តុលាការកំពូលនៅថ្ងៃនេះ បានច្រានចោលទាំងស្រុងចំពោះការឡើងរបស់ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជុំវិញបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ ដោយថាគ្មានមូលដ្ឋានច្បាប់ និងជាការចោទប្រកាន់មកអាជ្ញាធរខេត្ត និងតុលាការទាំងបំពាន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូលនៅថ្ងៃនេះ បានបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ William Guang មិនបានពន្យល់ សាលដីកាខុសច្បាប់នោះ នៅកន្លែងណា ហើយខុសព្រោះអ្វីនោះទេ។ ផ្ទុយទៅវិញ សាលដីកាកំពូលរហូតមកដល់ពេលនេះ នៅតែមានតម្លៃគតិយុត្តិ ពីព្រោះមិនទាន់មានស្ថាប័ន ឬ សមត្ថកិច្ចណាបដិសេធ ឬ ទុកជាមោឃៈឡើយ។
តុលាការកំពូល ថា លោក William Guang អត់មានសំអាងហេតុផលឬពន្យល់អ្វីទាំងអស់ ផ្ទុយទៅវិញសេចក្តីសម្រេចរបស់តុលាការទាំងបីថ្នាក់ មានសមាសភាពចៅក្រមសរុបរហូតដល់១៣នាក់ និងជាចៅក្រមអាជីព។
សេចក្តីជូនដំណឹងដដែល ក៏បានហៅម្ចាស់ទំព័រហ្វេសប៊ុកមួយនេះថា៖ «បានចោទប្រកាន់ដោយអសុទ្ធចិត្ត ព្រមទាំងធ្វើការផ្សព្វផ្សាយជាសាធារណៈ ដោយបំភាន់ ញុះញង់ ក្នុងគោលបំណងធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ពីព្រោះថាដីដែលជាកម្មវត្ថុនៃវិវាទគឺជាដីបានមកពីការទិញ-លក់ ហើយក្រសួងមានសមត្ថកិច្ចបានចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុឱ្យទៀតផង មិនមែនជាដីរដ្ឋនោះទេ។ ចំណែកតុលាការគ្រាន់តែជាអ្នកអនុវត្តតួនាទីរបស់ខ្លួន ដើម្បីផ្តល់យុត្តិធម៌ឱ្យគូភាគី នៅពេលមានបណ្តឹងស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ប៉ុណ្ណោះ»។
កាលពីថ្ងៃទី ២ មីនា ទំព័រហ្វេសប៊ុកឈ្មោះ William Guang ដែលគេដឹងថាជា ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារថា អភិបាលខេត្តព្រះសីហនុ ថ្លើមធំពាសមេឃ មើលងាយអនុសាសន៍ណែនាំរបស់ លោក ហ៊ុន សែន ហ៊ានចេញលិខិតអនុញ្ញាតអោយឈូសឆាយធ្វើរបងលើដីទំនាស់ នៅភូមិគគីដែលជាដីរបស់រដ្ឋ។
លោក បន្តថា តុលាការបានចេញសេចក្ដីសម្រេចទាំងខុសបែបបទគតិយុត្តិ ហើយ លោក យន្ត មីន កំពុងបំពានលើមតិណែនាំរបស់លោក ហ៊ុន សែន និងបំពានលើសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មទៀតផង ។
ទំព័រហ្វេសប៊ុកដដែលនោះបន្តថា ៖«លិខិតរបស់លោក យន្ត មីន ធ្វើមុន មួយថ្ងៃ នៃការប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជាមួយសម្តេចតេជោ ស្របពេលលោកនាយករដ្ឋមន្ត្រី បានបញ្ជាអោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សើរើឡើងវិញហើយចំពោះបញ្ហាដីធ្លីនេះ។ លោកថា ជនពាក់ព័ន្ធផលប្រយោជន៍លើការ យកដីរដ្ឋមកកាត់ក្ដីចែកឯកជន គឺមិនរួចខ្លួនទេ ដីនេះជាដីរដ្ឋ ម្ដេចអោយឯកជនទៅបោះរបងវិញ ?
យោងលិខិតនេះ ខ្ញុំនិងធ្វើ របាយការណ៍ដាក់ជូនសម្ដេចភ្លាមអោយលោកមានវិធានការចំពោះអភិបាលខេត្តព្រហើនរូបនេះ»។
កាលពីថ្ងៃទី២៤ ខែមករាកន្លងមក ពលរដ្ឋ ៣នាក់ បានរងរបួស ក្នុងនោះបុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរងគ្រាប់កាំភ្លើងបាញ់ចំឆ្អឹងខ្នង ហើយពលរដ្ឋ ៤នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងការបង្ក្រាបដ៏ហិង្សានៅលើអ្នកភូមិប្រហែល ៣០០នាក់ ដែលជំទាស់នឹងសមត្ថកិច្ចចម្រុះ ដែលបានចុះទៅអនុវត្តសាលដីការរបស់តុលាការកំពូល។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក ហ៊ុន សែន បានសម្រេចដកអភិបាលរងខេត្តព្រះសីហនុពីររូប ដែលមាន លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ចេញពីតំណែង បន្ទាប់ពីបានចូលរួមដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបយ៉ាងហិង្សាលើពលរដ្ឋមានជម្លោះដីធ្លីនេះ៕









