រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ RCEP និងជួយដល់កម្ពុជាមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ឈប់ពឹងផ្អែកតែលើទីផ្សារអឺរ៉ុប និងអាមេរិក។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសអាស៊ី និងអូស្ត្រាលី៦ផ្សេងទៀត ដែលមានដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា នូវែលហ្សេឡង់ និងអូស្ត្រាលី។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BTV ដែលត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសិក្កិ បានលើកឡើងថា កម្ពុជាបច្ចុប្បន្នមានលទ្ធភាពគ្រប់គ្រាន់ហើយលើវិស័យពាណិជ្ជកម្មរបស់ខ្លួន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់នេះនឹងធ្វើឲ្យកម្ពុជាកាន់តែរឹងមាំបន្ថែមទៀត បើទោះបីគ្មានការអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិកក៏ដោយ។
លោកថា៖ « កិច្ចព្រមព្រៀងនេះគឺពហុភាគី ដូច្នេះ គឺទៅវិញទៅមក ហ្នឹងហើយដែលយើងត្រូវការពីឥឡូវទៅអនាគត។ យើងអត់ត្រូវការគេឲ្យយើងជាឯកតោភាគីទេ ព្រោះប្រទេសយើងអភិវឌ្ឍបានគ្រប់គ្រាន់ហើយ យើងមានផលិតផលដើម មានផលិតផលកែច្នៃ ហើយនិងហេដ្ឋារចនាសម្ព័ន្ធហើយ » ។
តាមការព្រាងទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ អាចនឹងសម្រេចលទ្ធផលជាផ្លូវការនាចុងឆ្នាំ២០១៩នេះ។
អ្នកវិភាគសេដ្ឋកិច្ច លោក យ៉ង ប៉ាក់ មានប្រសាសន៍គាំទ្រចំពោះការវិវត្តថ្មីនេះ តែលោកថា កម្ពុជានៅមិនទាន់អាចផ្ដាច់ខ្លួនចេញពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកបាននោះទេ ដោយសារតម្លៃផលិតរបស់កម្ពុជានៅមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាននៅឡើយ។
លោកថា៖ « អត់យកពន្ធ តែយើងត្រូវប្រកួតប្រជែងតម្លៃម្ដង! តម្លៃរបស់យើងត្រូវប្រកួតជាមួយថៃ ជាមួយវៀតណាម ជាមួយភូមា អីអញ្ចឹងទៅ។ យើងត្រូវប្រកួតប្រជែងស្មើភាពគ្នាគ្រាន់ថា មានការអនុគ្រោះពន្ធចូលក្នុងអាស៊ី តែមិនមែនមានតែយើងម្នាក់ទេ។ […] ភ្លាមៗយើងអត់ទីផ្សារអឺរ៉ុប នៅមិនទាន់អាចនៅឡើយទេ! យើងត្រូវការពេលយ៉ាងហោចណាស់ក៏ប្រាំឆ្នាំ ទៅដប់ឆ្នាំទៀតដែរសម្រាប់ត្រៀមខ្លួនក្នុងការរៀបចំទីផ្សាររបស់យើងយកជម្រើសផ្សេង » ។
ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអន្តរជាតិក្នុងឆ្នាំ២០១៨ មានទំហំជិត២ម៉ឺន៥ពាន់លានដុល្លារ កើនឡើងប្រមាណ២ពាន់៥រយលានដុល្លារ ក្នុងនោះទំហំពាណិជ្ជកម្មជាមួយប្រទេសចិនមានប្រមាណ ៥,៦ពាន់លានដុល្លារ អឺរ៉ុបជិត ៥ពាន់លានដុល្លារ និងសហរដ្ឋអាមេរិកជាង ៣,៣ពាន់លានដុល្លារ៕









