនេះក៏ដោយ ប៉ុន្ដែ អ្នកស្រីថា ភាគីពាក់ព័ន្ធអាចដាក់ស្នើសុំដើម្បីបិទបញ្ចប់នីតិវិធីស៊ើបសួរនេះ។

លោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា

អ្នកស្រីបន្ដថា៖ «ករណីជនត្រូវចោទមិនស្ថិតនៅក្រោមការឃុំខ្លួនទេ ការស៊ើបអង្កេត គឺនៅក្នុងច្បាប់របស់យើងអត់មានកំណត់ថា តើ​ត្រូវបិទការស៊ើបសួរនៅពេលណានោះទេ ក៏ប៉ុន្ដែ មានមាត្រាមួយក៏បានចែងផងដែរថា បើសិនជាការស៊ើបអង្កេតហ្នឹងរយៈពេល ១ឆ្នាំកន្លងផុតទៅហើយ ភាគីពាក់ព័ន្ធមានសិទ្ធិស្នើសុំឲ្យចៅក្រមស៊ើបសួរបិទការស៊ើបអង្កេតបាន […] ការបិទការស៊ើបសួរនេះ វាមានចេញជាលទ្ធផលដូចជា ចៅក្រមស៊ើបសួរអាចេញដីកាដំណោះស្រាយថា តើបញ្ជូនទៅជម្រះ ឬលើកលែងបទចោទ»។

នៅ​ក្នុង​ពិធី​មួយ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជាសាធារណៈ​ថា លោក​នឹង​មិន​ដោះ​លែង ឬ​លើក​លែង​ទោស​ដល់​នរណា​នោះ​ឡើយ ហើយ​លោក​ក៏​បញ្ជាក់​ផង​ដែរ​ថា នឹង​មិន​មាន​ការ​សម្រប​សម្រួល​នយោបាយ​ផង​ដែរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ FN

លោក ហ៊ុន សែន ថ្លែងថា៖ «រាជរដ្ឋាភិបាលបានខិតខំបើកទ្វារសម្រាប់អស់លោកអ្នក ប៉ុន្ដែរឿងអស់លោកចូល ឬមិនចូលជារឿងរបស់អស់លោកអ្នក។ ហើយអស់លោកអ្នកកុំសង្ឃឹមថា នឹងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់ចំពោះអ្នកណានោះទេ […] ហើយកុំរងចាំថា នឹងមានការសម្របសម្រួលនយោបាយ នេះមិនមែនជារឿងនយោបាយទេ តែជារឿងផ្លូវច្បាប់។ តុលាការត្រូវកាត់ទោសជនដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសំណាក់តុលាការជាបន្ដ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ដំណើរការក្ដីប្រឆាំងនឹងលោក កឹម សុខា បានប៉ះពាល់ដល់កិត្ដិយស និងសិទ្ធិសេរីភាពរបស់លោក ក្នុងនាមជាអ្នកនយោបាយមួយរូប។

លោកយល់ថា ការ​ថ្លែង​របស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏អាចមានឥទ្ធិពលលើ​ការសម្រេចចិត្តរបស់តុលាការផងដែរ ដោយលោកថា ស្ថាប័នមួយនេះនៅមិនទាន់អាចធានាឯករាជ្យរបស់ខ្លួនបាននៅឡើយ។

លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក

លោកបន្ដថា៖ «ប៉ុន្ដែ ជាទូទៅ យើងតែងកត់សម្គាល់ថា អំណាចនេះមិនមានភាពឯករាជ្យ ឬអព្យាក្រឹត្យក្នុងការបំពេញតួនាទីទេ ដោយសារតែស្ថាប័នេះហាក់ដូចជាគ្មានទំនុកចិត្ត ដោយសារតែជាប់ពាក់ព័ន្ធនឹងបម្រើនិន្នាការនយោបាយ ហើយអ្នកនយោបាយមានឥទ្ធិពលដឹកនាំប្រទេសទៅទៀត ហើយមានប្រសាសន៍បែបនេះ វាធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកជាចៅក្រម ឬតុលាការហ្នឹង គាត់ពិបាកក្នុងការសម្រេចចិត្ត»។

កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

មិនប៉ុន្មានថ្ងៃក្រោយចំណាត់ការរបស់អឺរ៉ុបនេះ សហរដ្ឋអាមេរិក​ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ​បានបង្ហោះរូបរបស់អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដោយអះអាងថា លោកត្រូវបានគេចាប់ឃុំឃាំងជាង១ឆ្នាំ ដោយ «អយុត្តិធម៌» និងគ្មានភស្ដុតាងណាមួយសោះ។

ប៉ុន្ដែ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍សម្ដែងនូវការខកចិត្ត ដោយចាត់ទុកសកម្មភាពនេះ ថា «មិនមានលក្ខណៈការទូត» និង «មិនគោរពអធិបតេយ្យរបស់កម្ពុជា»។

ចំណែក ក្រសួងយុត្ដិធម៌ក៏បានចេញមុខបកស្រាយករណីនេះផងដែរថា លោក​ កឹម​ សុខា ​ត្រូវព្រះរា​ជអាជ្ញា​ដោះ​​លែងឲ្យនៅ​​ក្រៅឃុំ​ តាំ​ង​​ពី៦​ខែមុនមក​ម៉្លេះ ពោលគឺនៅពេលលោកត្រូវបានគេផ្ទេរពីការជាប់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកជាការជាប់ឃុំនៅក្នុងផ្ទះវិញ កាលពីខែកញ្ញា ឆ្នាំ២០១៨នោះ។  

លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនទាំងយប់​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទថា បានឃុប​ឃិត​ជាមួយ​ស​ហរដ្ឋ​អាមេរិក ​ចង់ផ្តួលរំលំរដ្ឋាភិបាល។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​នៅ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់ព្រំដែនវៀតណាម​អស់​រយៈ​ពេល​ជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួនក្នុងផ្ទះវិញ នៅរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ